ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គំរាមយកព្រែកជីកប៉ាណាម៉ាគ្រប់គ្រងឡើងវិញ
ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានគំរាមគ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ ដោយចោទប្រកាន់ប្រទេសប៉ាណាម៉ា ពីការគិតប្រាក់លើសកម្រិតក្នុងប្រើប្រាស់ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅរដ្ឋ Arizona កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤ លោក ត្រាំ បាននិយាយថា លោកនឹងមិនអនុញ្ញាតឲ្យព្រែកជីកប៉ាណាម៉ាធ្លាក់ចូលទៅក្នុងដៃមនុស្សអាក្រក់ឡើយ ដោយព្រមានអំពីឥទ្ធិពលចិនដែលមានសក្តានុពលលើផ្លូវទឹកដ៏សំខាន់នេះ។
ប្រទេសចិនមិនបានគ្រប់គ្រង ឬមានសិទ្ធិរដ្ឋបាលលើព្រែកជីកនោះទេ ប៉ុន្តែក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CK Hutchison Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានគ្រប់គ្រងកំពង់ផែចំនួនពីរ ដែលមានទីតាំងនៅច្រកចេញចូលការ៉ាប៊ីន និងប៉ាស៊ីហ្វិក ឆ្ពោះទៅកាន់ព្រែកជីកប៉ាណាម៉ា។
លោក ត្រាំ បានប្រាប់ថា៖ «ថ្លៃសេវាដែលប៉ាណាម៉ាបានយក គឺជារឿងគួរឲ្យអស់សំណើច និងអយុត្តិធម៌ខ្លាំងណាស់»។
លោក ត្រាំ បានបន្ថែមថា៖ «វាត្រូវបានផ្តល់ឲ្យប្រទេសប៉ាណាម៉ា និងប្រជាជនប៉ាណាម៉ា ប៉ុន្តែវាមានលក្ខខណ្ឌ។ អ្នកត្រូវធ្វើដាក់យើងដោយយុត្តិធម៌ តែពួកគេមិនបានធ្វើដាក់យើងដោយយុត្តិធម៌ទេ។ បើគោលការណ៍ ទាំងសីលធម៌ និងផ្លូវច្បាប់ នៃកាយវិការថ្លៃថ្នូរនៃការផ្តល់នេះមិនត្រូវបានអនុវត្តទេនោះ យើងនឹងទាមទារឲ្យព្រែកជីកប៉ាណាម៉ាប្រគល់មកឲ្យយើងវិញ ឲ្យបានពេញលេញ ឆាប់រហ័ស និងដោយគ្មានការងឿងឆ្ងល់»។
ការអត្ថាធិប្បាយរបស់លោក ត្រាំ គឺជាការលើកឡើងដ៏កម្រមួយរបស់មេដឹកនាំអាមេរិក ដែលនិយាយថា គាត់អាចជំរុញប្រទេសអធិបតេយ្យមួយឲ្យប្រគល់ទឹកដី។
ស្ថានទូតប៉ាណាម៉ាប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ទោះយ៉ាងណាក៏ដោយ អ្នកនយោបាយប៉ាណាម៉ាជាច្រើននាក់ បាននាំគ្នាបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រិះគន់សេចក្តីថ្លែងការណ៍របស់លោក ត្រាំ និងសុំឲ្យរដ្ឋាភិបាលការពារព្រែកជីកប៉ាណាម៉ា។
គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ដំបូងឡើយដោយបារាំងនៅឆ្នាំ១៨៨០ តែត្រូវបានបរាជ័យ ដោយមានកម្មករប្រមាណ ២១ ៩០០នាក់បានបាត់បង់ជីវិត។ អាមេរិកនៅដើមសតវត្សរ៍ទី២០ ក៏បានបន្តគម្រោងនេះ ហើយបញ្ចប់ជាស្ថាពរនៅឆ្នាំ១៩១៤ នូវគម្រោងព្រែកជីកប្រវែង៧៧គីឡូម៉ែត្រ។ បើតាមការប៉ាន់ស្មាន កម្មករប្រមាណ ២៧ ៥០០នាក់បានស្លាប់ នៅក្នុងការសាងសង់ទាំងពីរលើករបស់បារាំង និងអាមេរិក។
ក្រោយពីអាស្រ័យផលលើព្រែកជីកប៉ាណាម៉ាអស់រយៈពេលជាច្រើនទស្សវត្សរ៍ អាមេរិកនៅខែមករាឆ្នាំ២០០០បានប្រគល់ព្រែកជីកនេះឲ្យប្រទេសប៉ាណាម៉ាគ្រប់គ្រងទាំងស្រុងឡើងវិញ ក្រោមកិច្ចព្រមព្រៀងមួយចុះហត្ថលេខានៅឆ្នាំ១៩៧១ដោយប្រធានាធិបតីអាមេរិកទី៣៩ លោក Jimmy Carter៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១០ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ