ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរព្រះរាជគុណដល់ព្រះមហាក្សត្រដែលអនុញ្ញាតឱ្យរៀបចំកម្មវិធី«សាទរកម្ពុជា»នៅមុខព្រះរាជវាំង
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងអំណរព្រះរាជគុណថ្វាយចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលទ្រង់បានព្រះរាជានុញ្ញាតឱ្យរៀបចំកម្មវិធី«សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំង។ ជាមួយការថ្លែងអំណរគុណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានប្តេជ្ញាការពារសមិទ្ធផលទាំងឡាយរបស់កម្ពុជាមិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញបានឡើយ។
នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ប្រជារាស្រ្តកម្ពុជា មានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងទៀតថា ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណដ៏ប្រពៃថ្លៃថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងឱ្យយុវជនកម្ពុជាដ៏ធំមួយតែងរៀបចំកម្មវិធីនានាដែលសម្តែងនូវកត្តញ្ញូកតវេទីថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធី ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព្រះរាជពិធី ១០០ ព្រះវស្សា នៃព្រះបិតាជាតិកម្មវិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ និងព្រឹត្តិការណ៍«សាទរកម្ពុជា»។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖«សារជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំសូមថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានដល់ទូលបង្គំយើងខ្ញុំបានរៀបចំកម្មវិធី «សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំងដែលបានបង្ហាញនូវការសាទររបស់មហាគ្រួសារខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រ»។
លើសពីនេះទៅទៀត ឯកឧត្តម ហ៊ុន ម៉ានី និងសហភាពសហព័ន្ធយុវជនកម្ពុជា បានទូលថ្វាយព្រះមហាក្សត្រពីការប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តម ហ៊ុន ម៉ានី និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ទូលថ្វាយព្រះករុណាទៀតថា នឹងដង្ហែតាមព្រះរាជតម្រិះនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានព្រឹត្តិការណ៍«សាទរកម្ពុជា»នៅមុខព្រះបរមរាជរាំង ដើម្បីអបអរសាទរ និងទទួលស្វាគមន៍នៃការមកដល់ឆ្នាំថ្មី២០២៥។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ។ ប៉ុន្តែ ជាការសោកស្តាយបន្តិច គឺនៅចុងបញ្ចប់នៃកម្មវិធី មានកើតឧបទ្ទវហេតុអគ្គិភ័យមួយជាយថាហេតុ តែត្រូវបានគ្រប់គ្រងភ្លាមៗដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងដែលពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់