ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម៖ ការរៀបចំផែនការថវិកាដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានគូសបញ្ជាក់ថា ការរៀបចំផែនការថវិកា បានដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីអាចឈានឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធិកម្ម ដែលស្របតាមទិសដៅជាយុទ្ធសាស្ត្រនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យ ភាពសមិទ្ធិកម្ម នៅឆ្នាំ២០២៥។
ដោយឡែក សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ គឺស្របតាមផែនការសកម្មភាពឆ្នាំ២០២៥ ដែល ប.ស.ស. បានដាក់ចេញ ហើយនឹងក្លាយជាឧបករណ៍ ឬជាផែនទី១ សម្រាប់នាយកដ្ឋាន និងអង្គភាពចំណុះ ប.ស.ស. យកទៅរៀបចំ និងអនុវត្តតាមបណ្ដុំការងារ ឬសកម្មភាពរបស់ខ្លួន។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើក១ អាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំនៃអគារទីស្នាក់ការកណ្តាល ប.ស.ស. ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម រួមនិងវត្តមានចូលរួមពីសមាជិក សមាជិកាដែលជាតំណាងអន្តរក្រសួង តំណាងនិយោជក និងតំណាងសមាជិក ប.ស.ស.។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានលើកយករបៀបវរៈរួមមាន គម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨, និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម។
លោក ហេង សួរ បានថ្លែងថា ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម គឺជាអង្គការដឹកនាំខ្ពស់បំផុតមួយរបស់ ប.ស.ស. ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានបេសកកម្មក្នុងការតម្រង់ទិសការអនុវត្តសកម្មភាពការងារ និងធ្វើការត្រួតពិនិត្យលើដំណើរការរបស់ ប.ស.ស. ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខសង្គមជានិរន្ត ក្នុងគោលដៅការពារផលប្រយោជន៍ដល់សមាជិក ប.ស.ស. គ្រប់រូប។ ចំពោះការរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មីស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម គឺធ្វើឡើងក្នុងគោលបំណងកែសម្រួលតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. ឱ្យស្របតាមច្បាបស្តីពីរបបសន្តិសុខសង្គម ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព លើកកម្ពស់គុណភាព និងគណនេយ្យភាពនៃការផ្តល់តាវកាលិកសន្តិសុខសង្គមជូនសមាជិក ប.ស.ស.។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ត្រូវបានបង្កើតឡើងដោយយោងអនុក្រឹត្យលេខ១០៥៦ អនក្រ.តត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ដីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី២ ក្នុងនោះសមាសភាពនៃក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី២នេះ រួមមាន លោក ហេង សួរ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន, លោកជំទាវ ប៉ែន សុបភា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកា, លោក ទិន សុខឃួន តំណាងក្រសួងមុខងារសាធារណៈ ជាសមាជិក, លោក ឡូ វាសនាគីរី តំណាងក្រសួងសុខាភិបាល ជាសមាជិក, លោក អៀម គន្ធឌី តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាសមាជិក, លោកជំទាវ អ៊ុច និពន្ធ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិកា, ឧកញ៉ា សុខ ពិសិដ្ឋ តំណាងនិយោជក ជាសមាជិក, ឧកញ៉ា ណាង សុធី តំណាងនិយោជក ជាសមាជិក, លោក គង់ អាទិត្យ តំណាងសមាជិក ប.ស.ស. ជាសមាជិក, លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ជាសមាជិកអចិន្ត្រៃយ៍៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ