Connect with us

ព័ត៌មានអន្ដរជាតិ

ចិនអនុម័តគម្រោងសាងសង់ទំនប់វារីអគ្គិសនីធំជាង​គេ​បំផុត​លើ​ពិភពលោក​ នៅតំបន់ទីបេ

បានផុស

នៅ

រដ្ឋាភិបាល​ចិនបានអនុម័ត​លើ​គម្រោង​សាងសង់​ទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក នៅគែមភាគខាង​កើត​នៃ​តំបន់​ខ្ពង់រាបទីបេ ទោះ​បី​មាន​ការ​ព្រួយបារម្ភថា​វា​អាច​ប៉ះពាល់​ដល់​មនុស្ស​រាប់លាន​នាក់​ ជា​ពិសេស​នៅ​ផ្នែងខាង​ក្រោម​នៃ​ខ្សែទឹក​ក្នុងប្រទេស​ឥណ្ឌា​ និងបង់ក្លាដែស ក៏ដោយ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទំបន់វារីអគ្គិសនីដ៏ធំ​មហិមា​នេះ​ ​មាន​ទីតាំង​ពី​ផ្នែកខាងក្រោម​បំផុត​នៃទន្លេ Yarlung Zangbo ​ក្នុង​ប្រទេស​ចិន​ ​ហើយ​​តាមការប៉ាន់ស្មានរបស់​ក្រុមហ៊ុន Power Construction Corp នៃប្រទេសចិនក្នុងឆ្នាំ ២០២០ វាមាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន​ប្រមាណ​ ៣០០ ប៊ីលានគីឡូវ៉ាត់ម៉ោង​/ឆ្នាំ។ ទំហំនេះ​ ​ធំជាង​ដល់​ទៅ៣ដង​ នៃ​សមត្ថភាពរបស់​ទំបន់វារីអគ្គិសនី​ Three Gorges Dam (៨៨,២ ប៊ីលាន​គីឡូវ៉ាត់ម៉ោង​/ឆ្នាំ) ភាគកណ្ដាល​នៃប្រទេសចិន​ ដែល​បច្ចុប្បន្ន​ជា​ទំនប់វារីអគ្គិសនីដ៏​ធំ​របស់​សកល។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​ចិន​ Xinhua បានរាយការណ៍កាលពីថ្ងៃពុធថា គម្រោងទំបន់វារីអគ្គិសនីដដែល​ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅ​កាបូន និងអព្យាក្រឹត​កាបូនរបស់ប្រទេសចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងបង្កើតការងារនៅក្នុង​តំបន់ទីបេ។ ​អ្វីដែល​គួរ​​ឱ្យចាប់អារម្មណ៍​ខ្លាំង​បំផុត​មួយ​នោះ​ គឺ​ថា​​ ទីតាំង​ភូមិសាស្រ្ត​នៃ​ទំនប់​ ដោយ​ចំណុច​មួយ​នៃ​ទន្លេ ​Yarlung Zangbo ​បាន​ធ្លាក់ចុះ​ខ្លាំងកម្ពស់ ២ ០០០ ម៉ែត្រ ​ត្រឹម​តែ​រយៈចម្ងាយ ៥០ គីឡូម៉ែត្រ ដែល​នេះ​អាច​​ផ្តល់នូវសក្តានុពលវារីអគ្គិសនីដ៏ធំ ​រួម​ជាមួយ​បញ្ហាប្រឈមផ្នែកវិស្វកម្ម​ផ្សេង​ៗ​។

ទំហំនៃ​ការវិនិយោគនៃគម្រោង​ទាំង​មូល អាច​នឹង​កើន​លើស ១ ទ្រីលាន​យន់ (១៣៧ ប៊ីលាន​ដុល្លារ) ​ដោយ​រាប់ទាំងការចំណាយផ្នែកវិស្វកម្ម ​និងលើស​តម្លៃសាងសង់ទំនប់ Three Gorges Dam ​ដែលត្រូវ​ចំណាយ​ប្រមាណ​ ៣៤,៨ ប៊ីលានដុល្លារ​។​

យ៉ាង​ណា​មិញ​ អាជ្ញាធរចិន​មិនបានបញ្ជាក់ទេ ថាតើមានប្រជាជន​ប៉ុន្មាននាក់ ដែល​រង​ផលប៉ះពាល់ ហើយ​ត្រូវ​ផ្លាស់ទីលំនៅ​ចេញ​ ​និងពី​ផលប៉ះពាល់ជាក់លាក់លើ​​ប្រព័ន្ធអេកូឡូស៊ីក្នុង​តំបន់។ ប៉ុន្តែ​​មន្រ្តីចិនធ្លាប់​​អះអាងថា​ គម្រោងយក្សដដែលនឹង​មិន​ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ឬ​ការ​ផ្គត់ផ្គង់ទឹក​នៅ​ផ្នែកខាង​ក្រោម​នៃ​ទន្លេ​នោះ​ទេ។ ​

​ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ កន្លង​មក​ ប្រទេស​ឥណ្ឌា និងបង់ក្លាដែស បាន​សម្ដែង​ការ​ព្រួយបារម្ភអំពី​​ទំនប់វារីអគ្គិសនីរបស់ចិន​ ​ដោយ​លើក​ឡើងថា​ គម្រោង​នេះ​អាច​​​ធ្វើ​ឱ្យ​បរិស្ថានវិទ្យាក្នុងតំបន់​​ លំហូរ និងផ្លូវទឹក​ខាង​ក្រោម​ទំបន់ មាន​ការ​ប្រែប្រួល​។ ​ទន្លេ ​Yarlung Zangbo ហូរចាក់ទៅក្នុងឈូងសមុទ្របេងហ្គាល់ ដោយ​ឆ្លង​កាត់ឥណ្ឌា និង​បង់ក្លាដែស ដែលឱ្យ​ឈ្មោះវា​​ថា​ ​ទន្លេព្រហ្មបុត្រ (Brahmaputra)។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម