Connect with us

ព័ត៌មានជាតិ

សិក្ខាកាម ស្នើភាគីពាក់ព័ន្ធ បន្តរៀបចំវគ្គបណ្ដុះបណ្ដាលដល់តន្ត្រីករវង់ភ្លេងពិណពាទ្យ នៅកំពង់ឆ្នាំង ដើម្បីរក្សាទម្រង់បទភ្លេងអត្តសញ្ញាណជាតិ

បានផុស

នៅ

សិក្ខាកាម ស្នើ ភាគី​ពាក់ព័ន្ធ បន្ត​រៀបចំ​ជា​វគ្គ​បណ្ដុះបណ្ដាល​ឲ្យ​ញឹកញាប់ ដើម្បី​តន្ត្រីករ នៃ​វង់ភ្លេង​ពិណពាទ្យ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​សិក្សា​ឈ្វេងយល់​កាន់តែ​ច្បាស់ ដើម្បី​រួមចំណែក​រក្សា​ទម្រង់​បទ​ភ្លេង​អត្តសញ្ញាណ​ជាតិ និង​ជួយ​លើក​ស្ទួយ​កម្រិត​ជីវភាព តាមរយៈ​ជំនាញ​ដូនតា​មួយ​ប្រភេទ​នេះ​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើសុំ​នេះ ក្នុង​ឱកាស លោក​បណ្ឌិត ហ៊ឺ វីរៈ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី​សិក្ខា​សាលា​វង់ភ្លេង​ពិណពាទ្យ ក្រោម​ប្រធានបទ «​តួនាទី​របស់​វង់ភ្លេង​ពិណពាទ្យ​» ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង រួម​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច និង​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​លើក​ដំបូង នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២៥ ម្សិលមិញ។

សិក្ខាសាលា​រយៈពេល ១ ថ្ងៃ ពេញ​នេះ សិក្ខាកាម​ភាគច្រើន នៅ​មិន​ទាន់​យល់​ពី​បទ​ភ្លេងពិណពាទ្យ ដូចជា បទ​ភ្លេង​ហោមរោង​ធំ ចំនួន ៣៣ បទ , បទ​ភ្លេង​ហោមរោង​តូច ១២ បទ និង​ទម្រង់​លេង​ដោយ​កាន់​ឧបករណ៍​ឌុប​(​អាច​មកពី​កាត់បន្ថយ​មនុស្ស​តម្រូវ​តាម​អ្នក​ជួល ឬក៏​អាច​ខ្វះ​មនុស្ស​) នាំ​ឲ្យ​ប្រឈម​ដល់​ការ​បាត់បង់​តួនាទី​របស់​ឧបករណ៍​ស្គរ​សំភោរ ព្រមទាំង​ការ​ពុំបាន​ស្វែងយល់​ពី​ទម្រង់​ភ្លេង​មួយ​នេះ ដែល​ជា​ទម្រង់​ភ្លេង​បែប​សក្ការ ធ្វើ​ឲ្យ តន្ត្រីករ នៃ​វង់ភ្លេង​ពិណពាទ្យ​ភាគច្រើន បែរ​ទៅ​ជា​ប្រគំ​បទ​សម័យ​ទំនើប បាត់បង់​តម្លៃ​ភាព​អស្ចារ្យ នៃ​ទម្រង់​ភ្លេង​មាន​ប្រភព​ចេញ​មកពី​ព្រះបរមរាជវាំង។

ជាមួយ​នេះ ក្រោយពី​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជក់​ពី​ការ​ចូលរួម សិក្ខាកាម ក៏​បាន​លើក​ជា​សំណូម​ពរ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ បន្ត​រៀបចំ​ជា​វគ្គ​បណ្ដុះបណ្ដាល​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ឲ្យ​តន្ត្រីករ នៃ​វង់ភ្លេង​ពិណពាទ្យ​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង បាន​សិក្សា​ឈ្វេងយល់​កាន់តែ​ច្បាស់ ដោយ​រួម​ចំណែក​រក្សា​បាន​នូវ​ទម្រង់​បទ​ភ្លេង​អត្តសញ្ញាណ​ជាតិ និង​ជួយ​លើកស្ទួយ​កម្រិតជីវភាព​តាមរយៈ​ជំនាញ​ដូនតា​មួយ​ប្រភេទ​នេះ​ផង។

គួរ​ជម្រាប​ថា សិក្ខាសាលា​ខាង​លើ​នេះ មាន​គោលបំណង​ថែរក្សា លើកស្ទួយ និង​ផ្សព្វផ្សាយ ក៏​ដូចជា​តម្រង់​ទិស​ដល់​សិល្បករ​ចាប់​យក​អាជីព​ជា​តន្ត្រីករ​វង់ភ្លេង​ពិណពាទ្យ ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ការ​សម្ដែង​ភ្លេងពិណពាទ្យ​ឲ្យ​បាន​ត្រឹមត្រូវ តាម​ទំនៀម​ទម្លាប់ និង​ក្បួនច្បាប់​ពី​បុរាណ​របស់​ខ្មែរ។

សិក្ខាសាលា​នេះ មាន​សិក្ខាកាម​ជា តន្ត្រីករ ចាស់ ក្មេង ចូលរួម​ចំនួន ៦ វង់ មកពី​ស្រុក​កំពង់ត្រឡាច ចំនួន ៥ វង់ និង​ស្រុក​សាមគ្គី​មានជ័យ ចំនួន ១ វង់ ដែល​មាន​គ្នា​សរុប​ប្រមាណ ៦០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម