ព័ត៌មានជាតិ
មកដឹងពីទ្រព្យសម្បត្តិរបស់អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad
ក្រោយរបបផ្ដាច់ការរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ (Bashar al-Assad) បានដួលរលំនៅដើមខែធ្នូនេះ កាសែត Financial Times បានរាយការណ៍ដោយដកស្រង់កំណត់ត្រាហិរញ្ញវត្ថុថា លោកបានដឹកជញ្ជូនលុយសុទ្ធសរុប ២៥០ លានដុល្លារ ទៅកាន់ក្រុងមូស្គូនៃប្រទេសរុស្ស៊ី ចន្លោះពីឆ្នាំ ២០១៨-២០១៩។
Financial Times ថា ធនាគារកណ្តាលស៊ីរីដឹកក្រដាសប្រាក់ទម្ងន់ជិត ២ តោន ដែលក្នុងនោះរួមក្រដាសប្រាក់ ១០០ ដុល្លារអាមេរិក និង ៥០០ អឺរ៉ូ ទៅរុស្ស៊ី ហើយក្រោយមកតម្កល់ប្រាក់ទាំងនោះនៅក្នុងធនាគាររុស្ស៊ី ដែលរងទណ្ឌកម្មរបស់លោកខាងលិច។
ការដឹកជញ្ជូនប្រាក់នេះ បានកើតឡើងចំពេលដែលស៊ីរីជំពាក់បំណុលរុស្ស៊ីវ័ណ្ឌក ក្រោយពេលរុស្ស៊ីបញ្ជូនទ័ពដើម្បីការពាររដ្ឋាភិបាលរបស់លោក Assad ខណៈសាច់ញាតិរបស់លោកទិញទ្រព្យសម្បត្តិប្រណិតៗ រួមទាំងអចលនទ្រព្យ នៅក្នុងប្រទេសរុស្ស៊ី។
នេះគ្រាន់តែជាសេចក្ដីរាយការណ៍ចុងក្រោយប៉ុណ្ណោះ។ គេមើលឃើញថា ក្រោយពេលលោក Assad ត្រូវបានផ្ដួលរំលំ ហើយនិរទេសខ្លួនទៅរុស្ស៊ីនៅដើមខែធ្នូនេះ មានការរាយការណ៍ និងការសើរើព្រោងព្រាត ស្ដីពីទ្រព្យសម្បត្តិរបស់លោក ក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិ ដែលសរុបជាទឹកប្រាក់រាប់ពាន់លានដុល្លារ។
គិតមកត្រឹមពេលដែលលោក Assad រត់ចោលស្រុក គេមិនដឹងថាទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារត្រកូល Assad មានប៉ុន្មានឱ្យប្រាកដជាក់លាក់នោះទេ ខណៈការប៉ាន់ស្មានជាច្រើនត្រូវបានធ្វើឡើង ដោយផ្អែកលើទិន្នន័យរៀងៗខ្លួន។
យ៉ាងណាមិញ របាយការណ៍ពីក្រសួងការបទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ បានប៉ាន់ប្រមាណថា អាជីវកម្ម និងទ្រព្យសម្បត្តិដែលមានទំនាក់ទំនងជាមួយត្រកូល Assad អាចមានតម្លៃសរុបច្រើនបំផុតដល់ ១២ ប៊ីលានដុល្លារ និងទាបបំផុតយ៉ាងហោចណាស់ ១ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal។
របាយការណ៍របស់ក្រសួងការបទេសដដែល បានគូសជាលម្អិតផងដែរថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Assad និងប្រពន្ធរបស់លោក គឺលោកស្រី Assad Asma ទំនងជាមានចន្លោះពី ១-២ ប៊ីលានដុល្លារ។ គ្រួសាររបស់លោកកាន់កាប់អចលនទ្រព្យនៅទីក្រុងឌូបៃ (អារ៉ាប់រួម) មូស្គូ (រុស្ស៊ី) និងឡុងដ៍ (ចក្រភពអង់គ្លេស) និងមានគណនីធនាគារសម្ងាត់រាប់សិប រួមទាំងគណនីធនាគារប្រាក់ ៥០ លានដុល្លារនៅក្រុងឡុងដ៍ ដែលអាជ្ញាធរអង់គ្លេសបានបង្កក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ DW។
បើតាម DW ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលក្រសួងការបរទេសអាមេរិកប៉ាន់ស្មាន ទំនងគ្រាន់តែជាផ្នែកតូចមួយនៃទ្រព្យសម្បត្តិគ្រួសាររបស់លោក Assad ប៉ុណ្ណោះ។ ការប៉ាន់ស្មានខ្លះ បានចង្អុលបង្ហាញថា ត្រកូល Assad មានមាស ២០០ តោន និងទ្រព្យសម្បត្តិតម្លៃប្រហែល ២២ ប៊ីលានដុល្លារ ជាមួយនឹងបណ្ដាញជំនួញទាំងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា។ ការប៉ាន់ស្មានផ្សេងៗទៀត បានលើកឡើងថា បូករួមទាំងបណ្តាញទ្រព្យសម្បត្តិលាក់កំបាំងទាំងអស់របស់លោក Assad វាអាចមានរហូតដល់ទៅ ១២២ ប៊ីលានដុល្លារ។
ទោះបីជាការប៉ាន់ស្មានទាំងអស់នេះ មានទំហំខុសគ្នាខ្លាំងក៏ដោយ ក៏ប៉ុន្តែភស្តុតាង និងព័ត៌មានមួយចំនួនស្ដីពីប្រាក់ និងទ្រព្យសម្បត្តិដែលអាជ្ញាធរបរទេសរឹបអូសឬបង្កកទុក ក្នុងករណីពាក់ព័ន្ធនឹងសាច់ញាតិបងប្អូនរបស់លោក Assad សុទ្ធតែបង្ហាញថាពីចំនួនដ៏មហាសាលរួចទៅហើយ។
ជាឧទាហរណ៍ លោក Rami Makhlouf ដែលជាបងប្អូនជីដូនមួយរបស់លោក Assad និងត្រូវបានគេចាត់ទុកថាជាអ្នកមានបំផុតមួយនៅស៊ីរី ទំនងមានទ្រព្យសម្បត្តិចន្លោះពី ៥-១០ ប៊ីលានដុល្លារ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដែលស្រង់ការប៉ាន់ស្មានរបស់ «ប្រភពបើកចំហរ»។
ក្នុងឆ្នាំ ២០១៦ អាជ្ញាធរស្វីសបានបង្កកប្រាក់ ៣,២ លានដុល្លារនៅធនាគារស្វីស របស់លោក Hafez Makhlouf ដែលជាប្អូនរបស់លោក Rami Makhlouf ជុំវិញករណីលាងលុយកខ្វក់។
ក្នុងឆ្នាំ ២០១៧ អាជ្ញាធរអេស្ប៉ាញ និងបារាំង បានរឹបអូសទ្រព្យសម្បត្តិប្រហែល ៦៣០ លានដុល្លារ ជាកម្មសិទ្ធិរបស់លោក Rifaat Assad ដែលជាពូរបស់លោក Assad ក្រោយលោកជាប់ឈ្មោះក្នុងការស៊ើបអង្កេតលើបណ្ដាញលាងលុយកង្វក់របស់អឺរ៉ុប។ ការរឹបអូសនោះ រួមបញ្ចូលទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងអចលនទ្រព្យផ្សេងៗទៀត។
តើលោក Assad និងបងប្អូនសាច់ញាតិបានប្រាក់ទាំងនោះមកពីណា?
របាយការណ៍ក្រសួងការបរទេសអាមេរិកឆ្នាំ ២០២២ បានលើកឡើងថា បងប្អូនត្រកូល Assad ត្រូវបានចូលរួមដោយផ្ទាល់ ឬដោយប្រយោលនៅក្នុង «ប្រតិបត្តិការសេដ្ឋកិច្ចទ្រង់ទ្រាយធំស្ទើរតែគ្រប់ផ្នែកទាំងអស់របស់ស៊ីរី» ក្នុងនោះរួមមានទាំងក្រុមហ៊ុនសាជីវកម្ម ដែលទទួលបានសិទ្ធិកាន់កាប់ផ្ដាច់មុខលើគម្រោងវិនិយោគ អភិវឌ្ឍ ឬអាជីវកម្មនានារបស់រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនសាជីវកម្មវិនិយោគលើវិស័យផ្សេងៗទៀត រួមទាំងអចលនទ្រព្យ។
ជាមួយគ្នានោះ ទ្រព្យសកម្មទាំងឡាយណាដែលមាននៅបរទេស ហើយមិនរងការរឹបអូស ឬបង្កករបស់លោកខាងលិចនោះ ទំនងកាន់កាប់ដោយបុគ្គល ឬក្រុមហ៊ុនក្លែងក្លាយដែលមានតែឈ្មោះ ឬដោយបុគ្គលផ្សេងទៀត ដើម្បីបិទបាំងកម្មសិទ្ធិ និងគេចវេសពីទណ្ឌកម្មរបស់លោកខាងលិច។
របាយការណ៍ដដែលរបស់ក្រសួងបានអះអាងថា គ្រួសាររបស់លោក Assad បានកើបប្រាក់ដោយជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ការរត់ពន្ធអាវុធ និងការជំរិតយកប្រាក់ ដោយធ្វើសកម្មភាពក្រោមឈ្មោះក្រុមហ៊ុនសាជីវកម្ម ដែលមានរចនាសម្ព័ន្ធដូចជាស្របច្បាប់។
ក្រោយពេលដួលរលំ ហើយរត់ភៀសខ្លួន ទៅរុស្ស៊ី គេមិនដឹងថាលោក Assad បានប្រមូលទ្រព្យសម្បត្តិទៅជាមួយខ្លួនប៉ុន្មាននោះទេ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា លោក Assad បានរត់ចេញពីប្រទេសទាំងប្រញ៉ាប់ ទាំងមិនបានប្រាប់ជំនួយការជិតស្និតបំផុតរបស់លោក ឬគ្រួសារនោះទេ។ វីដេអូដែលគេថតក្រោយពេលសម្រុកចូលផ្ទះ និងការិយាល័យរបស់លោក បានបង្ហាញថា ក្រុមគ្រួសាររបស់លោកបានបន្សល់ទុករបស់មានតម្លៃជាច្រើន រួមទាំងគ្រឿងសង្ហារឹម ទំនិញប្រណីតៗ និងយានដ្ឋានដែលពោរពេញដោយរថយន្តទំនើប រួមទាំងរថយន្ត Ferrari, Lamborghini, Rolls Royce៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន