ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ចំណាយពេល ៧ខែ ជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលរងការខូចខាតរួចរាល់
តួប៉មប្រាសាទឥដ្ឋអាយុកាលជាង ១ពាន់ឆ្នាំ នៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលធ្លាប់តែប្រឈមការខូចខាតកម្រិតខ្ពស់ បានប្រែក្លាយជាភាពរឹងមាំ និងល្អប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលប្រហែល ៧ខែ ដើម្បីជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនផ្នែកមក។
លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារជួសជុលបានពង្រឹងរចនាសម្ពន្ធរបស់ប្រាសាទឥដ្ឋអាយុកាលជាង ១ពាន់ឆ្នាំ នេះទាំងមូលឡើងវិញ។ ជាមួយគ្នានេះ ក៏មានការជួសជុលផ្តែរ សសរផ្អោប ទ្វារបញ្ឆោតផ្នែកខាងលិច និងខាងជើង ព្រមទាំងដំបូល។
«នៅតាមជ្រុងនីមួយៗក៏បានពង្រឹងដោយប្រើលក្ខណៈបច្ចេកទេសបិទបាយអ ដើម្បីការពារកុំឱ្យទឹកដក់ក្នុងប្រាសាទ។ ក្រុមការងារក៏ប្រើបច្ចេកទេសនៃការជួសជុលនៅតាមរន្ធទឹក ដែលមានស្នាមប្រេះ ដោយបិទរន្ធទឹកជាថ្មី ដើម្បីកុំឱ្យទឹកហូរចូលទៅក្នុងប្រាសាទ»។
ប្រធានក្រុមអភិរក្សដដែល បានឱ្យដឹងទៀតថា ក្រុមការងារក៏បានរើឥដ្ឋដែលពុកផុយ ឬក៏ឥដ្ឋដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចេញ ហើយដាក់ឥដ្ឋថ្មីមួយចំនួនមកជំនួសនៅផ្នែកខាងក្នុង ហើយនៅផ្នែកខាងក្រៅ គឺប្រើឥដ្ឋចាស់ ដើម្បីបង្កើនភាពមាំនៃតួប្រាសាទ ព្រមទាំងរក្សាសោភ័ណភាពបែបបុរាណ។
សូមបញ្ជាក់ថា តួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ទទួលរងការខូចខាតជាចម្បងគឺ បណ្ដាលមកពីបញ្ហាទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទធ្វើឱ្យមានប្រតិកម្មជាមួយអាចម៍ប្រចៀវបង្កើតទៅជាជាតិអាស៊ីតម្យ៉ាង។ កត្តាអាយុកាលចំណាស់របស់សំណង់ និងអាកាសធាតុ ក៏បានរួមចំណែកធ្វើឱ្យសំណង់ប្រាសាទខូចខាត ដូចជាធ្វើឱ្យឥដ្ឋនៅផ្នែកខាងក្នុងជាច្រើនមានពណ៌ខ្មៅហើយពុកផុយ ដែលទឹកភ្លៀងអាចហូរចូលបានយ៉ាងងាយធ្វើឱ្យរុក្ខជាតិជាច្រើនដុះលូតលាស់ផងដែរ។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលតួប៉មប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទព្រះគោនេះ តាំងតែពីខែឧសភា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យ និងបញ្ចប់ជាស្ថាពរ៕
ដោយ៖ជុន កុស
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ