នយោបាយ
បក្សប្រជាជនបញ្ជូនប្រតិភូទៅសិក្សាពីកិច្ចការអភិវឌ្ឍន៍ប្រទេសក្នុងទំនើបកម្មបែបចិន
គណបក្សប្រជាជនកម្ពុជាកាលពីចុងឆ្នាំ២០២៤កន្លងទៅបានបញ្ជូនប្រតិភូ៣០រូបទៅសិក្សាលើយុទ្ធសាស្ត្រលើកកម្ពស់ផលិតកម្មដើម្បីបង្កើនតម្លៃ ជំរុញការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន និងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងសិក្សាពីកិច្ចការគ្រប់គ្រងដឹកនាំរដ្ឋ និងបក្សផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែធ្នូ ប្រតិភូនេះដឹកនាំដោយសមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជន និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកស្រី ខា ឡេង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងឆុងឈីង និងយូណាន ដោយបានស្វែងយល់ពីការផលិតរថយន្ត ការគ្រប់គ្រងផែ ប្រព័ន្ធភស្ភុភាកម្ម ពិនិត្យលើសង្វាក់ផលិតកម្មនៃដំណាំផ្សិត កាហ្វេ តែ និងផ្កា។
ក្នុងទស្សនកិច្ចនេះក៏មានការសិក្សាពីការកសាងបក្សនៅតាមបណ្ដាជនជាតិភាគតិចផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា៖ «គណៈប្រតិភូមានគោលបំណងសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ជាក់ស្ដែងពីភាគីចិនក្នុងការងារគ្រប់គ្រងរដ្ឋ និងបក្សនៅថ្នាក់មូលដ្ឋាន ក៏ដូចជាកិច្ចការអភិវឌ្ឍប្រទេស នៅក្នុងការធ្វើទំនើបកម្មបែបចិន ដើម្បីជាមូលដ្ឋានក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ យល់ថាទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងដែលផ្អែកលើលទ្ធផលជាក់ស្ដែងដែលបង្ហាញឱ្យឃើញតាមរយៈជំនួយជាបន្តបន្ទាប់ពីចិនមកកម្ពុជាធ្វើឱ្យកម្ពុជាមានសមត្ថភាពកសាងហេដ្ឋារចនាសម្ព័ន្ធ និងបើកច្រកពាណិជ្ជកម្មជាមួយកម្ពុជាជាដើម។ ដោយឡែកចំពោះការទៅសិក្សារៀនសូត្រពីប្រទេសចិនទៀតសោតក៏មិនមែនជារឿងអាក្រក់ដែរ ដោយសារបច្ចុប្បន្នប្រទេសចិនបានក្លាយជាប្រទេសឈានមុខមួយទាំងផ្នែកបច្ចេកវិទ្យា ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោកបណ្ឌិតថា៖ «យើងបញ្ជូនអ្នកសិក្សាទៅសិក្សាពីបណ្ដាប្រទេសជឿនលឿនទាំងអស់នៅទូទាំងពិភពលោកយើងមិនបានប្រកាន់ប្រទេសណាមួយទេ។ ក៏ប៉ុន្ដែថ្មីៗយើងបានបញ្ជូនទៅចិនច្រើន ដោយសារតែពីមុនយើងមិនសូវបានបញ្ជូនវាជាក់ស្ដែងអ៊ីចឹងនេះរឿងមួយ ហើយរឿងទី២ទៀតដូចខ្ញុំបានបញ្ជាក់ការសិក្សាពីចិនគឺជារឿងល្អពីព្រោះចិនមានការអភិវឌ្ឍន៍ ចិនមិនមែននៅសភាព១០០ឆ្នាំមុនក្រលំបាកតោកយ៉ាកនោះទេ គឺចិនកុំម្មុយនីស្តសម័យទំនើបជឿនលឿនជាងបណ្ដាប្រទេសសេរីមួយចំនួនទៀតផង»។
គួរឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនកាលពីខែកញ្ញា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរបានសម្រេចផ្ដល់តួនាទីពេញលេញដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការអនុវត្តន៍ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មី (ឆ្នាំ២០២៤-២០២៨) ដែលមានច្រើនវិស័យរូមមានទាក់ទងនឹង កសិកម្ម ពាណិជ្ជកម្ម ថាមពល សន្ដិសុខ ព័ត៌មានជាដើម។
ហើយក្នុងដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន កាលពីដើមខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះទៅកាន់ប្រទេសចិនប្រធានាធិបតីចិនលោក ស៊ី បានបញ្ជាក់ថា «ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់»៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់