ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) តម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យ សម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ និងមានសួនកម្សាន្តសម្រាប់កូនតាមម្តាយ ថែមទៀតផង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក ចេញនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
គ.ស.ម.ក វាយតម្លៃដូច្នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋលេខាធិការប្រចាំក្រសួងយុត្តិធម៌ និងអគ្គនាយកពន្ធនាគារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែទី២។
ក្នុងពេលនោះ លោក កែវ រ៉េមី សួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់អ្នកជាប់ឃុំនៅម២នេះ និងពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំជាស្ត្រីទូទៅ និងជាពិសេសស្ត្រី មានផ្ទៃពោះ និងស្ត្រីមានកូនតាមជាមួយ ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបន្តរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានា ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ ក៏បានលើកឡើងពីការងារមួយចំនួន ក្នុងការរួមចំណែកដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក្នុងពន្ធនាគារ ជាពិសេសតាមរយៈការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ដែលបានរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។
ទន្ទឹមនឹងនេះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំរបស់ក្រសួង ក្នុងការផ្តល់សេវាសុខាភិបាលដល់ជនជាប់ឃុំទូទាំងប្រទេស ព្រមទាំងបានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យ ចូលរួមកាន់តែសកម្ម ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់ជនជាប់ឃុំទាំងអស់នៅទូទាំង ប្រទេស។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមផងដែរថា ការចុះមកផ្ទាល់នៅ ម២ ជាមួយថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺក្នុងគោលបំណងសំខាន់មួយទៀត គឺដើម្បីនាំ យកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្តង ដែលស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ មិនទុកនរណាម្នាក់ចោលឡើយ ពោល ទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំឭកដល់មន្ត្រីនៅក្នុងពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនៅក្នុងការបំពេញការងាររបស់ខ្លួន ដោយ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អដែលជាផ្នែកមួយនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី និងលោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល ក៏បាននាំយកនូវ អំណោយជាឱសថ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនប្រគល់ជូនដល់ណ្ឌលសម្រាប់ការប្រើប្រាស់ជាក់ស្តែង។
គួរឱ្យដឹងថា មណ្ឌលអប់រំកែប្រែទី២ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ដែលជាមណ្ឌលអប់រំកែប្រែមួយ ទទួលអនុវត្តឃុំឃាំងជនជាប់ឃុំស្ត្រីជាទណ្ឌិត៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៣ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤