ព័ត៌មានជាតិ
ក្រោយស្ថាបនារួចរាល់ ផ្លូវជាតិលេខ ៤ នឹងបម្រើការដឹកជញ្ជូនទំនិញ ២៤ ម៉ោង មិនបារម្ភពីជំនន់ជន់លិចទៀតទេ
លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិលេខ៤ ក្រោយស្ថាបនារួចរាល់នាពេលដ៏ខ្លីខាងមុខនេះ នឹងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបាន ២៤ ម៉ោង មិនបារម្ភពីជំនន់ជន់លិចទៀតទេ។
លោក ផែង សុវិជ្ជានោ បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤ ជាផ្លូវមួយខ្សែដែលមានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ព្រោះផ្លូវមួយនេះបានផ្សារភ្ជាប់រាជធានីភ្នំពេញដែលជាតំបន់អភិវឌ្ឍ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិរញ្ញវត្ថុ និងឧស្សាហកម្ម ជាមួយក្រុងព្រះសីហនុ ដែលជាទីក្រុងកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា។
«ដូចយើងបានដឹងហើយថា កំពង់ផែកំពង់សោម បាននាំទំនិញប្រហែលជា ២/៣ នៃទំនិញដែលនាំចេញ និងនាំចូលទៅកាន់ពិភពលោកពីកម្ពុជា។ ឆ្នាំ២០២៣ កន្លងទៅនេះ កំពង់ផែខេត្តព្រះសីហនុ គ្រាន់តែចាត់ចែងទំនិញនៅក្នុងការចេញចូលមានប្រហែលជា ៨០ ម៉ឺនTEUs ហើយនៅឆ្នាំ២០២៤ នេះប្រហែលជាឡើងដល់ ១ លាន ២ សែន TEUs»។
លោក ផែង សុវិជ្ជានោ បានលើកពីប្រវត្តិផ្លូវជាតិលេខ ៤ មុនពេលក្រសួងយកមកដាក់ក្នុងគម្រោងនៅក្នុងឆ្នាំ២០២០ គឺមានសភាពខូចខាត ដែលធ្វើឱ្យការដឹកជញ្ជូនទៅមកមានការលំបាកជាខ្លាំង។ កន្លងមកផ្លូវមួយខ្សែនេះលិចទឹក ១ ឆ្នាំ ៥ ទៅ ៦ ដង នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យមានការលំបាកដល់ប្រជាពលរដ្ឋនៅក្នុងការរស់នៅមិនអាចទៅសាលា ទៅផ្សារ ឬទៅមន្ទីរពេទ្យ ហើយឡានដឹកទំនិញត្រូវរងចាំរហូតដល់ទឹកស្រក ពេលខ្លះដឹកទំនិញទៅដល់កប៉ាល់មិនទាន់ជាដើម។
រហូតមកដល់បច្ចុប្បន្ន ក្រោយពេលបានស្ថាបនារួចរាល់មួយចំនួនឃើញថា ផ្លូវមួយខ្សែនេះមានស្ថានភាពល្អប្រសើរខ្លាំង។ ផ្លូវប្រវែង ២០៦ គីឡូម៉ែត្រ ក្រុមការងារបានយក ១៩៦ គីឡូម៉ែត្រមកដាក់នៅក្នុងគម្រោង ដោយបានសាងសង់ និងពង្រីកផ្លូវចំនួន ៤៥ គីឡូម៉ែត្រ ពី ២ គន្លង ទៅជា ៤ គន្លង ហើយផ្លូវប្រវែង ១៥១ គីឡូម៉ែត្រទៀត គឺបានធ្វើរួច ១០៨ គីឡូម៉ែត្រហើយ និងបានពង្រីកពីទទឹង ៧ ម៉ែត្រ ទៅទទឹង ១០ ម៉ែត្រ។
នៅក្នុងគម្រោងមានសាងសង់ស្ពាន និងលូ ចំនួន ៥៤ ទីតាំង មកដល់ពេញបច្ចុប្បន្ននេះ ក្រុមការងារសម្រេចបានប្រមាណ ៥០% ហើយ។ ជាក់ស្តែង នៅឆ្នាំនេះបើទោះបីជាទឹកធំ ផ្លូវនេះមិនមានកន្លែងណាលិចទឹកនោះទេ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏មិនមានបញ្ហា អ្នកដឹកជញ្ជូនក៏គ្មានបញ្ហា។ ទំនិញប្រហែលតែ ២% ប៉ុណ្ណោះដែលដឹកជញ្ជូនឆ្លងកាត់ទៅលើផ្លូវល្បឿនលឿន ក្រៅពីនេះនៅរក្សានៅដដែលនៅបន្តដឹកនៅលើផ្លូវជាតិលេខ ៤។
លោកបានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាជាប្រទេសដែលស្ថិតនៅភាគខាងក្រោមនៃដងទន្លេមេគង្គ គឺជាប្រទេសដែលងាយនឹងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គផង និងទឹកជំនន់ទឹកភ្លៀង ហេតុនេះការស្ថាបនាផ្លូវថ្នល់ដែលទប់ទល់ទឹកជំនន់ ទប់ទល់បម្រែបម្រួលអាកាសធាតុ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។
លោក ផែង សុវិជ្ជានោ បានសង្កត់ធ្ងន់ថា «កន្លងមកនៅពេលដែលមានភ្លៀងធ្វើឱ្យថ្នល់ខូច ស្ពានខូច ប៉ុន្តែងាកមកមើលពេលបច្ចុប្បន្នវិញនៅពេលដែលផ្លូវយើងបានស្ថាបនារួច ស្ពានក៏រួច ហើយអាចទប់និងទឹកជំនន់បានទៀត ចឹងហើយយើងអាចរក្សាការធ្វើដំណើរ ២៤ម៉ោង លើ ៧ថ្ងៃ ដែលនេះគឺពិតជាមានសារៈសំខាន់ណាស់»។
ថ្នល់ដែលអាចទប់និងអាកាសធាតុនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាយើង គឺធ្វើយ៉ាងណាឱ្យផ្លូវ ថ្នល់នៅកម្ពុជាមានភាពល្អប្រសើរ មិនមានការខូចខាត មិនមានការរាំងស្ទះ នៅពេលដែលមានទឹកជំនន់ និងជំនន់ទឹកភ្លៀង។
ប៉ុន្តែតម្លៃនៃការស្ថាបនាមានការកើនឡើង មានន័យតម្លៃនៃការស្ថាបនាផ្លូវ ថ្នល់ដែលអាចទប់និងបញ្ហាអាកាសធាតុនេះ គឺមានការកើនឡើងពី ១៥% ទៅ ២០% ដែលច្រើនជាងថ្នល់សាងសង់បែបធម្មតា។
ផ្លូវជាតិលេខ៤ ក្រុមការងារនឹងបញ្ចប់ការស្ថាបនាទាំងស្រុងនៅចុងឆ្នាំ២០២៦។ គម្រោងលើកកម្រិតផ្លូវនេះ ប្រើប្រាស់ថវិកាពីធនាគារពិភពលោកចំនួន ១១០ លានដុល្លារ ដើម្បីកែលម្អផ្លូវ-ជាតិមួយនេះឡើងវិញ ក៏ដូចជាការរៀបចំបំពាក់ប្រព័ន្ធផ្សេងៗ ដួចជាការបំពាក់កាមេរ៉ាចាប់រថយន្តដែលបើកបរលើសល្បឿនកំណត់ផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ