ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ មនុស្សត្រូវយល់ថា “ផ្លូវចិត្ត” ជារឿងសំខាន់ត្រូវថែទាំ និងត្រូវស្វែងរកដំណោះស្រាយពេលជួបវិបត្តិ
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យ កម្ពុជាថ្មី ដឹងថា សុខភាពផ្លូវចិត្តគឺជារឿងសំខាន់ខ្លាំងណាស់ ដែលត្រូវយកចិត្តទុកដាក់មើលថែឱ្យបានល្អដូចសុខភាពរាងកាយដែរ ហើយប្រសិនជាសម្គាល់ថា ខ្លួនមានបញ្ហាផ្លូវចិត្តមិនសូវល្អ ត្រូវប្រញាប់ស្វែងរកដំណោះស្រាយ ឬស្វែងរកអ្នកជំនាញឱ្យបានទាន់ពេលវេលា។
បណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា កត្តាសំខាន់មនុស្សត្រូវតែយល់ថា ជំងឺផ្លូវចិត្ត ជារឿងសំខាន់ ហើយបញ្ហាផ្លូវចិត្ត ក៏មានវិធីដោះស្រាយដែរ តាមរយៈការគ្រប់គ្រងស្ត្រេស ការគ្រប់គ្រងថប់បារម្ភ ឬក៏ការគ្រប់គ្រងកំហឹង ការចេះជួយខ្លួនឯង និងការស្វែងរកអ្នកជំនាញផ្លូវចិត្តជួយជាដើម។ បន្ទាប់ពីជួបអ្នកជំនាញ ក៏ត្រូវអនុវត្តវិធីសាស្ត្រព្យាបាលតាមការណែនាំរបស់អ្នកជំនាញដូចគ្នា។ លោកបណ្ឌិតបន្ថែមថា ទាក់ទងនឹងបញ្ហាផ្លូវចិត្តនេះ ក៏មានមនុស្សមួយចំនួនដែលមានវិបត្តិនេះ មិនហ៊ានក្នុងការស្វែងរកជំនួយ ឬរកដំណោះស្រាយឡើយ ព្រោះខ្លាចគេមើលមកថាខ្លួនមានបញ្ហាវិកលចរិតជាដើម។
អ្នកជំនាញទស្សនវិជ្ជា ឈត ប៊ុនថង មានប្រសាសន៍ថា៖ “ពេលខ្លះទៀត អ្នកខ្លះគាត់យល់ខុស ពេលដែលមានបញ្ហាផ្លូវចិត្តហ្នឹង គាត់មិនទៅពឹងពាក់នរណាសូម្បីតែអ្នកជិតខាង។ គាត់សំងំតែឯង ឬក៏ពេលគាត់មានបញ្ហាផ្លូវចិត្ត គាត់ទៅប្រើគ្រឿងស្រវឹង គ្រឿងញៀន ដែលធ្វើឱ្យគាត់កាន់តែមានបញ្ហាធ្ងន់ធ្ងរជាងមុនជាដើម។ អញ្ចឹងរឿងទាំងអស់នេះគាត់ត្រូវតែពិគ្រោះជាមួយអ្នកជំនាញ ទាំងអ្នកជំនាញខាងផ្តល់យោបល់ជំងឺផ្លូវចិត្ត វិបត្តិផ្លូវចិត្ត ឬគ្រូពេទ្យចិត្តសាស្ត្រដើម្បីពិគ្រោះយោបល់”។ ជាមួយគ្នានេះ លោកបណ្ឌិតក៏សង្កេតឃើញថាបច្ចុប្បន្ន មានមនុស្សភាគច្រើនដែលដឹងថាខ្លួនមានបញ្ហានេះ បានស្វែងរកដំណោះស្រាយផ្សេងៗ និងរកជំនួយពីអ្នកជំនាញទាន់ពេលវេលាដូចគ្នា។
ចំពោះកត្តាដែលបណ្តាលឱ្យមនុស្សឈានដល់មានសុខភាពផ្លូវចិត្តមិនល្អ ឬវិបត្តផ្លូវចិត្ត គឺមកកត្តារួមផ្សំជាច្រើន ដូចជាការមិនសូវចាប់អារម្មណ៍ពីអាការៈស្ត្រេសរបស់ខ្លួន ដែលធ្វើឱ្យមានការវិវត្តកាន់តែខ្លាំងឡើងៗ។ ក្រៅពីមិនបានចាប់អារម្មណ៍ មនុស្សភាគច្រើនមិនយល់ថា តើអ្វីួទៅជាជំងឺផ្លូវចិត្ត ការថប់បារម្ភ និងអ្វីទៅជាស្ត្រេស? ហើយក៏មិនយល់ពីសារៈសំខាន់នៃសុខភាពផ្លូវចិត្តរបស់ខ្លួនដូចគ្នា។ កត្តាផ្សេងទៀត មកពីការប៉ះទង្គិចផ្លូវអារម្មណ៍តាមរយៈបញ្ហាសុខភាពរាងកាយ វិបត្តិសេដ្ឋកិច្ច នយោបាយ សង្គ្រាម អំពើហិង្សា ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬការស្ទះចរាចរណ៍ណែនតាន់តាប់ ដែលធ្វើឱ្យមនុស្សមានការធុញថប់ ក៏ប៉ះពាល់ដល់អារម្មណ៍ដែរ។ លោកបណ្ឌិតបន្តថា អំពើមិនសមហេតុផលជាច្រើនដែលសង្កត់លើផ្លូវចិត្តផ្លូវអារម្មណ៍របស់មនុស្ស, ការរកចំណូលបានទាបចំណាយខ្ពស់, បញ្ហាការងារ គឺទាំងអស់នេះសុទ្ធតែប៉ះពាល់ដល់ផ្លូវអារម្មណ៍ ផ្លូវចិត្តមនុស្ស។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងនូវវិធីបង្ការ និងការធ្វើឱ្យសុខភាពផ្លូវចិត្តល្អប្រសើរចំនួន១០ចំណុច ដែលមនុស្សគួរអនុវត្តចៀសវាងមានសម្ពាធផ្លូវចិត្តពេក ឈានដល់ប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ខ្លួន។ ទី១ ការកំណត់គោលដៅអ្វីមួយឱ្យសមល្មមនឹងសមត្ថភាពខ្លួន កុំធំពេក ក៏កុំតូចពេកដែរ។ ទី២ ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ទី៣ ជឿជាក់លើខ្លួនឯង ជឿលើសមត្ថភាពខ្លួន និងមានភាពរឹងមាំ។ ទី៤ ត្រូវចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ ចេះបែងចែករវាងពេលវេលាផ្ទាល់ខ្លួន ការរៀនសូត្រ និងការងារ។ ទី៥ ហ៊ានប្រឈមមុខ ដោះស្រាយជាមួយបញ្ហា កុំរត់គេច។ ទី៦ រក្សាគោលជំហរ និងចក្ខុវិស័យរបស់ខ្លួន ទី៧ ទោះមមាញឹកនឹងការងារយ៉ាងណា ក៏ត្រូវស្វែងរកពេលវេលាសម្រាកលម្ហែអារម្មណ៍។ ទី៨ កុំលាក់អារម្មណ៍សោកសៅរបស់ខ្លួន ត្រូវបញ្ចេញអារម្មណ៍ទាំងនោះតាមរយៈវិធីសាស្ត្រផ្សេងៗដែលមិនប៉ះពាល់អ្នកដទៃ។ ទី៩ បរិភោគអាហារដែលជំនួយសម្រាប់សុខភាព និងចុងក្រោយ គឺគួរតែមានលំហាត់ប្រាណឱ្យបានច្រើនដើម្បីសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ ហើយក៏ធ្វើឱ្យមនុស្សបំបាត់ភាពតានតឹងខ្លះដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»