ព័ត៌មានជាតិ
លោក ប្រាក់ សុខុន៖ កម្ពុជាប្តេជ្ញាខ្ពស់ជាមួយ UN បន្តបេសកកម្មថែរក្សាសន្តិភាពពិភពលោក
វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ (UNTPP) ឆ្នាំ២០០៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំអស់រយៈពេល ០៥ សប្តាហ៍កន្លងមកនេះ ត្រូវបានបិទបញ្ចប់ ប្រកបដោយជោគជ័យ។ ពិធីបិទវគ្គនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២០
ខែធ្នូ ឆ្នាំ ២០២៤ នៅទីតាំងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (ភ្នំស្រួច) ខេត្តកំពង់ស្ពឺ។
កម្មវិធីភាពជាដៃគូឆ្នាំ២០២៤នេះ បានបើកជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរយៈពេល ០៥ សប្តាហ៍ហើយបានផ្តោតសំខាន់ទៅលើសសរស្តម្ភធំ ចំនួន៣ រួមមាន (១) ការប្រើប្រាស់វិស្វកម្មធុនធ្ងន់ (២) ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទះ (៣)សង្គ្រោះលើទីលានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ពីសំណាក់យោធាចារ្យ មកពីសាធារណរដ្ឋកូរ៉េ ជប៉ុន អូស្ត្រាលី និងមន្ត្រី UNMAS ព្រមទាំងមានការចូលរួមពីសិក្ខាកាមជាតិចំនួន ៣៧នាក់ (នារី ៩នាក់) និង អន្តរជាតិចំនួន ២១នាក់ (នារី ១នាក់) មកពីប្រទេស ចំនួន៩ មានជាអាទិ៍៖ កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងស្រីលង្កា។
ក្នុងឱកាសនោះលោក ប្រាក់ សុខុន បញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ និងទៅអនាគតកម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយ អង្គការសហប្រជាជាតិ បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌»។
នៅក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ប្រាក់ សុខុន បានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះ ពិតជាមានសេចក្តីរីករាយផងដែរក្នុងការចែករំលែកបទពិសោធន៍របស់កម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងនូវផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្រើនជាងគេ។
បើតាមលោក ប្រាក់ សុខុន នៅពេលខាងមុខ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព, អង្គការសហប្រជាជាតិនឹងត្រូវការបង្កើនចំនួនកម្លាំងរក្សាសន្តិភាពទ្វេដង។ លោកបញ្ជាក់ថា៖«កម្លាំងនេះ នឹងត្រូវទទួលការហ្វឹកហ្វឺនឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យស្របតាមនិយាមដែលបានកំណត់។ អង្គការសហប្រជាជាតិ ត្រូវការ ការសន្យាច្បាស់លាស់ពីរដ្ឋសមាជិកក្នុងក្របខ័ណ្ឌថ្មីនៃប្រព័ន្ធរៀបរយ សមត្ថភាពរក្សាសន្តិភាព (Peacekeeping Capability Readiness System) ផងដែរ»។
លោកបានឱ្យដឹងថា នាយទាហាន ពលទាហានកម្ពុជា ចំនួន ៩ ៨២៤នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពប្រកបដោយជោគជ័យ ក្នុងប្រទេស ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ុប, ស៊ីរី, ម៉ាលី លើមុខជំនាញជាច្រើន ជាពិសេសការបោសសំអាតមីន ការរុករក និងការកំទេចគ្រាប់មិនទាន់ផ្ទុះ ការងារវិស្វកម្មពេទ្យកម្រិត២ អាវុធហត្ថ សង្កេតការយោធា សេនាធិការ។
សូមរំឭកថា កម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ហៅកាត់ថា UNTPP គឺជាគំនិតផ្តួចផ្តើមរបស់លោក ស៊ីនហ្សូ អាបេ (Shinzo ABE)អតីតនាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន ក្នុងគោលបំណងផ្តល់ការគាំទ្រ ដល់ប្រទេសបរិច្ចាគកងកម្លាំងឱ្យធ្វើការចល័តបានឆាប់រហ័ស និងមានគុណភាពខ្ពស់។ ដោយបានចាប់ដំណើរការជាលើកដំបូងនៅអាហ្វ្រិកខាងកើតនាឆ្នាំ២០១៥ ហើយត្រូវបានពង្រីកខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមាន ៤ប្រទេសធ្វើជាម្ចាស់ផ្ទះ វិលជុំ ២ឆ្នាំម្តង ក្នុងនោះមាន ប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និងកម្ពុជា។
កម្ពុជាចាប់ផ្តើមផ្តល់ការគាំទ្រដល់កម្មវិធីនេះ គិតចាប់ពីការបញ្ជូនសិក្ខាកាមដំបូងនាឆ្នាំ២០១៨ គិតមកដល់ពេលនេះ សិក្ខាកាមកម្ពុជា សរុបចំនួន ៨៤នាក់ ក្នុងនោះនារី ៦នាក់ បានចូលរួមក្នុងវគ្គហ្វឹកហ្វឺន កម្មវិធីភាពជាដៃគូ សរុបចំនួន១៦វគ្គ។ នេះបើយោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»