ព័ត៌មានជាតិ
៩ថ្ងៃ បុគ្គលជាប់កាតព្វកិច្ចជិត៧០% បានប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់
រយៈពេល៩ថ្ងៃ រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ មានបុគ្គលជាប់កាតព្វកិច្ចប្រមាណ ៧០% បានដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់ តាមរបប ០២ឆ្នាំម្ដង។
យោងមាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានកំណត់ថា បុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល មាន៖ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
បន្ថែមពីនេះ គឺមន្រ្តីរាជការស៊ីវិល មន្ត្រីយោធា នគរបាលជាតិ មន្ត្រីរាជការសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ និងមន្រ្តីផ្សេងទៀត ដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមបញ្ជីរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់ដឹកនាំសង្គមស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម អយ្យការ សាការី ក្រឡាបញ្ជី អាជ្ញាសាលា ក៏ជាប់កាតព្វកិច្ចនេះដែរ។
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើឡើងរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៥។
តាមទិន្នន័យពីអង្គភាពប្រឆាំងអំពើពុករលួយ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ១៥ ៩០៧ច្បាប់ ស្មើនឹងប្រមាណជិត ៧០% នៃចំនួនបុគ្គលត្រូវប្រកាសសរុប ២២,៧៧៦រូប។ ក្នុងនោះ ខេត្តចំនួន១១ មានខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ ខេត្តព្រះសីហនុ និងខេត្តកណ្ដាល ព្រមទាំងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០%។
ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។
មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ