ព័ត៌មានជាតិ
កម្មវិធីពិសេសៗមួយចំនួនអបអរសាទរ«ទិវាសន្ដិភាពនៅកម្ពុជា»២០២៤
រដ្ឋាភិបាលបានត្រៀមខ្លួនក្នុងការរៀបចំអបអរសាទរជាពិសេសក្នុង«ទិវាសន្ដិភាពនៅកម្ពុជា»ដែលនឹងរៀបចំទៅនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខ បន្ទាប់ពីទិវានេះត្រូវបានដាក់ចូលជាថ្ងៃឈប់សម្រាកនៅក្នុងឆ្នាំ២០២៤។ ទិវាសន្ដិភាពកម្ពុជា បានក្លាយមកពី ទិវានយោបាយឈ្នះឈ្នះ ដែលនេះជាខួបទី២៦ ហើយ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)
ការរៀបចំទិវាសន្ដិភាពនៅកម្ពុជា ធ្វើឡើងនៅវិមានឈ្នះឈ្នះ និងវិមានកីឡដ្ឋានជាតិមរតកតេជោ។
យោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិដើម្បីអបអរសាទរទិវាសន្ដិភាពនៅកម្ពុជាខាងមុខនេះក្នុងផែនការនឹងមានរៀបចំមីទ្ទីញ ដែលមានកម្លាំងចូលរួមប្រមាណជាង១ម៉ឺននាក់ រួមទាំងមានរៀបចំស្តង់តាំងពិព័ណ៌ប្រមាណ១២ស្ដង់ ព្រមទាំងមានការបាញ់កាំជ្រួចរយៈពេលបីយប់នៃពិធីនេះផងដែរ។
ប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុករៀបចំទិវាសន្ដិភាពនៅកម្ពុជា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយជំរុញពន្លឿនការងារឱ្យឆាប់ចប់ និងសង្ឃឹមថា ការប្រារព្ធមិទិ្ទនឹងប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។ មិទ្ធីញនេះធ្វើឡើងក្រោមអធិបតីឧបនាយរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា។
ក្រៅពីមិទ្ទីញអបអរសាទរនេះ ទិវាសន្ដិភាពនៅកម្ពុជា ឆ្នាំ២០២៤ ក៏មានរៀបចំនូវព្រឹត្តិការណ៍បាល់ទាត់អបអរសាទរ ព្រមជាមួយនឹងការប្រគុំតន្ត្រី បុរាណ សម័យ ក្នុងឱកាសនោះផងដែរ។ ព្រឹត្តិការណ៍នេះនឹងត្រូវនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតី។ តាមការប៉ានស្មានមានអ្នកចូលរួមទស្សនាបាល់ទាត់ប្រមាណ៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ការសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្ដិភាពនៅកម្ពុជា» គឺជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ជាការរម្លឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងកសាងបាននូវសន្ដិភាពពេញលេញ ក៏ដូចជាការដឹងគុណដល់ការលះបង់របស់វីរបុរសស្នេហាជាតិរបស់កម្ពុជាផងដែរ។
ទិវានេះក៏ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យចងចាំពីវិនាសកម្មរបស់ជាតិ និងទុក្ខលំបាករបស់ប្រជាជនដែលកើតឡើងពីសង្គ្រាម និងបំផុសស្មារតីដល់ប្រជាជនកម្ពុជាពី «គុណតម្លៃនៃសុខសន្ដិភាព»។
នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ថា ដោយសារតែសន្ដិភាពដែលបានកើតឡើងតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបប្រទេសកម្ពុជាអាចបញ្ចប់សង្គ្រាម មានឱកាសក្នុងការអភិវឌ្ឍខ្លួនរហូតមកដល់បច្ចុប្បន្ន។
សម្ដេចថា៖ «បច្ចុប្បន្ន ជនបរទេសដែលមកប្រទេសកម្ពុជាជាលើកដំបូង ពួកគេតែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីកចម្រើន និងភាពទំនើបស៊ីវីល័យរបស់កម្ពុជា ដែលខុសទាំងស្រុងពីអ្វីដែលពួកគេធ្លាប់បានឮ ហើយជនបរទេសដែលធ្លាប់មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើលដូចគ្នាជាមួយនឹងល្បឿននៃការីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជា មិនថានៅក្នុងទីក្រុង ឬទីជនបទ។ [..] អ្នកខ្លះគេថា ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា ឱ្យតែនៅលើវេទិកានិយាយតែពីរឿងសន្តិភាព និយាយអត់ចេះធុញ។ ត្រូវហើយអត់ធុញទេ! រំលឹកហើយរំលឹកទៀតព្រោះសន្តិភាពវាផុយស្រួយណាស់។ យើងត្រូវរួមគ្នាចងចាំវា! »។
ការដួលរលំនៃរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គ្រាន់តែជាការបិទបញ្ចប់របបវាលពិឃាតប៉ុណ្ណោះតែបានបើកបន្តនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រគឺសង្គ្រាមស៊ីវិលដែលបន្តបំផ្លាញកម្ពុជាជាបន្តទៀត រហូតដល់ការចរចាបង្កើតកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ បើកឱ្យអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា UNTAC មកគ្រប់គ្រងបណ្ដោះអាសន្នរហូតដកចេញពីកម្ពុជាវិញនៅឆ្នាំ១៩៩៣ ដោយចំណាយលុយអស់២ពាន់លានដុល្លារអាមេរិកក៏មិនទាន់អាចរកសន្ដិភាពបានពេញលេញដល់កម្ពុជាផង គឺសង្គ្រាមនៅតែបន្តដដែល។
ដោយយល់ឃើញថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាន» សម្តេចតេជោ ហ៊ុន សែន បានដាក់អនុវត្តយុទ្ធសាស្ត្រ DIFID ដោយអនុម័តច្បាប់ដកខ្មែរក្រហមចេញពីរង្វង់ច្បាប់ និងដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានអនុវត្តដោយជោគជ័យតាំងពីឆ្នាំ១៩៩៦ និងសម្រេចបានលទ្ធផលជោគជ័យរំលាយអង្គការចាត់តាំងខ្មែរក្រហមបានទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំសន្ដិភាពពេញលេញជូនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។
អតីតរដ្ឋមន្ត្រីព័ត៌មាន បច្ចុប្បន្នជាសមាជិកសភាលោក ខៀវ កាញារីទ្ធ បានសរសេរថាមានតែកម្ពុជា១គត់ក្នុងប្រវត្តិសាស្ត្រពិភពលោកចុងក្រោយបន្ទាប់ពីទ័ពបរទេសដកចេញ និងឈប់ជួយ ប្រទេសនេះនៅតែឈររឹងមាំបានដដែល ក៏ព្រោះតែបុរសម្នាក់ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន។
លោកសរសេរថា៖ «ឈើធំជក់ខ្យល់ ! មានអ្នកស្អប់ មានអ្នកស្រលាញ់ជារឿងធម្មតារបស់អ្នកនយោបាយ ! តែបើយើងពិនិត្យមើលគ្រប់ប្រទេសតាំងពីរបបលន់ ណុល ធីវគី អាហ្វហ្កានីស្ថាន រហូតដល់ប្រទេសស៊ីរីបច្ចុប្បន្ន នៅពេលដែលបរទេសដកទ័ព ឬ ឈប់ជួយភ្លាមរបបគ្រប់គ្រងអំណាចរលំគ្រេងដូចគោដឹកសៀង ។ មានតែកម្ពុជាមួយគត់ដែលនៅរឹងមាំបាន ! នេះព្រោះតែបុរសម្នាក់នេះ!»៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ