ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង៖ ករណីគ្មានសំណុំរឿងក្មេងទំនើងនៅខេត្តស្ទឹងត្រែង ព្រោះមានការដាស់តឿនជាប្រចាំ និងទប់ស្កាត់ទាន់ពេលវេលា
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានប្រាប់មកកាន់ កម្ពុជាថ្មី នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះថា ករណីដែលគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១បញ្ជូនទៅតុលាការ ព្រោះតែលោកតែងតែក្រើនរម្លឹក និងដាស់តឿនដល់មន្ត្រីក្រោមឱវាទជាប្រចាំក្នុងការអប់រំកូនចៅខ្លួនឱ្យបានល្អ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលារាល់ពេលមានបញ្ហាក្មេងទំនើងកើតឡើង។
លោកអភិបាលខេត្តបានប្រាប់ពីយុទ្ធសាស្ត្រថា៖ “គ្រប់ការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ខ្ញុំតែងតែបានក្រើនរម្លឹកជាប់ជាប្រចាំអំពីក្មេងទំនើង ហើយបានយើងចាប់អនុវត្តការអប់រំណែនាំដើម្បីឈានដល់ការបង្ការ គឺចាប់ពីកូនរបស់បញ្ជាការពារ កូនមេភូមិ កូនមេឃុំ កូនមេប៉ុស្តិ៍ កូនក្រុមប្រឹក្សាទាំងអស់…ប្រសិនជាយើងមិនចេះអប់រំណែនាំកូនខ្លួនយើងទេ យើងមិនមានសិទ្ធិក្នុងការទៅអប់រំណែនាំ ឬឈានដល់ការឃាត់ខ្លួនកូនរបស់ប្រជាពលរដ្ឋទេ”។
លោក សរ សុពុត្រា បញ្ជាក់ថា លោកតែងតែធ្វើការដាស់តឿន និងរម្លឹកជាប្រចាំ ពីបញ្ហាក្មេងទំនើងនេះ តាមរយៈផ្សព្វផ្សាយទូលំទូលាយលើការចូលរួមវេទិកាសាធារណៈនានា ហើយលោកក៏សង្កត់ធ្ងន់ថា លោកនឹងមិនមានការលើកលែងដាច់ខាតទោះបីជាមានកូនៗរបស់មន្ត្រីណាប្រព្រឹត្តខុស ក៏លោកមិនទទួលអន្តរាគមន៍ដែរ។ លោកបានបន្ថែមទៀតថា ជុំវិញករណីដែលគ្មានសំណុំរឿងបទល្មើសក្មេងទំនើងទៅតុលាការនេះ គឺខុសពីការមិនមានក្មេងទំនើង។ ត្រង់ចំណុចនេះ លោកអភិបាលខេត្ត ចង់បញ្ជាក់ថា ក្នុងខេត្តស្ទឹងត្រែងមិនមែនថា មិនមានក្មេងទំនើងសោះនោះទេ ពោល គឺមានក្មេងទំនើង ប៉ុន្តែ ខេត្តមានការអប់រំ ទប់ស្កាត់ ផ្សព្វផ្សាយ និងបង្ការ បង្ក្រាបបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” ថា ខេត្ត និងរាជធានី ដែលមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ គឺរាជធានីភ្នំពេញ បន្ទាប់មកខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ជាខេត្តលំដាប់ទី៣ ដែលមានក្មេងទំនើងច្រើន ហើយលំដាប់ទី៤ និងទី៥ គឺខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ រីឯ ខេត្តដែលមិនមានសំណុំរឿងក្មេងទំនើង និងមានតិចជាងគេនៅតាមសាលាដំបូង គឺខេត្តស្ទឹងត្រែង មិនមានសំណុំរឿងសូម្បីតែ១។ សម្រាប់ខេត្តដែលមានសំណុំរឿងក្មេងទំនើងតិច គឺខេត្តកែប បន្ទាប់មកខេត្តប៉ៃលិន និងខេត្តព្រះវិហារ។ ចំពោះខេត្តស្ទឹងត្រែង ដែលមិនមានសំណុំរឿងក្មេងទំនើងសោះ គឺជាខេត្តគម្រូមួយ ដែលខេត្តផ្សេងអាចយកលំនាំពីការរៀបចំការងាររបស់ខេត្តស្ទឹងត្រែងបាន។ នេះបើតាមការលើកឡើងរបស់ លោក កេង សុម៉ារិទ្ធ។
ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើងនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ប្តេជ្ញាបន្តលើកទឹកចិត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនទាំងអស់ រួបរួមគ្នាធ្វើយ៉ាងណាឱ្យកាន់តែប្រសើរឡើងលើករណីក្មេងទំនើង ព្រោះថា នេះជាកិត្តិយសរបស់ខេត្តទាំងមូល ជាកិត្តិយសរបស់សហគមន៍ និងជាកិត្តិយសរបស់ពលរដ្ឋក្នុងខេត្តស្ទឹងត្រែងគ្រប់ៗរូប៕
ដោយ៖ អុន ស្រីមាន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ