Connect with us

ព័ត៌មានជាតិ

ប្រទេសអាស៊ាន៤នាំមុខគេនៃការដោះដូរទំនិញជាមួយកម្ពុជាមានតំលៃជាង១៣ពាន់លានដុល្លារ ​ក្នុងរយៈពេល១១ខែ

បានផុស

នៅ

ប្រទេសធំៗក្នុងតំបន់ចំនួន៤រួមមាន វៀតណាម ថៃ សិង្ហបុរី និង ឥណ្ឌូនេស៊ី ជាប្រទេសឈានមុខគេនៃការផ្លាស់ប្តូរទំនិញជាមួយកម្ពុជា​ក្នុងរយៈពេល១១ខែកន្លងមក​នេះ សរុបជាទឹកប្រាក់ចំនួនជាង១៣ពាន់លានដុល្លារ ឆ្លុះបញ្ចាំងអំពីកំណើននៃតម្រូវការក្នុងតំបន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃអង្គារបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ាទាំងអស់សរុបចំនួនជាង១៤ពាន់លានដុល្លារក្នុងរយៈពេល១១ខែកន្លងមកនេះ កើនឡើងជិត១៣%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  ក្នុងនោះការដោះដូរពាណិជ្ជកម្មជាមួយប្រទេសវៀតណាមសម្រេចបានជាង៧ពាន់លានដុល្លារកើនឡើង២០,៦០%; ថៃចំនួន ៣,៩ពាន់លានដុល្លារ កើនឡើង១៣,៧២%; សិង្ហបុរីចំនួន ១,១ ពាន់លានដុល្លារថយចុះជាង២៤៣% ខណៈការនាំចេញទៅឥណ្ឌូនេស៊ីចំនួនជាង១ពាន់លានដុល្លារកើនឡើងជិត៤%; ម៉ាឡេស៊ីចំនួន៧៧៧លានដុល្លារកើនឡើងជិត​៣៥%; ឡាវមានចំនួន២៣៦លានដុល្លារកើន​ឡើង​​ជិត៣១% ; ហ្វីលីពីនចំនួន៧៩លានដុល្លារ​ថយចុះ​ជិត២%; ប្រុយណេចំនួន៣២លាន​ដុល្លារ​កើនឡើង​ជាង៤៣% និងមីយ៉ាន់ម៉ាចំនួន៣១​លាន​ដុល្លារថយចុះ១,៤៧%។

របាយការណ៍ដដែលបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ ៤,៦២០ ពាន់លានដុល្លារទៅកាន់ប្រទេសអាស៊ានផ្សេងទៀតក្នុងអំឡុងពេលពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ កើនឡើង ៨,៨៧ ភាគរយពី ៤,២៤៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​ជាមួយគ្នានេះដែរ កម្ពុជាក៏បាននាំចូលពីប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ៩,​៦៨៩ ពាន់លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយពី ៨,៤៣៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

លោក ប៉ែន សុ​វិជាតិ រដ្ឋ​​លេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់កម្ពុជាថ្មីថា ការ​កើនឡើង​នៃ​ការដោះដូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃតម្រូវការក្នុង ​​ក្នុង​តំបន់ និង​ពិភពលោក​ បើទោះបី​ស្ថានភាពសេដ្ឋកិច្ចមិនទាន់មានភាពល្អប្រសើរក្តី។

​លោក​បាន​ថ្លែងថា​៖ «​យើង​ឃើញថា ការអូសបន្លាយ​ពេល​នៃ​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​​ក្រែ​ននៅតែបន្ត ប៉ុន្តែបើយើងងាកមកមើលអំពីកត្តាសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលហាក់មានសភាពប្រសើរជាងមុន ជាហេតុធ្វើអោយមានកំណើននៃតម្រូវការ​​​របស់​ប្រជាជន ខណៈដែល​ទីផ្សារ​អាស៊ាន​ភាគច្រើន​យើង​បំពេញ​គ្នា​ទៅវិញទៅមក​​»​។​

បើតាម​លោក សុ​វិជាតិ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ភាគច្រើន​រវាង​កម្ពុជា និង​ប្រជាជាតិ​អាស៊ាន​ផ្សេងទៀត ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​សម្ភារ​កាត់ដេរ​មួយចំនួន​ស្របពេលដែល​ការនាំ​ចូល​ផលិត​ផល​កសិកម្ម​សម្រេច សម្ភារ​ម្ហូបអាហារ គ្រឿង​អេឡិចត្រូនិក និង​រថយន្ត​។​

បើ​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កសិផល សម្លៀកបំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ខណៈដែល​ការនាំ​​ចូល​មានដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក សម្ភារ​សំ​​ណង់ គ្រឿងយន្ត​កសិកម្ម និង​យានជំនិះ​។

របាយការណ៍បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាស៊ានមានទំហំ ចំនួន២៨,៤​ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាដែលមានតម្លៃជិត៣៧​ ពាន់លានដុល្លារក្នុងរយៈពេល៨ខែដើមឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម