ព័ត៌មានជាតិ
កម្ពុជាកំពុងប្រឈមហានិភ័យនៃការផ្ទុះរាលដាលជំងឺកញ្ជ្រឹលឡើងវិញ
ក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រទេសកម្ពុជាបាននិងកំពុងតែប្រឈមនឹងហានិភ័យនៃការផ្ទុះរាលដាលជំងឺកញ្ជ្រឹល ឡើងវិញ ជាពិសេសប្រជាជនដែលងាយរងគ្រោះដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍
នៅតាមព្រំដែនជាដើម។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី២០ធ្នូបានឱ្យដឹងថា ក្រសួងសុខាភិបាល កត់សំគាល់ឃើញថា ករណីនៃជំងឺកញ្ជ្រឹលមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែនចាប់តាំងពីខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជ្រឹលសរុប៣៧៥ករណី ក្នុងខេត្តចំនួន១៧។ ដូចនេះហើយទើបក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកញ្ជ្រឹល-ស្ទូចនៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី៩ខែ ដល់៥៩ខែ ចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។ កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំដើម្បីស្វែងរក និងឆ្លើយតបជាបន្ទាន់។ ជំងឺកញ្ជ្រឹលគឺជាជំងឺបង្កដោយវីរុស មានលក្ខណៈឆ្លងខ្លាំងហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣មកមានការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹលនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលបានធ្លាក់ចុះក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបានបន្តថា ជំងឺកញ្ជ្រឹលអាចប៉ះពាល់ដល់មនុស្សគ្រប់រូបប៉ុន្តែភាគច្រើនកើតមានចំពោះកុមារ។ ជំងឺនេះឆ្លងតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់មេរោគនៅតែសកម្ម និងចម្លងតាមខ្យល់ ឬលើផ្ទៃដែលមានមេរោគរហូតដល់ទៅពីរម៉ោង។ ជំងឺកញ្ជ្រឹលឆ្លងខ្លាំងណាស់ប្រសិនបើគេដាក់អ្នកជំងឺកញ្ជ្រឹលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស១០នាក់ផ្សេងទៀតដែលមិនបានចាក់វ៉ាក់សាំងការពារ នោះ៩នាក់ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកញ្ជ្រឹល។ ជំងឺកញ្ជ្រឹលមានសមត្ថភាពឆ្លងក្នុងអំឡុងបួនថ្ងៃមុនពេលចាប់ផ្តើមចេញកន្ទួលក្រហម រហូតដល់ទៅបួនថ្ងៃបន្ទាប់ពីកន្ទួលក្រហមរលុបបាត់។
ក្រសួងសុខាភិបាលបានបន្តទៀតថា ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុសរោគសញ្ញាដំបូងច្រើនកើតមានក្នុងរយៈពេល ៤ទៅ៧ ថ្ងៃហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់ កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើត មាន៧ទៅ១៨ថ្ងៃបន្ទាប់ពីឆ្លងរួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល៣ថ្ងៃ។ កន្ទួលក្រហមនឹងរលុបបាត់ក្នុងអំឡុង ៥ទៅ៦ថ្ងៃ។
ចំពោះផលវិបាកនៃជំងឺកញ្ជ្រឹលរួមមាន ពិការភ្នែក ជំងឺរលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល)រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយឆ្លងមេរោគក្នុងត្រចៀក បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ
រួមទាំងជំងឺរលាកសួត។ ប្រសិនបើស្ត្រីមានជំងឺកញ្ជឹ្រលអំឡុងពេលមានផ្ទៃពោះអាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយអាចបណ្តាលឱ្យទារករបស់គាត់កើតមិនគ្រប់ខែ និងមានទម្ងន់ទាប។

ផលវិបាកភាគច្រើនកើតមានចំពោះកុមារអាយុក្រោម ៥ឆ្នាំ កុមារខ្វះអាហារូបត្ថម្ភ ជាពិសេសបុគ្គលដែលមិនមានវីតាមីនអាគ្រប់គ្រាន់ បុគ្គលមានប្រព័ន្ធការពាររាងកាយខ្សោយ អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកមានជំងឺរ៉ាំរ៉ៃ។ វីរុសកញ្ជ្រឹលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លង មេរោគផ្សេងៗដទៃទៀតបង្កលក្ខណៈឱ្យកុមារកាន់តែងាយរងគ្រោះខ្លាំង។
ក្រសួងសុខាភិបាលបានណែនាំពីរបៀបបង្ការពីជំងឺកញ្ជ្រឹលថា មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការការកើតជំងឺកញ្ជ្រឹល និងទប់ស្កាត់នៃការផ្ទុះរាលដាលនៃជំងឺកញ្ជ្រោល គឺមានតែការចាក់វ៉ាក់សាំងចំនួនពីរដង ក្នុងវ័យកុមារភាពតាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការដោយសារមានការកើនឡើងនៃជំងឺកញ្ជ្រឹលឡើងវិញ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់មាតា បិតា និងអាណាព្យាបាលកុមារសូមនាំកុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ដែលមានការខកខានមិនបាន
ទទួលវ៉ាក់សាំង មកទទួលថ្នាំបង្ការជំងឺកញ្ជ្រោល-ស្ទូច ឱ្យបានពីរដូស និងគ្រប់គ្នានៅតាមមណ្ឌលសុខភាព និង
មន្ទីរពេទ្យនៅទូទាំងប្រទេស។ ប្រសិនជួបករណីសង្ស័យជំងឺកញ្ជ្រឹលដូចជាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួល ក្រហមសូមនាំកុមារមកពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ