Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ ស្នើ​ដាក់បញ្ចូលសាលារៀនជាង ៧០ ឱ្យទទួលពានរង្វាន់ស្តង់ដាសាលារៀនគំរូ

បានផុស

នៅ

នៅឆ្នាំ២០២៥ ខាងមុខនេះ គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី ២ (USESDP-2) នឹងស្នើក្រសួងអប់រំយុវជននិងកីឡា ដាក់បញ្ចូលសាលាគោលដៅជាង ៧០ ដើម្បីវាយតម្លៃឱ្យទទួលពានរង្វាន់ស្តង់ដាសាលារៀនគំរូ ខណៈឆ្នាំ២០២៤ បានស្នើចំនួន ២៣ សាលារួចមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ និងជាប្រធានគម្រោងបានឱ្យដឹងក្នុងពិធីបិទសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីឧត្តមានុវត្តន៍គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី ២ កាលពីថ្ងៃទី២១ធ្នូថា ក្នុងសន្និបាត​អប់រំឆ្នាំ ២០២៤ មានសាលារៀនគោលដៅចំនួន ២៣ ក្នុងនោះវិទ្យាល័យធនធានចំនួន ១៧ និងវិទ្យាល័យបណ្តាញចំនួន ៥ បានទទួលពានរង្វាន់ស្តង់ដាសាលារៀនគំរូ។ សម្រាប់សន្និបាតអប់រំឆ្នាំ ២០២៥ នៅក្នុងខែកុម្ភៈខាងមុខនេះ គម្រោងនឹងស្នើសាលារៀនគោលដៅចំនួន ៧១ ក្នុងនោះវិទ្យាល័យធនធានចំនួន ២៣ និងវិទ្យាល័យបណ្តាញចំនួន ៤៧ សម្រាប់សុំទទួលពានស្តង់ដាសាលារៀនគំរូ ដោយឈរលើគោលការណ៍ចំនួនពីរគឺ (១).សាលារៀនដែលទទួលបានពិន្ទុសរុបនៃស្តង់ដាទាំង ៥ ខ្ពស់ជាង ៦០% វាយតម្លៃដោយនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ឬ (២).សាលារៀនទាំងឡាយណាដែលមានពិន្ទុខ្ពស់ជាង ៦០% តាមរយៈស្វ័យវាយតម្លៃ និងមានភាគរយសរុបនៃសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្មើ ឬ លើសថ្នាក់ជាតិ និងមានសិស្សជាប់និទ្ទេស A យ៉ាងតិចម្នាក់។

លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោងបានរំលឹកអំពីការអភិវឌ្ឍវិស័យអប់រំ គឺត្រូវផ្តោតទាំងបរិមាណ និងគុណភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០ ឆ្លើយតបបានទៅនឹងបរិបទក្នុងតំបន់ និងសកលលោក ដែលកំពុងតែប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកគុណភាព ឧត្ដមភាព ការធានានូវស្ដង់ដាដែលទទួលស្គាល់ដោយទីផ្សារពលកម្មក្នុងប្រទេស និងតំបន់ដែលការងារនេះ ទាមទារឱ្យទាំងអស់គ្នាត្រូវយកចិត្ដទុកដាក់ ខិតខំប្រឹងប្រែងអនុវត្ត សំដៅបង្កើនប្រសិទ្ធភាព និងសក្ដិសិទ្ធភាព នៃការរៀន បង្រៀន ដឹកនាំ គ្រប់គ្រង អភិបាលកិច្ច អធិការកិច្ច និងរង្វាយតម្លៃក្នុងសាលារៀន។

លោកបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ ឱ្យអង្គភាពនីមួយៗកែលម្អឧមានុវត្តន៍តាមខ្លឹមសារពិភាក្សា ដែលទទួលបានសិក្ខាសាលានេះ និងបន្តរៀបចំឧត្តមានុវត្តន៍បន្ថែមទៀត។

សិក្ខាសាលានេះគឺការរៀបចំជាបឋមសម្រាប់ពិភាក្សាអំពី ភ័ស្តុតាងជាក់លាក់ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រលើលទ្ធផលដែលទទួលបាន និងការវាយតម្លៃនានា លើប្រធានបទនានា ដើម្បីចងក្រងរៀបចំជាឧត្តមានុវត្តន៍ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡាពិនិត្យពិចារណា ដើម្បីធ្វើការវិនិយោគ ឬ អនុវត្ត ឬ បញ្ជ្រាបនៅក្នុងផែនការសកម្មភាពជាបន្តបន្ទាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម