ព័ត៌មានជាតិ
តើករណីបែបណាខ្លះដែលក្រសួងមហាផ្ទៃអាចធ្វើមោឃភាពលិខិតឆ្លងដែនធម្មតា?
លិខិតឆ្លងដែនធម្មតាកម្ពុជា ជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននេះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស។ ប៉ុន្តែលិខិតឆ្លងដែននេះ ក៏ត្រូវបានស្ថាប័នមានសមត្ថកិច្ចអាចដកហូតមកវិញបានគ្រប់ពេលវេលា។
តួយ៉ាង ពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានសម្រេចធ្វើមោឃភាពលើលិខិតឆ្លងដែនធម្មតារបស់ឈ្មោះ ហេង សិទ្ធី ដែលគេស្គាល់ថា ជាអតីតអ្នកឧកញ៉ាកម្ពុជាកំពុងរត់ទៅក្រៅប្រទេស ហើយបន្ទាប់ពីមោឃភាពលិខិតឆ្លងដែន អតីតអ្នកឧកញ៉ារូបនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរជាតិ ចាប់ឃាត់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងត្រៀមបញ្ជូនមកកម្ពុជាវិញថែមទៀត។ ជុំវិញករណីនេះ ក៏មានចម្ងល់ខ្លះលើកឡើងថា តើមូលហេតុអ្វីបានជាអាជ្ញាធរកម្ពុជាធ្វើមោឃភាពលើលិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី រហូតឈានដល់ការចាប់ខ្លួនបែបនេះ?
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គឺក្រសួងមហាផ្ទៃ គឺជាអ្នកទទួលខុសត្រូវក្នុងការចេញលិខិតឆ្លងដែនធម្មតាសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺជាសេនាធិការលើការងារនេះ ហើយដើម្បីធានាដល់ការផ្ដល់លិខិតឆ្លងដែនធម្មតានេះ ក្រសួងមហាផ្ទៃ ក៏បានចេញប្រកាសមួយស្ដីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា តាំងពីឆ្នាំ២០១៤។ ប្រកាសលេខ១៤៦១ប្រ.ក ស្តីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា របស់ក្រសួងមហាផ្ទៃ បានកំណត់ទាំងលក្ខខណ្ឌ នីតិវិធី បទបែបនៃការផ្ដល់លិខិតឆ្លងដែន សុពលភាព និងការមោឃភាពលិខិតឆ្លងដែន ជាដើម។
ប្រកាស៤ នៃប្រកាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នមានភារកិច្ចផ្តល់លិខិតឆ្លងដែនធម្មតា គឺមានសិទ្ធិបដិសេធមិនផ្តល់លិខិតឆ្លងដែន ឃាត់លិខិតឆ្លងដែនទុក ឬបដិសេធលិខិតឆ្លងដែន ដែលបានផ្តល់រួចហើយ ក្នុងករណីមួយចំនួន ដូចជា៖ ១) ជនដែលមានសំណើពីស្ថាប័នមានសមត្ថកិច្ចសុំមិនឱ្យផ្តល់លិខិតឆ្លងដែន ២) ជនដែលមានការសម្រេចពីតុលាការហាមឃាត់ការចាកចេញពីព្រះរាជាណាចក្រកម្ពុជា ៣) ពិរុទ្ធជន ទណ្ឌិត ឬជនកំពុងមានដីកាបង្គាប់ឱ្យចាប់ខ្លួន និង៤) លិខិតឆ្លងដែនដែលក្លែង ឬលិខិតឆ្លងដែនដែលបាត់។
ដូច្នេះ ផ្អែកលើប្រកាសនេះ ការដែលក្រសួងមហាផ្ទៃ ធ្វើមោឃភាពលិខិតឆ្លងដែនធម្មតារបស់លោក ហេង សិទ្ធី គឺបានស្របគតិយុត្តដែលបានកំណត់ ពោលគឺក្រសួមហាផ្ទៃ បានប្រកាសធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅកម្ពុជា ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា។
លិខិតរបស់ក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាដោយលោក ស៊ា កុសល រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស បានប្រកាសប្រាប់ស្ថានទូតកម្ពុជាប្រចាំនៅបរទេសទាំងអស់ពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ារូបនេះ ហើយឱ្យជូនដំណឹងពីការមោឃភាពលិខិតឆ្លងដែននេះទៅកាន់រដ្ឋដែលជាម្ចាស់ផ្ទះទាំងអស់។ ហេតុដូច្នេះហើយ ទើបឈានទៅដល់ការចាប់ខ្លួនលោក ហេង សិទ្ធី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណតស្ថានីយ៍រថភ្លើងក្នុងប្រទេសរុស្សី៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ