ព័ត៌មានជាតិ
លោកឃួងស្រេង ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នារសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូននិងជោគជ័យ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀម លក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើការរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ ក៏បានគិតគូរទាំងលើការរៀបចំតុបតែង ការប្រគុំតន្ត្រី ការគ្រប់គ្រងទឹក ភ្លើង អនាម័យបរិស្ថាន ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពទាំងក្នុងនិងក្រៅពិធី។ បន្ថែមពីនេះ លោក ឃួង ស្រេង នៅបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ រក្សាឱ្យបានសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ការប្រកួត កីឡាបាល់ទាត់នេះ ជាការប្រកួតមិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមាន២ការប្រកួត គឺ- ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃនិងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រុំដែន កម្ពុជា-ថៃ។ ព្រឹត្តិការណ៍នេះក៏នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន ហើយទូរទស្សន៍របស់ថៃ ក៏បានសុំកាច់ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានស្នើឱ្យលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង ឃោសនាក៏ដូចជាអំពាវនាវឱ្យប្រជាពលរដ្ឋថៃឱ្យមកទស្សនាក្នុងព្រឹត្តិការណ៍នេះផ្ទាល់នៅកម្ពុជាឱ្យបានច្រើនផងដែរ។
លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានមានប្រសាសន៍លើកឡើងដែរថា ការរៀបចំការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករនៃការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករនិងតារាល្បីៗរបស់ថៃមានចំនួន៥០នាក់។
គោលបំណងរបស់យើងគឺចង់ឱ្យប្រទេសយើងទាំង២មានសន្តិភាពជាមួយគ្នារហូតតទៅ។ លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ជាក់ផងដែរថា មុននៃការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករនិងអ្នកពាក់ព័ន្ធទាំងអស់អំពីបំណងនៃការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាប នោះគឺជាការប្រកួតមិត្តភាព ចំណងមិត្តភាព នៃប្រទេសទាំង២។
ក្នុងកិច្ចប្រជុំនៃព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ អង្គប្រជុំក៏បានពិភាក្សាគ្នាលើគម្រោងនៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ចូលរួមជាអធិបតីភាពក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ ដែលមាន ២ប្រកួតនោះ គឺ- ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។ -ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕
ដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ