នយោបាយ
ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងសម្ដេចតេជោជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន?
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបាននាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក Anwar Ibrahim តែងតាំងជាទីប្រឹក្សាផ្ទាល់ស្តីពីអាស៊ានកាលពីពាក់កណ្ដាលខែធ្នូនេះ ស្របពេលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២៥។
តើហេតុអ្វីបានជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្រេចតែងតាំងសម្ដេចតេជោ?
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា យល់ថាការតែងតាំងនេះមកពីការជឿជាក់លើសមត្ថភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកការទូតជើងចាស់ និងមានបទពិសោធន៍ដឹកនាំអាស៊ានច្រើនដងដែលរាប់មកដល់ឆ្នាំ២០២២ សម្ដេចតេជោ ដឹកនាំអាស៊ាន៣ដងរួចមកហើយ។
លោកថា៖ «ភាពពិនប្រសប់របស់សម្ដេចក្នុងការងារតំបន់ និងអន្តរជាតិទាំងក្នុងភាពជាប្រធានអាស៊ាន ទេពកោសលល្យកាទូតក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ ហើយឆ្នាំក្រោយ ឆ្នាំ២០២៥ ម៉ាឡេស៊ីជាប្រធានអាស៊ានក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នា ឬក៏ដូចគ្នានឹងប្រធានអាស៊ានឆ្នាំនេះនិងឆ្នាំកន្លងៗទៅ»។
កម្ពុជាបានចូលជាសមាជិកទី១០អាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងបានដឹកនាំអាស៊ានជាលើកដំបូងនៅឆ្នាំ២០០២ លើកទី២នៅឆ្នាំ២០១២ និងលើកទី៣នៅឆ្នាំ២០២២ ទាំង៣លើកសុទ្ធតែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមអ្នកវិភាគក្នុងស្ថានភាពបច្ចុប្បន្នអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង និងផ្ទៃក្នុងខ្លួនឯងដែលញាំញីជាច្រើនឆ្នាំមកហើយនោះគឺវិបត្តិនៅមីយ៉ាន់ម៉ា។
សារព័ត៌មាន Irrawaddy ឱ្យដឹងថាក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥ខាងមុខប្រទេសម៉ាឡេស៊ីនឹងបង្កើតការិយាល័យបេសកជនពិសេសទទួលបន្ទុកមីយ៉ាន់ម៉ានៅទីក្រុងគួឡាឡាំពួរផងដែរ។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ យល់ថាការតែងតាំងសម្ដេចតេជោជាទីប្រឹក្សានេះក៏ក្នុងមួលហេតុមួយដែលប្រទេសម៉ាឡេស៊ីមានបំណងក្នុងការដោះស្រាយវិបត្តិនៅភូមាដែរ ព្រោះក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់ សម្ដេចតេជោគឺជាអ្នកចេញមុខខ្លាំងក្លាក្នុងការចង់ជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ។
លោកថា៖ «ប្រាកដណាស់ថាសម្ដេចតេជោមានគុណតម្លៃយ៉ាងសកម្មក្នុងការស្វែងរកសេណារីយ៉ូដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ អ៉ីចឹងចំណែកនេះក៏ជាធាតុចូលសំខាន់ដែរក្នុងភាពដែលសម្ដេចជាទីប្រឹក្សានាយករដ្ឋមន្ត្រីក្នុងពេលដែលម៉ាឡេស៊ីជាប្រធានប្ដូរវេនចំណែកនៃភាពសកម្មក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ាគឺជាផ្នែកសំខាន់មួយផងដែរ»។
វាមិនមែនជារឿងចៃដន្យនោះទេចំពោះការតែងតាំងនេះ ក្នុងពេលដែលវិបត្តិប្រទេសភូមាកំពុងតែញាំញីដល់ឯកភាពរបស់អាស៊ាននៅប៉ុន្មានឆ្នាំចុងក្រោយ ខណៈប្រទេសថៃគឺជាប្រទេសក្បែរខាងមីយ៉ាន់ម៉ា ហើយសម្ដេចតេជោក៏ជាអ្នកធ្លាប់បានប្រាស្រ័យទំនាក់ទំនងច្រើនផងដែរជាមួយមេដឹកនាំយោធាភូមា មីន អ៊ុងឡាំង។
ទោះជាយ៉ាងណាអ្នកវិភាគយល់ថាការដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះអាចនឹងពិបាក ព្រោះវាអាស្រ័យលើមីយ៉ាន់ម៉ាខ្លួនឯង និងការចូលរួមពីមហាអំណាចខាងក្រៅ។
លោកបណ្ឌិត គិន ភា៖ «ចំណុះផងដែរពីមហាអំណាចភាគីខាងក្រៅ។ បើមហាអំណាចភាគីខាងក្រៅនៅឈរម្ខាងៗនៃភាគីជម្លោះនៅមីយ៉ាន់ម៉ា ខ្ញុំគិតថារឿងនេះមិនងាយចប់ទេ! បទពិសោធន៍គឺកម្ពុជានេះហើយឆ្លងកាត់សង្គ្រាមស៊ីវិលតាំងពីដើមទស្សវត្សឆ្នាំ១៩៧០មកគឺមហាអំណាចនៅម្ខាងៗនៃភាគីជម្លោះពេលនោះគឺម្ខាងៗមានជន្ទល់រៀងខ្លួនដូច្នេះការមើលឃើញដំណោះស្រាយក្នុងពេលឆាប់ៗគឺពិតជាលំបាក»។
សម្រាប់អ្នកវិភាគទោះបីជាដោះស្រាយបញ្ហាវិបត្តិភូមាបានឬមិនបានក្នុងពេលម៉ាឡេស៊ីដឹកនាំ តែការតែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់នេះបានបង្ហាញថាសម្ដេចត្រូវបានថ្នាក់ដឹកនាំក្នុងតំបន់ទទួលស្គាល់ពីឥទ្ធិពល និងភាពជាអ្នកដឹកនាំ ហើយឈ្មោះកម្ពុជាលើឆាកអន្តរជាតិក៏កាន់តែមានគេស្គាល់ច្រើនផងដែរ។
លោកបណ្ឌិត យង់ ពៅ៖ «អ្នកដែលមានគុណតម្លៃនយោបាយ មានគុណតម្លៃសមស្របបំផុតទើបគេតែងតាំងទៅជាទីប្រឹក្សានៃនាយករដ្ឋមន្ត្រីនៃប្រទេស៊ីវីល័យមួយបាន។ នេះហើយគឺជាផលចំណេញក្នុងនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងផលចំណេញទៅលើគុណតម្លៃផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងផលចំណេញគុណតម្លៃសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល»។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អ៊ុងឡាំង។ រដ្ឋប្រហារនេះហើយដែលនាំឱ្យមីយ៉ាន់ម៉ាប្រយុទ្ធគ្នារហូតដល់ថ្ងៃនេះ។
វិបត្តិមីយ៉ាន់ម៉ាបានក្លាយជាបញ្ហាឈឺក្បាលរបស់អាស៊ានរហូតដល់ឆ្នាំ២០២២ពេលសម្ដេចតេជោ ហ៊ុន សែន ដឹកនាំអាស៊ានទើបមានសញ្ញាវិជ្ជមានខ្លះៗពីដំណោះស្រាយតែហាក់បានថមថយទៅវិញពេលដែលផុតអាណត្តិដឹកនាំអាស៊ានរបស់កម្ពុជា។
ថ្លែងក្នុងសន្នីសិទសារព័ត៌មានបញ្ចប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការដឹកនាំអាស៊ានឆ្នាំនោះគឺហាក់បីដូចជាកាន់ដុំថ្មក្ដៅតែកម្ពុជាបានធ្វើឱ្យថ្មក្ដៅនោះក្លាយជាថ្មដែលអាចកាន់បានមុននឹងប្រគល់ទៅឱ្យមេដឹកនាំអាស៊ានបន្ទាប់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់