ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បើកទទួលភ្ញៀវទេសចរជាបណ្ដោះអាសន្ន
កាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងមកនេះ ក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត (K.I.T.P DEVELOPMENT-CO,LTD) ដែលជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាល បានចាប់ផ្ដើមបើកដំណើរការសាកល្បងសេវាកម្មរបស់ខ្លួនហើយ ដោយមានការចូលរួមពិនិត្យ និងវាយតម្លៃលើការរៀបចំពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

កំពង់ផែទេសចរណ៍អន្តជាតិខេត្តកំពត បានចាប់ផ្ដើមបើកប្រតិបត្តិការបណ្ដោះអាសន្នសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរតាមផ្លូវទឹក ដែល លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោករដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ឲ្យដឹងថា ការត្រៀមលក្ខណៈរបស់ក្រុមហ៊ុនបានរៀបរយល្អ នឹងស្នើសុំគោលការណ៍អញ្ជើញ សម្ដេចអធិបតី ដើម្បីមកសម្ពោធបើកជាផ្លូវការនាពេលឆាប់ៗ។

លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាការតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់ ពីខេត្តព្រះសីហនុ ខេត្តកែប កោះត្រល់ប្រទេសវៀតណាម និងប្រទេសថៃ ដែលអាចឲ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។ ក្នុងដំណើរចុះពិនិត្យថ្ងៃនេះ ឃើញថា ក្រុមហ៊ុនបានរៀបចំឲ្យមានគ្រប់ជំនាញគ្រប់គ្រាន់ ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសប្បាយរីករាយជូនដល់អ្នកធ្វើដំណើរ។ ជាមួយនេះ លោក និងលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងស្នើសុំគោលការណ៍ទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីរៀបចំពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការកំពង់ផែនេះក្នុងពេលឆាប់ៗ។

លោក ហួត ហាក់ បានបញ្ជាក់ថា សមិទ្ធផលកំពង់ផែទេសចរណ៍អន្តរជាតិ ជាផ្លែផ្កាមួយដែលបានដុះដាលនៅក្រោមដំបូល នៃសុខសន្តិភាព។ បើតាមការចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព នៃការសាងសង់ និងរៀបចំកំពង់ផែ ឃើញថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ និងរៀបចំបានល្អ ដែលអាចបើកទទួលភ្ញៀវជាបណ្ដោះអាសន្នបាន។

លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កំពង់ផែនេះ នឹងជំរុញដល់លំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកាន់ខេត្តកំពត ក៏ដូចជាកម្ពុជា តាមផ្លូវទឹកច្រើនបន្ថែមទៀត ពិសេសទាក់ទាញគ្រុបធួរធំៗ ពីបណ្តាប្រទេសក្នុងតំបន់ ជាពិសេស វៀតណាម និងថៃ។

តំណាងក្រុមហ៊ុន អេហ្សិតគ្រុប មានប្រសាសន៍ថា ឆ្លងកាត់ការខិតខំយ៉ាងខ្លាំងរបស់ក្រុមការងាររបស់លោកជាងបួនប្រាំខែ ទើបអាចរៀបចំការបើកដំណើរការប្រតិបត្តិការបណ្ដោះអាសន្ននាពេលនេះ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ពិសេសបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជា ជាមួយប្រទេសដទៃ តាមប្រព័ន្ធផ្លូវទឹក។

នាឱកាសនោះដែរ លោក ប៉េង ពោធិ៍នា បានទទួលស្វាគមន៍ទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ១០០ នាក់ ដែលជាភ្ញៀវបន្តដំណើរពីកោះត្រល់ ប្រទេសវៀតណាម មកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជើងដំបូង ហើយបន្តទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ។

គួរជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សាងសង់លើផ្ទៃដី ៤ ហិតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ ២០១៨ កន្លងទៅ និងសម្រេចរួចរាល់នាចុងឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១ លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕
អត្ថបទ ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ