Connect with us

ព័ត៌មានជាតិ

សារព័ត៌មានមានគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជួយអ្នកសារព័ត៌មាន ឱ្យចៀសផុតពី ហានិភ័យនៃការប្រឈមនឹងបណ្ដឹងនានា

បានផុស

នៅ

ក្នុងសម័យឌីជីថល គុណភាពព័ត៌មានមានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាកត្តាដ៏សំខាន់មួយក្នុងការធានាភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលជាភ្នាក់ងារនាំសារ និងពាំនាំព័ត៌មានពិតត្រឹមត្រូវអំពីតថភាពក្នុងសង្គមជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើពិភពលោក។ ប៉ុន្តែ មួយរយៈនេះ អ្នកសារព័ត៌មានកម្ពុជាមួយចំនួនបានប្រឈមនឹងផ្លូវច្បាប់។ ចំពោះបញ្ហានេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា សារព័ត៌មានមានគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជួយអ្នកសារព័ត៌មានឱ្យចៀសផុតពី ហានិភ័យនៃការប្រឈមនឹងបណ្ដឹងនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព អស្នារិទ្ធ បានអះអាងថា ការពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងនោះមានសមត្ថភាពក្នុងការយកព័ត៌មាន ផលិត និងផ្សព្វផ្សាយ មានសារៈសំខាន់ ដើម្បីធានាការផ្សាយព័ត៌មានផ្អែកលើប្រភពត្រឹមត្រូវច្បាស់លាស់ ខ្លឹមសារមានតុល្យភាព គ្រប់ជ្រុងជ្រោយ និងបានផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធក្នុងសាច់រឿងបានចូលរួមចំណែក។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈគ្រប់ពេលដែលខ្លួនបំពេញការងារ។ ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវបង្កើនការស្វែងយល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមអំពីសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ថា៖« សូមចងចាំថាក្នុងការអនុវត្តភារកិច្ច អ្នកសារព័ត៌មានមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិនិងករណីយកិច្ចដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មានឡើយ ព្រោះការអនុវត្តជ្រុល ឬទង្វើហួសដែនកំណត់នៃច្បាប់នឹងនាំមកនូវផលវិបាក និងអាចនាំឱ្យប្រឈមនឹងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬផ្នែកព្រហ្មទណ្ឌជាដើម»។

បើតាមលោក ទេព អស្នារិទ្ធ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន ជាអាទិភាពចម្បងមួយក្នុងបេសកកម្មរបស់ក្រសួងព័ត៌មាន។ ក្នុងដំណើរការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យការរបស់ក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងសមាគមសារព័ត៌មាននានា ក្រសួងព័ត៌មានក្នុងឆ្នាំ២០២៤ បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ២៣លើក ដល់អ្នកសារព័ត៌មានមកពីរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាននិងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន និងនៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង ៥ពាន់នាក់។ វគ្គបណ្តុះបណ្តាលទាំងនេះ បានបំពាក់បំប៉នជំនាញនិពន្ធ ផលិត និងផ្សព្វផ្សាយព័ត៌មាន និងបានផ្តល់ចំណេះដឹងខាងវិស័យនានាក្នុងសង្គម ដើម្បីបង្កើនសមត្ថភាពឱ្យពួកគេផលិតនិងផ្សព្វផ្សាយព័ត៌មានគុណភាព និងសម្របខ្លួននិងផ្សាយខ្លឹមសារឆ្លើយតបនឹងតម្រូវការនិងការវិវត្តក្នុងសម័យឌីជីថល។

វគ្គបណ្តុះបណ្តាលក៏បានតម្រង់ទិសស្តីពីនិយាមវិជ្ជាជីវៈសារព័ត៌មាន ការប្រតិបត្តិក្រមសីលធម៌ ការគ្រប់គ្រងព័ត៌មាននិងការផ្សាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ដោយរាប់បញ្ចូលទាំងអក្ខរកម្មឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ ក្រសួងបានសហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈឱ្យស្របតាមការវិវត្តិយ៉ាងលឿនក្នុងសង្គម។ កិច្ចសហការនេះនឹងរួមចំណែកលើកកម្ពស់ធនធានមនុស្ស និងកសាងអ្នកបន្តវេនប្រកបដោយគុណភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ដោយផ្តោតលើការបណ្តុះសមត្ថភាព និងជំនាញពិតប្រាកដ ដើម្បីចូលរួមបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើវិស័យព័ត៌មាននៅកម្ពុជា។ នេះបើតាមលោក ទេព អស្នារិទ្ធ ដដែល។

អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាកត្តាដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គម ព្រោះការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ ខណៈចូលរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ក្នុងការអនុវត្តការងារសូមប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។ ជាមួយគ្នានេះ លោកក៏សំណូមពរដល់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងដៃគូក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់សូមបន្តផ្តល់ការជ្រោមជ្រែងបន្ថែមទៀតក្នុងរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ទាំងផ្នែកវិជ្ជាជីវៈ ការប្រតិបត្តិក្រមសីលធម៌ និងចំណេះផ្នែកច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងគុណភាពសារព័ត៌មាននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម