ព័ត៌មានជាតិ
អ្នកវិភាគ៖ ក្រុមប្រឆាំងនៅក្រៅប្រទេស គប្បីជួយស្វែងរកទីផ្សារសម្រាប់កសិផល ជាជាងអង្គុយតែរិះគន់
អ្នកវិភាគ លើកទឹកចិត្តឱ្យក្រុមមាននិន្នាការប្រឆាំងដែលកំពុងរស់នៅបរទេសស្រាប់នោះ គប្បីជួយស្វះស្វែងរកទីផ្សារបន្ថែមសម្រាប់កសិផលរបស់ប្រជាកសិករ ជាជាងអង្គុយតែរិះគន់ តាមរយៈប្រើនយោបាយជាន់ពន្លិច។ អ្នកវិភាគ ថា នយោបាយជាន់ពន្លិច គួរត្រូវបានបញ្ចប់ ហើយជំនួសមកវិញដោយនយោបាយខ្មែរជួយខ្មែរ។
ការលើកឡើងរបស់អ្នកវិភាគ គឺស្របទៅនឹងការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដាំទៅក្រុមមេដឹកនាំអតីតបក្សប្រឆាំង ព្រមទាំងក្រុមបណ្ឌិតជើង១០ ភ្នែក៣ ដែលកំពុងរស់នៅក្រៅប្រទេសមួយចំនួន គួរតែទៅចរចាឱ្យប្រទេសផ្សេងៗបើកផ្លូវបន្ថែមទៀតសម្រាប់ទីផ្សារនាំចេញកសិផលខ្មែរ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាកសិករ ជាជាងទៅអំពាវនាវឱ្យបរទេសកាត់ផ្ដាច់ជំនួយ និងប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង នាខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើមិនជួយរកទីផ្សារឱ្យប្រជាកសិករខ្មែរទេ សូមបញ្ឈប់រាល់សកម្មភាពរបស់ខ្លួនដែលនាំឱ្យខាតប្រយោជន៍ដល់កសិផលកម្ពុជា។
អ្នកវិភាគ លោក ថុង ម៉េងដាវិត បានសម្ដែងការគាំទ្រ និងយល់ស្របតាមការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអំពាវនាវឱ្យប្រជាជនខ្មែរគ្រប់ទិន្នាការ ទាំងក្នុង និងក្រៅប្រទេស ពួតដៃគ្នាជួយទិញ និងស្វះស្វែងរកទីផ្សារកសិផលរបស់កម្ពុជា។ លោក ថុង ម៉េងដាវិត បានបង្ហាញការកត់សម្គាល់ថា ក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែបន្ទោសបង្អាប់នូវកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមើលរំលងសមិទ្ធិផលរបស់ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រឹងកសាងសហគមន៍កសិករទំនើបដែលអាចជួយផ្តល់ជំនាញបច្ចេកទេសកសិកម្មដល់ប្រជាកសិករ និងធានាបាននូវគុណភាព និងតម្លៃខ្ពស់។
អ្នកវិភាគរូបនេះ ក៏បានពន្យល់ពីការធ្លាក់តម្លៃស្រូវ គឺមកពីកត្តាការប្រើប្រាស់ស្រូវពូជដែលមានគុណភាពមិនល្អ ដើម្បីទទួលបានបរិមាណច្រើន និងគុណភាពទាប ក៏ដូចជាការពឹងផ្អែកលើឈ្មួញកណ្តាលរបស់ប្រទេសជិតខាង ជាដើម ដែលនាំការលក់អង្កររបស់ពួកគាត់នឹងទទួលបានតម្លៃទាប។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ប្រជាកសិករឱ្យប្រើប្រាស់ពូជស្រូវអង្ករក្រអូបដែលជាពូជស្រូវស្រាវជ្រាវ និងបង្កើតឡើងដោយខ្មែរសម្រាប់ស្ថានភាពដីនៅកម្ពុជា ដែលធានាបានគុណភាពខ្ពស់ បរិមាណច្រើន និងមានតម្លៃខ្ពស់នៅទីផ្សារអន្តរជាតិ។
ក្នុងន័យនេះ លោក ថុង ម៉េងដាវិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាខ្មែរ គប្បីណាស់ក្រុមប្រឆាំងដែលនៅក្រៅប្រទេស គួរចូលរួមស្វះស្វែងរកទីផ្សារ និងធ្វើទីផ្សារជូនប្រជាកសិករខ្មែរដូចគ្នា ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ ឬខ្មែរជួយខ្មែរ ជាជាងការស្រែកជេររដ្ឋាភិបាល។ បន្ថែមពីនេះ លោក ផ្ដាំទៅក្រុមប្រឆាំងទាំងនោះ គួរចាប់ផ្តើមផ្សព្វផ្សាយអ្វីៗដែលល្អរបស់កម្ពុជា ទៅកាន់អន្តរជាតិ និងធ្វើអ្វីដែលជាប្រយោជន៍ដល់ជាតិ និងសង្គមខ្មែរ ជាជាងការលក់ក្បាលទៅឱ្យបរទេស និងយកនយោបាយប្រឆាំង ជាឆ្នាំងបាយរបស់ខ្លួន។
មិនខុសគ្នាប៉ុន្មាននោះ គឺលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តឱ្យអ្នកនយោបាយដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ក៏ដូចជាអ្នកនយោបាយនៅក្រៅប្រទេស គួរតែដូរវិធីសាស្ត្រធ្វើនយោបាយហួសសម័យនេះចោល ហើយជំនួសមកវិញនូវនយោបាយដើម្បីជាតិខ្មែរ។
លោកបណ្ឌិត យង់ ពៅ លើកឡើងដូច្នេះ៖ «ទោះយ៉ាងណាក៏ដោយ យើងគួរគិតថា ការរីកចម្រើនរបស់កម្ពុជា គឺជាការរីកចម្រើនរបស់ប្រជាជាតិយើងទាំងអស់គ្នា ហើយកាលណាប្រជាជាតិរីកចម្រើន ធ្វើឱ្យយើងជាខ្មែរដូចគ្នា ទោះនៅឯណាក៏ដោយ ក៏ទទួលបានផល ទាំងកិត្តិយស ទាំងផលសេដ្ឋកិច្ច នយោបាយ និងផលផ្សេងៗទៀតផងដែរ»។ លោកបណ្ឌិត បន្ថែមថា បើមិនបានជួយអ្វីទេ យ៉ាងហោចណាស់ អ្នកនយោបាយប្រឆាំង ក៏គួរតែបញ្ឈប់នយោបាយហួសសម័យកាល ដែលលោកចាត់ទុកថា ជានយោបាយជាន់ពន្លិចខ្មែរខ្លួនឯង។
បណ្ឌិត យង់ ពៅ បានសម្ដែងការសោកស្ដាយ ព្រោះអ្នកជាន់ពន្លិចខ្មែរ គួរណាស់តែជាជនបរទេសដែលមានបំណងមិនល្អមកលើខ្មែរ មិនគួរណាជាជនជាតិខ្មែរ ធ្វើនយោបាយប្រឆាំងផលប្រយោជន៍ខ្មែរខ្លួនឯងទៅវិញ។ លោកបណ្ឌិត ថា បើសំឡេងកំពុងតែគេស្ដាប់ច្រើន សំឡេងកំពុងតែពិរោះ គប្បីជួយផ្សព្វផ្សាយអ្វីៗដែលល្អរបស់កម្ពុជាទៅកាន់អន្តរជាតិឱ្យគេបានស្គាល់ ហើយតាមរយៈកិច្ចការនេះ អ្នកប្រឆាំងក៏អាចទាញប្រយោជន៍នយោបាយសម្រាប់ខ្លួនឯងផងដែរ។
មួយរយៈពេលចុងក្រោយនេះ ប្រជាកសិករបានបង្ហាញក្ដីកង្វល់ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូលកសិផល ពិសេសការធ្លាក់ថ្លៃនៃតម្លៃស្រូវប្រភេទអូអឹម (OM)។ ភ្ជាប់នឹងបញ្ហាប្រឈមរបស់ប្រជាកសិករនេះ ក៏មានក្រុម ឬបុគ្គលខ្លះ បានរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ថា ខ្វះកិច្ចអន្តរាគមន៍ជួយដល់ប្រជាកសិករដែលកំពុងជួបការលំបាកពេលនេះ។
ក៏ប៉ុន្តែ ឆ្លើយតបចំពោះក្ដីកង្វល់ ក៏ដូចជាបញ្ហាប្រឈមមួយរយៈពេលចុងក្រោយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ត្បិតតែសម្ដេចមិនប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ និងដាក់ចេញវិធានការជាបន្ដបន្ទាប់ដល់ក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ដើម្បីខិតខំរិះរកនូវមធ្យោបាយអន្ដរាគមន៍ជួយដល់ប្រជាកសិករ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា «វិស័យកសិកម្ម» គឺជាវិស័យអាទិភាពសំខាន់ណាស់ក្នុងការធានាដល់សន្តិសុខស្បៀងរបស់ជាតិ ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ទាំងចំពោះអ្នកផលិត និងអ្នកប្រើប្រាស់ ធ្វើយ៉ាងណាធានាតុល្យភាព។ រឿងកសិកម្ម សម្ដេចធិបតី អះអាងថា រាជរដ្ឋាភិបាល មិនព្រងើយកន្តើយនោះឡើយ ហើយរាជរដ្ឋាភិបាល ធ្វើជាប្រចាំមិនត្រឹមការធានាតម្លៃកសិផលនោះទេ តែបានគិតគូដល់ការផ្តល់ដី រៀបចំប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធដឹកនាំថែមទៀតផង៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់