ព័ត៌មានជាតិ
មេសហជីព ជំរុញកម្មករខិតខំបំពេញការងារបន្ថែមទៀត ដើម្បីបង្កើនផលិតភាពការងារ កាន់តែប្រសើរ ឆ្លើយតបប្រាក់ឈ្នួលថ្មី
មេសហជីព បានជំរុញឱ្យកម្មករ-និយោជិត យកចិត្តទុកដាក់ខិតខំបំពេញការងារបន្ថែមទៀត ដើម្បីបង្កើនផលិតភាពការងារកាន់តែប្រសើរ ឆ្លើយតបនឹងប្រាក់ឈ្នួលថ្មី ខណៈចាប់ពីដើមឆ្នាំ ២០២៥ ខាងនេះតទៅ កម្មករ-និយោជិត នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៧ ធ្នូ នេះថា ចាប់ពីខែមករា ឆ្នាំ ២០២៥ ខាងមុខនេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ-និយោជិត នឹងទទួលបានចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ កើនឡើង ៤ ដុល្លារ ធៀបឆ្នាំ ២០២៤។
លោកបានបន្តថា «ក្នុងនាមសហជីព ខ្ញុំពិតជាមានភាពរីករាយដែលរាជរដ្ឋាភិបាលបានតម្លើងប្រាក់ឈ្នួលថ្មី ២០៨ ដុល្លារនេះ សម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះ។ កំណើន នៃប្រាក់ឈ្នួលនេះវាពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជួយដល់ជីវភាពរស់នៅរបស់កម្មករ-និយោជិត ក៏ដូចជាជួយបង្កើននូវសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ»។
លោកបានណែនាំដល់កម្មករ-និយោជិត មេត្តាយកចិត្តទុកដាក់ក្នុងការបំពេញការងារ ត្រូវគោរពនូវវិន័យ និងការចាត់តាំងរបស់រោងចក្រ ក៏ដូចជាប្រធានរបស់ខ្លួន ដើម្បីទទួលយកនូវបច្ចេកទេស និងបទពិសោធថ្មីៗ ដើម្បីធ្វើយ៉ាងណាបង្កើនផលិតភាពការងារកាន់តែកើនឡើង និងមានគុណភាពខ្ពស់ ព្រមទាំងចេះយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីសម្រេចបានសហគ្រាសមួយជាកន្លែងសុខសាន្តមួយ ដែលជាបំណងប្រាថ្នា និងជាការកំណត់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
លោកបានបន្ថែមថា «នៅពេលរោងចក្រមានការបង្កើនផលិតភាព និងគុណភាព និងការបំពេញការងារបានល្អនោះ បងប្អូនកម្មករ-និយោជិត នឹងទទួលបានឱកាស និងអត្ថប្រយោជន៍កាន់តែប្រសើរជាងច្បាប់ការងារដែលបានកំណត់ ក៏ដូចជាទទួលបានការតម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ហើយក្រុមប្រឹក្សាប្រាក់ឈ្នួលនឹងរៀបចំកិច្ចប្រជុំប្រាក់ឈ្នួលទៀងទាត់ ដើម្បីតម្លើងប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិត ផងដែរ»។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ក៏ដូចជាអ្នកលក់ទំនិញ កុំតម្លើងថ្លៃទំនិញ និងតម្លើងថ្លៃផ្ទះជួលទៅតាមប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករ-និយោជិត។ ត្រូវរក្សាតម្លៃ ឬបញ្ជរចុះតម្លៃ ដើម្បីចូលរួមចំណែកលើកស្ទួយដល់ជីវភាពបងប្អូនកម្មករ-និយោជិត និងក្រុមគ្រួសារ ឱ្យបានកាន់តែប្រសើរឡើងជាមួយរាជរដ្ឋាភិបាល។
លោក កត្តា អ៊ន បានបន្តថា ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ នឹងចាប់ផ្ដើមអនុវត្តពីខែមករា ឆ្នាំ ២០២៥ ខាងមុខនេះតទៅ កើន ៤ ដុល្លារ បើធៀបទៅនឹងឆ្នាំ ២០២៤ ហើយបើគិតទាំងអត្ថប្រយោជន៍ផ្សេងៗ ទៀត ជាមធ្យមកម្មករ-និយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២៣០ ដុល្លារ ទៅ ៣០០ ដុល្លារ ក្នុង ១ ខែៗ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ