ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ នៅតែបារម្ភ ទោះបីគ្រោះថ្នាក់ចរាចរណ៍ ១១ខែឆ្នាំ២០២៤នេះ ថយចុះ
ក្នុងឱកាសអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ ដែលបានប្រារព្ធនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅតែបង្ហាញក្ដីព្រួយបារម្ភ បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល១១ខែឆ្នាំ២០២៤នេះ ថយចុះក៏ដោយ។

តាមការបញ្ជាក់ឱ្យដឹងដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួសបានចំនួន៥៨០នាក់ ស្មើនិង ១៤%។

ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ កសាង ជួសជុល កែលម្អស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ពីវេទិកាអនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ លោក នៅតែបង្ហាញក្ដីបាម្ភថា គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង អាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការទប់ស្កាត់ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។
សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវបង្កើនវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងស្មើភាព ធ្វើយ៉ាងណាកាត់បន្ថយចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ឱ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព ឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋាន ដើម្បីឱ្យមានការជ្រួតជ្រាបដល់គ្រប់វេទិកា គ្រប់សាលារៀន និងគ្រប់គ្រួសារ ត្រូវបង្កើនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលក្រសួង បានដាក់ចេញ ត្រូវចាត់វិធានការ ឱ្យបានតឹងរឹងបំផុតចំពោះបទល្មើស ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចវេសពីការដោះស្រាយតាមផ្លូវច្បាប់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ