Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសប៉ូឡូញថា នឹងការពារលោក Benjamin Netanyahu ពីការចាប់ខ្លួនរបស់ICC

បានផុស

នៅ

រដ្ឋាភិបាលប៉ូឡូញ បាន​ប្រកាស​ថានឹងការពារលោក Benjamin Netanyahu ពីការចាប់ខ្លួនដែលអាចកើតមានពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងសន្យាថា មិនថានាយករដ្ឋមន្ត្រីឬមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល អាចធ្វើដំណើរដោយសេរីទៅកាន់ប្រទេសប៉ូឡូញក្នុងថ្ងៃខួបលើកទី ៨០ នៃការរំដោះជុំរុំ Auschwitz-Birkenau ពីអាល្លឺម៉ង់នៅចុងខែនេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានសរសេរទៅកាន់ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk ដោយសុំឱ្យលោក Netanyahu ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីរំលឹកនេះ«ដោយមិនមានការរារាំង» ដោយសារលក្ខណៈពិសេសនៃព្រឹត្តិការណ៍នេះ ខណៈដែលលោក Netanyahu កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។

ជាការឆ្លើយតប លោក Donald Tusk កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីសម្រេចថា៖ «រដ្ឋាភិបាលប៉ូឡូញចាត់ទុកការចូលរួមដោយសុវត្ថិភាពរបស់មេដឹកនាំអ៊ីស្រាអែលក្នុងពិធីបុណ្យរំលឹកខួបនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០៥ ដែលជាផ្នែកមួយនៃការឧទ្ទិសដល់ប្រជាជាតិជ្វីហ្វ ដែលកូនស្រី និងកូនប្រុសរាប់លាននាក់បានក្លាយជាជនរងគ្រោះនៃការសម្លាប់រង្គាលដែលបានធ្វើឡើងដោយ Third Reich (អាល្លឺម៉ង់ណាស៊ី)»។ លោក Tusk ក៏បានប្រាប់អ្នកយកព័ត៌មានថា៖ «មិនថាជានាយករដ្ឋមន្ត្រី ប្រធានាធិបតី ឬជារដ្ឋមន្ត្រីអ៊ីស្រាអែលដែលនឹងមកចូលរួមការប្រារព្ធពិធីនៅ Auschwitz នឹងត្រូវបានធានាសុវត្ថិភាព ហើយនឹងមិនត្រូវបានឃុំខ្លួនឡើយ។»

(រូបភាព៖ Getty)

គួររម្លឹកថា កាលពីខែវិច្ឆិកា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់លោក Yoav Gallant ក៏ដូចជាមេបញ្ជាការក្រុមហាម៉ាស​ លោក Ibrahim a-Masri ដែលត្រូវបានគេស្គាល់ថា Mohammed Deif ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ក្នុងនាមជារដ្ឋសមាជិករបស់ ICC ប៉ូឡូញ តម្រូវឱ្យឃុំខ្លួនជនសង្ស័យដែលប្រឈមនឹងដីកាចាប់ខ្លួន ប្រសិនបើពួកគេស្ថិតលើទឹកដីរបស់ខ្លួន ប៉ុន្តែតុលាការមិនមានវិធីដើម្បីអនុវត្តវានោះទេ។ អ៊ីស្រាអែល​មិន​មែន​ជា​សមាជិក​របស់ ICC ទេ ហើយ​ជំទាស់​នឹង​យុត្តាធិការ​មួយ​នេះ។ អ៊ីស្រាអែល​បាន​ថ្កោលទោស​ដីកា​ចាប់​ខ្លួន​លោក Netanyahu និងលោក Gallant ដោយ​និយាយ​ថា​ខ្លួន​បាន​ធ្វើ​សកម្មភាព​ក្នុង​ការ​ការពារ​ខ្លួន​ដែល​បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារកាលពី​ថ្ងៃ​ទី៧​ខែ​តុលា​ឆ្នាំ ២០២៣ ពី​ក្រុមហាម៉ាស។

ទោះយ៉ាងណាវាមិនច្បាស់ថាតើលោក Netanyahu នឹងចូលរួមដែរឬទេ ព្រោះលោក មិន​បាន​និយាយ​ថា​តើ​លោក​នឹង​ចូលរួម​ពិធី​រំលឹក​នៅ Auschwitz ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែលោកធ្លាប់បានចូលរួមក្នុងពីធីគម្រប់ខួបនេះកាលពីលើកមុន។

គួរបញ្ជាក់ថាមនុស្សជាង ១.១ លាននាក់ ដែលភាគច្រើនជាជនជាតិជ្វីហ្វ បានស្លាប់នៅក្នុងបន្ទប់​ទណ្ឌកម្ម ឬពីការអត់ឃ្លាន ត្រជាក់ និងជំងឺនៅ Auschwitz ដែលអាល្លឺម៉ង់​ណាស៊ី​បានបង្កើតឡើងនៅក្នុងប្រទេសប៉ូឡូញនិងកាន់កាប់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម