ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា រាជរដ្ឋាភិបាលមិនត្រូវការសារព័ត៌មាននិយាយបំភ្លៃការពិត មានចរិតបំពុលសង្គមឡើយ
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ទៅកាន់ស្ថាប័នសារព័ត៌មាន ថា រាជរដ្ឋាភិបាលមិនត្រូវការសារព័ត៌មានដែលនិយាយបំភ្លៃការពិត បំប៉ោងព័ត៌មាន ឬផ្សាយព័ត៌មានតែមួយជ្រុងបង្គប់ចរិតបំពុលសង្គមឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល គឺត្រូវការសារព័ត៌មានដែលហ៊ាននិយាយរិះគន់ក្នុងន័យស្ថាបនាពីតថភាពពិតក្នុងសង្គម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្គាល់ពីចំណែកពីការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងដំណើរការអភិវឌ្ឍជាតិ ដែលនេះ បង្ហាញពីភាពជាដៃគូមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នសារព័ត៌មាន។ សម្ដេចធិបតី អះអាងថា ក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន។
ក៏ប៉ុន្តែ «រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិត និងហ៊ានរិះគន់ក្នុងន័យស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គម សំដៅជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ»។ នេះគឺជាខ្លឹមសារ គូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ថា ការផ្សាយនូវព័ត៌មានពិត ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន គឺបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការអះអាងជាថ្មី សម្ដេចធិបតី ថា អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯង មិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ រួមទាំងសន្តិសុខជាតិនោះទេ។ ក្នុងន័យនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត រួមទាំងការបញ្ចេញមតិ ដែលមានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។
សម្ដេចធិបតី ក៏ទទូចឱ្យស្ថាប័នសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្ដល់ព័ត៌មានពិត និងទាន់ហេតុការណ៍អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ពោលគឺត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលមានមូលដ្ឋានដោះស្រាយ និងចាត់វិធានការចំគោលដៅ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
សម្ដេចធិបតី ប្រាប់ឱ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ដោយត្រូវឈរលើមូលដ្ឋាននៃតុល្យភាព និងភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មាន ជៀសវាងការផ្សព្វផ្សាយដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ ជាពិសេសរួមគ្នាលុបបំបាត់ជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១០ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់