ព័ត៌មានជាតិ
លោកឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើង
ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និង ជាអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ការណែនាំបែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី ២៦ធ្នូ ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តដាក់ឱ្យបាន ម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឱ្យក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។
ការលើកឡើងរបស់លោកឃួង ស្រេង ស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កំរើកឡើងវិញ ក្នុងរយៈពេលថ្មីៗនេះតាមមូលដ្ឋាន។ លោកអភិបាលរាជធានីភ្នំពេញ បានឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំ និងមានអធិការរងនគរបាលម្នាក់ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ដោយក្នុងខណ្ឌនីមួយៗ មានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើលឲ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ។ ជាមួយគ្នានេះយើងត្រូវធ្វើឱ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ ជាដើម។
ជាមួយគ្នានេះដែរ អាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នា ទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ ឱ្យបាន។ ត្រូវរៀបចំប្រចាំបញ្ជាដោយមានកងកម្លាំងនៅជាមួយមានបញ្ហាត្រូវមានមុខជានិច្ច។ ទប់ស្កាត់ក្មេងទំនើងឱ្យបានដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះ។
ក្នុងនោះដែរ លោកអភិបាលក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីអាជ្ញាធរយើងចូល ទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យនិងវិទ្យាល័យ នៅពេលយកម៉ូតូមកផ្ញើបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំងរដ្ឋនិងឯកជន។ យើងអនុវត្តការទប់ស្កាត់បទល្មើសនានា គឺយើងត្រូវធ្វើជាប្រចាំឥតឈប់ទេ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងចំពោះករណី មុខសញ្ញាមិនទាន់មានសកម្មភាពក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន ។
ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានធ្វើការកោតសរសើរ ចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍ រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ទាំងសាលារៀនរដ្ឋ ឬឯកជននោះទេ ។ លោកឃួង ស្រេង បានជំរុញបន្ថែមលើប្រសាសន៍សម្តេចធិបតីដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌ ត្រូវដាក់កម្លាំងអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើង។
លោក ឃួង ស្រេង ក៏បានផ្តល់នូវវិធានការមួយចំនួន ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយដែល គ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេ ជាពិសេសអាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម។
លោកឃួង ស្រេង មានប្រសាសន៍ថា “បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់” ។ យកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យឆ្លងឆ្នាំនិងចូលឆ្នាំសកល២០២៥ខាងមុខ។ត្រូវប្រើយន្តការសង្កាត់ភូមិ មើលថែបង្គោលភ្លើងសាធារណៈខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើងដូចនៅខណ្ឌមានជ័យបន្តទៀត។
លោកអភិបាល បានបន្តថា ចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរក៏ត្រូវកំណត់ឲ្យបានច្បាស់លាស់ដាក់ក្នុងកំរិតណាទីតាំងណាទំហំប៉ុណ្ណា និងត្រូវមានច្បាប់ត្រឹមត្រូវ។ ជាមួយគ្នានេះ ត្រូវបំផុសបំផុលប្រជាពលរដ្ឋឱ្យមានការចូលរួមអបអរសាទរកម្ពុជា និងទិវាសន្តិភាពនៃកម្ពុជា ក្នុងនោះត្រូវធ្វើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ពិធីនាថ្ងៃទី២៩ខាងមុខ៕
ដោយ ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ