ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អភិវឌ្ឍមីស៊ីលអន្តរទ្វីបថ្មីដ៏មានអនុភាព, គេសង្ស័យថា ជាការត្រៀមធ្វើសង្គ្រាមជាមួយ ណាតូ
ប្រទេសរុស្ស៊ី បានប្រកាសពីការអភិវឌ្ឍប្រព័ន្ធមីស៊ីលអន្តរទ្វីបថ្មីដ៏មានឥទ្ធិពល ដែលខ្លាំងដូចមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik អ៊ីចឹង ហើយការបង្កើនសមត្ថភាពកងកម្លាំងមីស៊ីលនេះ ត្រូវបានក្រុមអ្នកជំនាញសង្ស័យថា ជាការត្រៀមខ្លួន សម្រាប់សង្គ្រាមជាមួយអង្គការណាតូ។
ការអភិវឌ្ឍប្រព័ន្ធមីស៊ីលថ្មីដ៏មានអនុភាពនេះ ត្រូវបានប្រកាសដោយឧត្តមសេនីយ៍ផ្កាយ៣ Sergey Karakaev មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ (SMF) កាលពីថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤ ដែលជាខួប៦៥ឆ្នាំនៃការបង្កើត SMF។
តាមការចុះផ្សាយរបស់ RT, លោក Karakaev អះអាងថា មីស៊ីលថ្មីនេះ មិនអន់ជាង Avangard និង Oreshnik ទេ។ វាសុទ្ធតែអាចបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលគ្មានប្រព័ន្ធការពារមីស៊ីលណា អាចបញ្ឈប់បាន។ បច្ចុប្បន្នមីស៊ីលថ្មី កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ ហើយអាចសម្រេចរួចរាល់និងដាក់ឲ្យធ្វើប្រតិបត្តិការ ក្នុងពេលឆាប់ៗ។
រឿងនេះ កំពុងបង្កជាក្តីបារម្ភ ខណៈក្រុមអ្នកវិភាគអន្តរជាតិ ដាក់ការសង្ស័យថា វាអាចជាការរៀបជើងព្រួលរបស់រុស្ស៊ី ដើម្បីបង្កើនកម្លាំង មុនពេលសង្គ្រាមជាមួយលោកខាងលិច អាចនឹងផ្ទុះឡើងនាពេលណាមួយ។
សេចក្តីប្រកាសនេះកើតឡើង មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អះអាងថា ប្រព័ន្ធមីស៊ីលលឿនជាងសំឡេង Oreshnik ថ្មីរបស់រុស្ស៊ី គឺជាអាវុធដ៏សំខាន់ ទុកឆ្លើយតបទៅអាមេរិក បើហ៊ានដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅអឺរ៉ុបខាងលិចមែន។
ការប្រកាសនេះទៀតសោត កើតឡើងក្រោយពេល រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អាន់ដ្រេ បេលូសូហ្វ អំពាវនាវឲ្យប្រទេសត្រូវត្រៀមខ្លួនចំពោះសង្គ្រាមដោយផ្ទាល់ជាមួយអង្គការណាតូ ដែលអាចផ្ទុះឡើងនៅរយៈពេល១០ឆ្នាំខាងមុខ។
ក្នុងជំនួបជាមួយក្រុមមន្ត្រីកំពូលៗនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ លោកព្រមានថា ជម្លោះរវាងទីក្រុងមូស្គូនិងសហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ នៅតែបន្តក្នុងទ្រង់ទ្រាយធំទៅៗ។ ដូច្នេះក្នុងលក្ខខណ្ឌបែបនេះ គោលដៅធំដែលក្រសួងការពារជាតិត្រូវធានាឲ្យបាន នោះគឺត្រូវត្រៀមខ្លួនឲ្យបានពេញលក្ខណៈសម្រាប់ការវិវត្តនៃស្ថានភាពដ៏អាក្រក់។
ចំណែកកាលពីសប្តាហ៍មុន ប្រមុខអង្គការណាតូលោក Mark Rutte ក៏ព្រមានឲ្យរដ្ឋជាសមាជិកទាំងអស់ ត្រូវត្រៀមខ្លួនចំពោះការផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ដែលអាចកើតឡើងក្នុងរយៈពេលពី៤ទៅ៥ឆ្នាំទៀត ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន