ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យធ្វើវិសោធនកម្មច្បាប់រឹតបន្ដឹងលើសកម្មភាពក្មេងទំនើង
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់រដ្ឋបាល និងកម្លាំងសមត្ថកិច្ចរាជធានីខេត្តទាំងអស់ត្រូវមានវិធានថែមទៀតបង្ក្រាបឱ្យអស់រាល់សកម្មភាពក្មេងទំនើង ក្នុងនោះមិនចាំបាច់ទាល់តែពួកគេចេញសកម្មភាពបង្កអសន្តិសុខនោះទេ។ សម្ដេចក៏បានបញ្ជាទៅក្រសួងយុត្តិធម៌ផងដែរឱ្យពិនិត្យធ្វើវិសោធនកម្មច្បាប់លើករណីដែលក្មេងទំនើងដាក់ដាវតាមខ្លួន និងអួតបង្ហាញលើបណ្ដាញសង្គម។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងយុត្តិធម៌ឱ្យពិនិត្យមើលទម្ងន់ទោសលើអ្នកដាក់តាមម៉ូតូ និងអួតដាវ កាំបិត លើបណ្ដាញសង្គមគំរាមអ្នកដទៃ។
សម្ដេចថា៖ «ឱ្យពិនិត្យមើលច្បាប់ហើយបើច្បាប់មើលទៅស្រាលពេកសុំឱ្យធ្វើវិសោធនកម្មដើម្បីពិនិត្យមុខព្រួញនេះឱ្យកាន់តែខ្លាំងតែម្ដង»។
សម្ដេចថា ការអនុវត្តច្បាប់តឹងរឹងលើក្រុមក្មេងទំនើងគឺជាការជួយដល់ពួកគេ ជួយដល់ឪពុកម្ដាយរបស់ពួកគេ និងជួយដល់ពលរដ្ឋផ្សេងទៀត។ វាមិនមែនជារឿងដែលត្រេកអរនោះទេដែលចាប់ក្មេងទាំងនោះទៅឃុំនៅមណ្ឌលអប់រំកែប្រែនោះ តែដើម្បីការពារសណ្ដាប់ធ្នាប់សង្គម និងមនុស្សរាប់ម៉ឺននាក់ទៀតដែលអាចទទួលផលប៉ះពាល់ពីក្មេងទាំងនេះបើនៅតែបណ្ដោយដោយគ្មានការចាប់អប់រំពួកគេ។
សម្ដេចថា៖ «បើមិនដាក់វិធានការនេះទេ! តើមនុស្សប៉ុន្មាននាក់? រាប់ម៉ឺននាក់ដែលរងគ្រោះដោយសារគាត់ត្រូវតែធ្វើហើយជាពិសេសសង្ឃឹមថាវិធានការដែលម៉ឺងម៉ាត់បែបនេះនឹងជួយទម្លាក់បំបាក់ទឹកចិត្តអ្នកផ្សេងកុំឱ្យលេងអាកាប់ហ្នឹង ហើយអាចសុំទោស ឬមួយក៏ត្រឹមវិធានការរដ្ឋបាលនោះ»។
បើតាមសម្ដេចធិបតីបច្ចុប្បន្នអាជ្ញាធរបានកសាងសំណុំរឿងក្មេងទំនើងជាង៦០០ករណី ដែលបានឃាត់ខ្លួនក្មេងទំនើងប្រហែល៣ពាន់នាក់ ក្នុងនោះប្រមាណ២ពាន់នាក់ត្រូវបន្តនីតិវិធីនៅតុលាការ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យ៉ង់ គឹមអេង គាំទ្រវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលតែលោកស្នើឱ្យគិតគូរពីបរិស្ថានសង្គមផងដែរ។ លោកថាក្នុងស្ថានភាពសង្គមបច្ចុប្បន្នដែលសម្បូរទៅដោយការផ្សព្វផ្សាយគ្រឿងស្រវឹង និងបញ្ហាគ្រឿងញៀននោះវាជារឿងដែលអូសទាញយុវជនខ្លាំងបំផុតឱ្យក្លាយជាក្មេងទំនើងដែលបញ្ហានេះរដ្ឋគួរគិតគូរបន្ថែម។
លោកថា៖ «បើរដ្ឋចាំតែដាក់ទោសកំហុសគាត់(ក្មេងទំនើង) មិនដាក់វិធានការខាងសង្គមឱ្យម៉ឺងម៉ាត់ ការដាក់តែទណ្ឌកម្មតែលើក្មេងហ្នឹងក៏មិនសមទំនងដែរ»។
ទិន្នន័យពីក្រសួងយុត្តិធម៌ក្នុងរយៈពេល៧ខែក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងនេះរាជធានីភ្នំពេញទទួលបានសំណុំរឿងច្រើនជាង និងលេខ២គឺខេត្តកំពង់ស្ពឺ និងលេខ៣គឺខេត្តតាកែវ ដោយឡែកខេត្តដែលមិនមានសំណុំរឿងក្មេងទំនើងសោះគឺខេត្តស្ទឹងត្រែង បន្តដោយខេត្តកែប ប៉ៃលិន និងព្រះវិហារ៕
អត្តបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ