Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

បានផុស

នៅ

កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍ កាសែត​វៀតណាម​ VnExpress បាន​រាយការណ៍ថា​ តម្លៃអង្ករ​នាំចេញ​របស់​វៀតណាម​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុងរយៈពេល​ ៤ ឆ្នាំ​ ដែល​បង្កជា​ការ​ត្អូញត្អែរពី​កសិករ​ ហើយធ្វើ​ឱ្យ​ឈ្មួញនាំចេញ​កាត់បន្ថយ ឬបង្អែបង្អង់ទិញ​ស្រូវនារដូវប្រមូលផល​ដើម​ឆ្នាំ ២០២៥ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សមាគម​អាហារ​វៀតណាម តម្លៃអង្ករបាក់ ៥ ភាគរយ របស់​វៀតណាម បាន​ធ្លាក់ចុះ​ដល់​ ៤៣៤ ដុល្លារ​/តោន​ ដែលវា​ជា​តម្លៃទាប​បំផុត​ក្នុងរយៈពេល​៤ឆ្នាំ ខណៈ​តម្លៃអង្ករ​ប្រភេទ​ដូចគ្នា​របស់​ប្រទេស​នាំចេញ​អង្ករ​ធំៗ​ផ្សេងទៀត​ លក់​នៅតម្លៃ​ក្រោម​ ៥០០ ដុល្លារ​/តោន ដែល​ក្នុង​នោះរួមមាន​ អង្ករថៃនៅតម្លៃ​ ៤៧៩ ដុល្លារ​/តោន​ ឥណ្ឌា ៤៤០ ដុល្លារ/តោន និងប៉ាគីស្ថាន ៤៤៨ ដុល្លារ/តោន។

តម្លៃអង្ករបាក់៥ភាគរយរបស់​ឥណ្ឌា ថៃ និងវៀតណាម​ ត្រូវ​បាន​ជួញដូរ​នៅតម្លៃចន្លោះពី ៥៣០-៥៧០ ដុល្លារ​/តោន កាលពីចុងខែ​កញ្ញា​ឆ្នាំ​មុន ខណៈតម្លៃអង្ករ​វៀតណាម និងថៃធ្លាប់ឡើងដល់ជាង​ ៦០០ ដុល្លារ/តោន កាលពី​ឆ្នាំ​មុន​ដូចគ្នា នៅពេល​ដែល​តម្រូវការ​សកល​ហក់ឡើង​។

អ្នកជំនាញ​និយាយថា​ តម្លៃអង្ករវៀតណាម​ធ្លាក់ចុះ​បណ្ដាល​មក​ពី​កត្តា​ច្រើន​យ៉ាង​ ជា​ពិសេស​កម្សោយ​នៃតម្រូវការ​ពី​ប្រទេស​នាំចូល​ធំ​ៗ​ ក៏ដូចជា​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំងសម្រាប់​ការ​ផ្គត់​ផ្គង់​អង្ករ​។ ប៉ុន្តែ​កត្តា​ទាំង​នោះ​ ក៏​​ជា​មូលហេតុផ្សំ​គ្នា​ ដែល​ធ្វើ​ឱ្យតម្លៃ​អង្ករ​អន្តរជាតិ​ ធ្លាក់ចុះ​ក្រោម​ ៥០០ ដុល្លារ​/តោនផងដែរ​។

នៅឆ្នាំ​ ២០២៥ នេះ​ ឥណ្ឌូណេស៊ី​ ដែលជា​ប្រទេស​នាំចូល​អង្ករ​ធំជាង​គេ​បំផុត​មួយ​លើ​ពិភព​លោក​ បាន​ប្រកាស​ផ្អាក​ការ​នាំចូល​អង្ករ​ ដោយ​ប្ដេជ្ញាជំរុញ​ផលិតកម្មស្រូវ​ក្នុងស្រុក ហើយ​ឆ្ពោះ​ទៅរក​ការ​ផ្គត់​ផ្គង់ដោយ​ខ្លួន​ឯង​។ អ្នក​ជំនាញ​បាន​គូស​បញ្ជាក់ថា​ កាល​ពី​ឆ្នាំ ២០២៤ ប្រទេស​នេះ និង​ហ្វីលីពីន​ ​បាន​បង្កើន​ការ​នាំចូល​អង្ករ​ដើម្បី​រក្សា​សន្ដិសុខស្បៀង​ ដែល​ជួញធ្វើ​ឱ្យ​តម្លៃ​អង្ករលើទីផ្សារ​អន្តរជាតិ​​ស្ថិត​នៅ​ខ្ពស់​ថេរ​ ហើយ​ការផ្អាកយ៉ាងដូច្នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​សំខាន់​ដល់​តម្លៃ​អង្ករ​។

លើស​ពី​នេះ​ ការ​ដក​ការ​រឹតត្បឹត​លើ​ការ​នាំចេញ​អង្ករ​របស់​ឥណ្ឌា​ ក៏​រួម​ចំណែក​លើ​ការ​ធ្លាក់ចុះ​តម្លៃ​អង្ករ​អន្តរជាតិ​ផងដែរ​ ដោយ​វា​ធ្វើឱ្យ​អង្ករ​​ជន់​លិច​ទីផ្សារជាថ្មី​​ ហើយ​បន្ថូរបន្ថយ​ហានិភ័យនៃការ​​ផ្គត់​ផ្គង់​ ដែល​ជា​ធម្មតា​បង្កើន​សម្ពាធ​សម្រាប់​តម្លៃ​។ ការណ៍​នេះ​មាន​ន័យថា​ ប្រទេស​នាំចូល​អង្ករ​មាន​ជម្រើស​កាន់តែច្រើន​ពី​ប្រភព​ផ្គត់​ផ្គង់​ ជាមួយ​នឹង​និន្នាការធ្លាក់ចុះ​នៃ​តម្លៃ​អង្ករ​។ ជា​ឧទាហរ​ណ៍ស្រាប់ ហ្វីលីពីនដែល​ជា​ប្រទេស​នាំចូល​អង្ករ​ដ៏​ធំបំផុត​មួយ​នោះ​ ទទួល​បាន​ប្រយោជន៍​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​មិន​ប្រញាប់ប្រញាល់​ក្នុងការ​នាំចូល​អង្ករ​សម្រាប់​សន្តិសុខស្បៀងនោះ​ទេ​ ទោះ​បីជា​មាន​ការ​រំពឹង​ទុកថា​ ខ្លួន​នឹង​បង្កើន​ការ​នាំចូល​អង្ករ​នៅឆ្នាំ​នេះ​ក៏ដោយ​។

អ្នកជំនាញ​ក៏​លើក​ឡើងផងដែរ​ថា​ តម្លៃ​អង្ករ​អន្តរជាតិ​ទំនង​មាន​ទំនោរ​បន្ត​ធ្លាក់ចុះ​នៅឆ្នាំ ២០២៥ ដោយសារ​តែ​កំណើន​នៃការ​ផ្គត់​ផ្គង់​។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក ការផ្គត់ផ្គង់អង្ករពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៤/២៥ ដោយផលិតកម្មអង្ករ​​នឹងឈានដល់កម្រិតខ្ពស់បំផុតជាង ៥៣៣ លានតោន ដោយ​ខ្ពស់​ជាង​ឆ្នាំ​ ២០២៣/២៤ ប្រមាណ​ ១១ លាន​តោន​​។ ក្រៅពីតែ​ពី​ឥណ្ឌា ថៃ និងវៀតណាម​ ប្រទេសផ្សេងទៀតដូចជា អេហ្ស៊ីប ហ្គីយ៉ាណា ជប៉ុន និងវេណេហ្ស៊ុយអេឡា ​ក៏​រួម​ចំណែក​កាន់តែខ្លាំង​សម្រាប់​ផលិតកម្មស្រូវអង្ករផងដែរ​ មាន​ន័យ​ថា​ ការ​ផ្គត់​ផ្គង់កាន់តែច្រើន​សម្រាប់ទីផ្សារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានជាតិ១២ នាទីutes មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា២១ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ២៩ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

Sokha Hotels

ព័ត៌មានពេញនិយម