ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣ម៉ឺននាក់ បានទៅឆ្លងឆ្នាំ និងស្រាយទុក្ខកង្វល់ចេញពីខ្លួននៅក្នុងខេត្តមណ្ឌលគិរី
ក្នុងរយៈពេល៣ថ្ងៃនៃឱកាសឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៣១ ០៣០ នាក់ កើនឡើង២០,៦៨% បានទៅលេងកម្សាន្ត បំបាត់ទុក្ខកង្វល់ និងអបអរសាទរឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី២០២៥ នៅក្នុងខេត្តមណ្ឌលគិរី។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន៣០ ៧៦៩នាក់ កើនឡើង២០,៧៦% ភ្ញៀវទេសចរអន្តរជាតិមានចំនួន២៦១នាក់ កើនឡើង១២,០១%។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-02_08-45-23-1024x768.jpg)
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៣ម៉ឺននាក់នេះ បានធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានានៅក្នុងខេត្តមណ្ឌលគិរីយ៉ាងច្រើកុះករ ជាពិសេស រមណីដ្ឋានធំៗ មានជាអាទិ៍ រមណីដ្ឋានទឹកជ្រោះប៊ូស្រាដែលមានភ្ញៀវសម្រុកមកកម្សាន្តច្រើន ព្រោះរដូវនេះ ទឹកហូរធ្លាក់ច្រោះពេញ ស្រស់ស្អាតគួជាទីចាប់ចិត្តសម្រាប់ភ្ញៀវទស្សនាកម្សាន្ត។ ក្រៅពីនេះ ភ្ញៀវទេសចរ ក៏បានទៅលេងកម្សាន្តនៅភ្នំថ្មណាមលៀរ ដែលជាភ្នំថ្មដ៏ធំមហិមាប្រចាំខេត្តមណ្ឌលគិរី បើទោះបីជាផ្លូវធ្វើដំណើរឆ្ងាយជាងរមណីដ្ឋានទឹកជ្រោះប៊ូស្រាក៏ដោយ ក៏ភ្ញៀវទេសចរ នៅតែទៅយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅទីនោះ ភ្ញៀវទេសចរ បានឡើងលើកំពូលភ្នំមើលទេសភាពព្រៃធម្មជាតិដ៏ធំល្វឹងល្វើយ។ បន្ថែមលើនេះ ភ្ញៀវវទេសចរ ក៏បានធ្វើដំណើកម្សាន្តទៅតាមរមណីដ្ឋានផ្សេងទៀតនៅទូទាំងខេត្តមណ្ឌលគិរីផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-02_08-45-28-1024x768.jpg)
ក្នុងការធ្វើដំណើរកម្សាន្តមកកាន់ខេត្តមណ្ឌលគិរីនាឱកាសឆ្លងឆ្នាំសកលនេះ ភ្ញៀវទេសចរជាច្រើនបានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយដែលពួកគេបានមកដល់ខេត្តភូមិភាគឦសានមួយនេះ ហើយបានឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមរមណីយដ្ឋាន ក៏ដូចជា ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ចំពេលដែលធាតុអាកាសចុះត្រជាក់ គួរជាទីចាប់ចិត្តសម្រាប់ដំណើកម្សាន្ត។ ភ្ញៀវទេសចរបានសរសើមិនដាច់ពីមាត់ថា ពួកគេបានមកលេងខេត្តមណ្ឌលគិរីពិតជាមានអារម្មណ៍ស្រស់ស្រាយ ស្រាយអស់ទុក្ខកង្វល់ក្នុងឆ្នាំចាស់ ពេលបានមកឃើញទិដ្ឋភាពទាំងមូលនៃខេត្តមណ្ឌលគិរី ដែលមានភាពស្រស់ស្អាតលើសពីការរំពឹងទុក។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-02_08-45-34-1024x768.jpg)
ភ្ញៀវទេសចរជក់ចិត្តដិតដាននឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃខេត្តមណ្ឌលគិរី ដូចជា ទិដ្ឋភាពភ្នំតូចធំទាបខ្ពស់រំលេចដោយស្មៅពណ៌មាស ហើយពួកគេពិតជារំភើបរីករាយនឹងសម្បត្តិធម្មជាតិទាំងអស់នេះ យកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ លើសពីនេះទៀត ខេត្តមណ្ឌលគិរី មានហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ផ្លូវងាយស្រួលក្នុងការធ្វើដំណើរទៅរមណីដ្ឋាននានា បើទោះបីផ្លូវធ្វើដំណើរជិតទៅដល់រមណីយដ្ឋានមួយចំនួន មានការលំបាកបន្តិចបន្តួច ប៉ុន្តែ វាមិនមែនជាបញ្ហាសម្រាប់ពួកគេឡើយ។ ពាក់ព័ន្ធនឹងសេវាកម្ម ម្ហូបអាហារ ការស្នាក់នៅក្នុងខេត្តមណ្ឌលគិរីវិញ គឺមានតម្លៃសមរម្យ ដែលពួកគេអាចទទួលយកបាន។ អ្វីដែលភ្ញៀវទេសចរចាប់អារម្មណ៍ដែរនោះ គឺបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ធ្វើឱ្យពួកគេ ក៏ដូចភ្ញៀវទេសចរដ៏ទៃទៀត មានសុខសុវត្ថិភាពល្អ ក្នុងការធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋានផ្សេង។ ភ្ញៀវទេសចរជាច្រើន បានបញ្ជាក់យ៉ាងច្បាស់ថា នាឱកាសឆ្លងឆ្នាំសកលនៅឆ្នាំក្រោយៗទៀត ពួកគេនឹងមក CountDown និងលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីជាថ្មីម្តងទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-02_08-45-40-1024x768.jpg)
ដោយឡែក ប្រជាសហគមន៍តាមតំបន់រមណីយដ្ឋាន ក៏ដូចជា អាជីវករលក់ដូរវិញ បានលើកឡើងផងដែរថា ការឆ្លងឆ្នាំសកលឆ្នាំនេះ ភ្ញៀវទេសចរហាក់មានការកើនឡើងច្រើនបើធៀបនឹងឆ្នាំមុន ហើយពួកគេពិតជាសប្បាយរីករាយដែលមានភ្ញៀវទេសចរយ៉ាងច្រើន ធ្វើដំណើរកម្សាន្តទូទាំងខេត្តមណ្ឌលគិរី ដោយពួកគេអាចលក់ផលិតផលប្រចាំតំបន់ជូនភ្ញៀវទេសចរបានច្រើនគួរសម៕
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-02_08-45-22-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-02_08-48-48-1024x768.jpg)
ដោយ៖ រៀម សុខហេង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង