ព័ត៌មានជាតិ
កម្ពុជាទទួលបានហិរញ្ញប្បទានជាង១៩២លានដុល្លារពីបារាំងលើគម្រោងអាទិភាពចំនួន៣
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើហិរញ្ញប្បទានសម្រាប់សហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២ លានដុល្លារអាម៉េរិក លើវិស័យធនធានទឹក ធារាសាស្រ្ត និងកសិកម្ម។
ការចុះហត្ថលេខាត្រូវបានធ្វើឡើងរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១៨ ខែធ្នូ នៅទីស្តីការក្រសួង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង សម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និង កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១។
ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) មានទឹកប្រាក់ឥណទានចំនួន ៩១ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៥,៦ លាន ដុល្លារអាម៉េរិក ។
គម្រោងនេះ មានគោលបំណងដើម្បី ស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨ កន្លែង បង្កើនសមត្ថភាពចំនួន ៥ កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦ កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឲ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី; គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាម រយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង ពង្រឹងដល់ការគ្រប់គ្រងធនធាន ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង ។
ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី៣ (Bakheng Water Supply Project Phase III, Credit No.2) គឺជាកញ្ចប់ឥណទានទី ២ ដែលមានទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤ លានដុល្លារអាម៉េរិក ។
«កញ្ចប់ឥណទានទី ២ នេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឲ្យបាន ១៣០,០០០ម ថ្ងៃ, បំពាក់បំពង់មេនាំទឹក និងពង្រីក ប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០ គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្តាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ» ។ នេះបើយោងតាមក្រសួង។
សម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១២ លានអឺរ៉ូ ត្រូវជាប្រមាណ ១២,៦ លានដុល្លារ អាម៉េរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី៣។
ចំពោះជំនួយបច្ចេកទេសនេះ ផ្តោតលើការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្តុះបណ្តាលផ្សេងៗ, និង ការកសាង សមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការ រៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប ។
ក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា៖«ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ មួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ បារាំង តាមរយៈ AFD និង សហភាពអឺរ៉ុប (EU)» ។
គម្រោងទាំង ២ នេះ នឹងជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចនៅកម្ពុជា ដែលឆ្លើយតបទៅនឹងអាទិភាពនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១” របស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃ វិស័យដឹកជញ្ជូន និងវិស័យទឹកស្អាត, និងការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ។នេះបើយោងតាមក្រសួង៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ