Connect with us

នយោបាយ

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

បានផុស

នៅ

ភ្នំពេញ ៖ អតីត​តំណាងរាស្រ្ត​គណបក្សប្រឆាំង​ លោក កង គឹមហាក់ ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ចង់ឱ្យមានច្បាប់ភេរវកម្ម ដើម្បី​ដាក់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ ខណៈពួក​គេ​ព្យាយាមទាញ​កម្ពុជាឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមឡើងវិញ។

លោក កង គឹមហាក់ បាន​ថ្លែង​ថា «ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​យល់​ឃើញ​ថា ប្រទេសជាតិមួយ ដើម្បីសន្ដិសុខជាតិ ដើម្បីសុខទុក្ខរបស់ជាប្រជាពលរដ្ឋ ដើម្បីការពារប្រទេសជាតិ​មាន​កលិយុគ មានវិបត្តិធ្ងន់ធ្ងរ គឺយើងគួរតែមានច្បាប់មួយ ដើម្បីគ្រប់គ្រងវិបត្តិ​ចលាចល និង​ធានាសន្ដិភាព»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចង់ឃើញកម្ពុជាមានច្បាប់ភេរវកម្ម ដើម្បី​ទប់ស្កាត់​នយោបាយ​ជ្រុលនិយម​ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ង​ធ្វើ​ឱ្យមានការផ្លាស់ប្តូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និង​មិនមែន​ជា​ការ​បោះឆ្នោត។

ទន្ទឹមការ​លើកឡើងនេះ គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល ក៏បានដាក់លិខិតផ្លូវការរបស់ខ្លួនទៅ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីឱ្យសម្ដេចពិនិត្យលទ្ធភាពក្នុងការតាក់តែងច្បាប់ភេរវកម្ម​សម្រាប់​ដាក់​ក្រុម​ឧទ្ទាម​ខុសច្បាប់ទៅជាក្រុមភេរវករ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ​បាន​ស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ។

លោកបន្ត​ថា ពួក​គេ​ចង់​ឱ្យ​មាន​ភាពវឹកវរ ចលាចល​ដល់​ប្រជាពលរដ្ឋ ដែលជាអំពើខុសច្បាប់ទាំង​ស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុម​នេះ​បាន​ដុតរោល​ប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសកម្ពុជា​ឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និង​បង្ក​អស្ថេរភាព​នយោបាយ​រវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។

លោក​បាន​ថ្លែង​ថា «ខ្ញុំ​បាន​មើល​ឃើញ​ថា ក្រុម​ជ្រុល​និយម​បានបង្កើតអង្គការ​ចាត់តាំងប្រកាស​កៀរគរ​បង្កើត​នូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។

ចំណែកប្រធានក្រុមយុវជនសង្គមស៊ីវិលលោក ហេង សំណាង បានឱ្យដឹងថា កន្លងមកក្រុមជ្រុលនិយម​មួយ​ក្តាប់​តូច​នៅ​ក្រៅ​ប្រទេស​បាន​បង្កើត​នូវ​ចលនាខុសច្បាប់នានា និងជាពិសេសនៅពេលថ្មីៗនេះ បាន​បង្កើត​យុទ្ធនាការ​ផ្ការីកក្នុងគោលបំណងចង់ផ្ដួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ដែល​បាន​កើត​ចេញពីឆន្ទះប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូន។

លោកបន្តថា ដើម្បីធានានិរន្តរភាព​សុខសន្តិភាពក្នុងប្រទេសកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស លោកគាំទ្រពេញ​ទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឱ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម និងស្នើដល់រាជរដ្ឋាភិបាលគួរពន្លឿនការបង្កើតច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ចលនាក្រុមជ្រុលនិយម។

លោកបានថ្លែង​ថា «ដោយសារតែដើមចមដែលចេញពីយុទ្ធនាការផ្ការីករបស់ទណ្ឌិត សម រង្ស៊ី យើងមិនអាចនៅស្ងៀមបានទេ ព្រោះពួកគេមានចេតនារុញច្រានកម្ពុជាឱ្យមានភាពវឹកវរ ចលាចលក្នុងសង្គម និងឈានដល់បង្កើតភ្លើងសង្រ្គាម បំផ្លាញក្ដីសុខពលរដ្ឋ។

ដូច្នេះយើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល សូមគាំទ្រពេញទំហឹងចំពោះច្បាប់ភេរវកម្ម ហើយខ្ញុំចង់ឃើញច្បាប់នេះចេញជាផ្លូវការឱ្យបានឆាប់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម