ព័ត៌មានជាតិ
២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង
នៅក្នុងឆ្នាំ ២០២៤ កន្លងទៅ ថ្មីៗ នេះ គ្រោះមហន្តរាយធម្មជាតិ បានកើតឡើងជាង ១ ២០០ លើក បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស ជាង ២០០ នាក់ ព្រមទាំងប៉ះពាល់ផ្ទះសម្បែងជាង ៦ ០០០ ខ្នង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ មករា នេះថា ឆ្នាំ ២០២៤ គ្រោះមហន្តរាយធម្មជាតិរួមមាន ៖ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ១ ២៤៣ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៩៥ នាក់ រងរបួស ១៥៣ នាក់ និងបំផ្លាញផ្ទះសម្បែង ៦ ០៥៣ ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត។

លោកបានបន្តថា ក្នុងនោះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៨២៣ បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២០ នាក់ និងរងរបួសចំនួន ៥៩ នាក់ ឆេះផ្ទះ ៨៣៧ ខ្នង តូបផ្សារ ២៧៤ តូប ឃ្លាំងទំនិញ ២៤ កន្លែង រោងចក្រសិប្បកម្ម ២៥ កន្លែង និងអគាររដ្ឋបាល ២៧ កន្លែង ស្លាប់មនុស្ស ២០ នាក់ និងរបួស ៥៩ នាក់។ ក្នុងចំណោម ៨២៣ លើក ក្នុងនោះ នៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេ មានចំនួន ១៥០ លើក បណ្តាលឱ្យឆេះផ្ទះ ១៦៧ ខ្នង តូបផ្សារ ២៣ តូប ឃ្លាំងទំនិញ ១៣ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ៤ កន្លែង ស្លាប់មនុស្ស ៥ នាក់ និងរបួស ១១ នាក់។

ចំណែកគ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក នៅខេត្តចំនួន ២២ លើកលែងរាជធានីភ្នំពេញ ខេត្តកែប និងខេត្តព្រះវិហារ បណ្ដាលឱ្យខូចខាតផ្ទះសម្បែងចំនួន ៣១ ខ្នង ស្លាប់មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៤៥ ក្បាល។ ក្នុងចំណោម ១២៥ លើក ក្នុងនោះ ខេត្តសៀមរាបកើតឡើង ២១ លើក ស្លាប់មនុស្ស ១២ នាក់ របួស ៩ នាក់ ងាប់គោ ៧ ក្បាល និងផ្ទះ ៤ ខ្នង។ រីឯខ្យល់កន្ត្រាក់វិញបានកើតឡើងចំនួន ២៩៥ លើក បណ្ដាលឱ្យរលំផ្ទះចំនួន ៥៤៨ ខ្នង របើកដំបូលផ្ទះ ៤ ៦៣៧ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នង តូបផ្សារ ៤០ តូប អគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស ៣៩ នាក់។

លោក សុទ្ធ គឹមកុលមុនី លើកឡើងបន្តទៀតថា តួលេខនេះ បើធៀបទៅនឹងឆ្នាំ ២០២៣ កន្លងទៅ ឃើញថា កើនឡើង តែផលប៉ះពាល់ និងជនរងគ្រោះ មានចំនួនតិចជាង។ ក្នុងនោះ ឆ្នាំ ២០២៣ គ្រោះមហន្តរាយធម្មជាតិរួមមាន ៖ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងអគ្គិភ័យ បានកើតឡើងចំនួន ១ ០១៨ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២៣ នាក់ រងរបួស ២៧៨ នាក់ និងបំផ្លាញផ្ទះសម្បែងជិត ១៨ ០០០ ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត។

ក្នុងនោះ រន្ទះបាញ់កើតឡើងចំនួន ១៤៣ លើក បណ្តាលឱ្យខូចខាតផ្ទះ ១៦ ខ្នង ស្លាប់ ៨៤ នាក់ របួស ៥៩ នាក់ និងងាប់គោក្របី ១០៧ ក្បាល។ ចំណែកខ្យល់កន្ត្រាក់កើតឡើងចំនួន ៣០៤ លើក បណ្តាលឱ្យរលំផ្ទះ ២ ០៣៤ ខ្នង របើកដំបូលផ្ទះ ១៥ ៤៤៩ ខ្នង សាលារៀន ៩៥ ខ្នង តូបផ្សារ ៨០ តូប អគាររដ្ឋបាល ៤០ អគារ ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៧៥ នាក់។ រីឯអគ្គិភ័យកើតឡើងចំនួន ៥៧១ លើក បណ្តាលឱ្យឆេះផ្ទះ ៦៣៦ ខ្នង តូបផ្សារ ៤៩៩ តូបឃ្លាំងទំនិញ ១៤ សាលារៀន ១ ខ្នង រោងចក្រសិប្បកម្ម ១១ កន្លែង អគាររដ្ឋបាល ១៤ កន្លែង ស្លាប់មនុស្ស ៣០ នាក់ និងរបួស ៤៤ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា