ព័ត៌មានជាតិ
អគ្គស្នងការរង ប្រាប់សន្តិសុខឯកជនរួមសហការជាមួយសមត្ថកិច្ច បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស
អគ្គស្នងការរងនគរបាលជាតិ ប្រាប់ភ្នាក់ងារសន្តិសុខឯកជនត្រូវធ្វើជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច តាមរយៈការរាយការណ៍ពីសកម្មភាពសង្ស័យណាមួយជាបទល្មើស ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព។
អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានលើកឡើងថា ក្នុងករណីបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថា ស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ភ្នាក់សន្ដិសុខឯកជន ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ដោយត្រូវរាយការណ៍ភ្លាមទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា និងរួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព។
ការលើកឡើងរបស់លោកអគ្គស្នងការរង ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៨ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បញ្ជាក់ថា វគ្គបំប៉នជំនាញនេះ នឹងធ្វើឱ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការបំពេញការងារប្រចាំថ្ងៃ។
ក្នុងន័យនេះ លោក បានណែនាំដល់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យបន្ដយកចិត្តទុកដាក់ និងជំរុញឱ្យមានវគ្គបំប៉នជំនាញពង្រឹងសមត្ថភាពដល់ភ្នាក់ងារសន្តិសុខឯកជនបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានណែនាំភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីជាការត្រឹមត្រូវ ក្រោយទទួលការបណ្តុះបណ្តាល គោរពឱ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន។
ភ្ជាប់គ្នានេះ ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានប្រាប់នាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានាបន្តចូលរួមគាំទ្រវគ្គបណ្តុះបណ្តាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គបំប៉នជំនាញនេះ។
យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៨លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន ១១ ៤៣២នាក់ (ស្រី ២៤៧នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៦៨នាក់ (ស្រី ២៧នាក់)។
ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្តឱ្យដឹងថា ការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការនៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានល្អប្រសើរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ