ព័ត៌មានជាតិ
រដ្ឋាករស្វយ័ត កំពុងសិក្សាខ្សែរត់ថ្មីសម្រាប់រថយន្តក្រុង ដើម្បីផ្តល់សេវាឱ្យបានទៀងម៉ោង
គិតត្រឹមពេលនេះ សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ មានខ្សែរត់មេចំនួន ១៣ ខ្សែ ដែលកំពុងធ្វើដំណើរនៅលើផ្លូវសំខាន់ៗ និងបានគ្របដណ្តប់ទូទាំង ១៤ ខណ្ឌ។ រដ្ឋាករស្វយ័តដឹកជញ្ជូន ក៏កំពុងធ្វើការសិក្សាខ្សែរត់ថ្មីសម្រាប់រថយន្តក្រុង និងតភ្ជាប់ទៅតាមផ្លូវតូចៗបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីថា អ្នកប្រើប្រាស់សេវារថយន្តក្រុងមកដល់ពេលនេះមានការកើនឡើង ហើយមានការគាំទ្រជាបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃមានអ្នកប្រើប្រាស់សេវារថយន្តក្រុង ២ម៉ឺននាក់។
លោកថាសន្ទុះនៃការគាំទ្រនេះ ដោយសារការប្រើប្រាស់សេវារថយន្តក្រុងក្រៅពីសន្សំសំចៃថវិកា ដែលមានតម្លៃទាប បើធៀបជាមួយនឹងសេវាដឹកជញ្ជូនដទៃទៀត អ្នកប្រើប្រាស់ក៏ទទួលបានផាសុកភាព និងសុវត្ថិភាព ខណៈរថយន្តក្រុងបានបំពាក់ម៉ាស៊ីនត្រជាក់។ យ៉ាងណាមិញលោកថា ខណៈខ្សែរត់មានចំនួន ១៣ ខ្សែ នៅមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់នៅឡើយទេ ព្រោះរាជធានីភ្នំពេញមានផ្លូវច្រើន ហើយក្រុមការងារកំពុងរៀបចំផែនការសេវារថយន្តក្រុងឱ្យមានភាពប្រទាក់ក្រឡាគ្នាបន្ថែមទៀត។
លោកឱ្យដឹងទៀតថា ក្រោមការចង្អុលបង្ហាញយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏បានខិតខំសិក្សាបន្ថែមពាក់ព័ន្ធផ្លូវអាទិភាព ព្រោះផ្លូវអាទិភាពគឺជាកត្តាធំ និងសំខាន់ដើម្បីសម្រួលដល់កម្មវិធីរថយន្តក្រុងឱ្យធ្វើដំណើរមានភាពទៀងទាត់។
លោកក៏ទទួលស្គាល់ដែរថា កន្លងមកកម្មវិធីរថយន្តក្រុងពិបាកក្នុងការគ្រប់គ្រង និងគោរពទៅតាមកម្មវិធីពេលវេលាររបស់ខ្លួន ដោយសារតែរត់នៅលើដងផ្លូវរួមជាមួយនឹងមធ្យោបាយយានយន្តដទៃ អញ្ចឹងហើយពេលស្ទះចរាចរណ៍ រថយន្តក្រុងមានការស្ទះដែរ ទើបធ្វើឱ្យរថយន្តក្រុងមានការយឺតយ៉ាវមិនទាន់ពេលវេលា។ លោកបានបញ្ជាក់ថា៖«ចំណុចនេះ យើងនឹងខំសិក្សាបន្ថែមដើម្បីឱ្យមានខ្សែរត់សម្រាប់រថយន្តក្រុង ឬធានាឱ្យបាននូវកម្មវិធីម៉ោងពេលឱ្យបានទៀងទាត់ប្រសើរឡើង ដែលកិច្ចការនេះ នឹងជំរុញឱ្យប្រសិទ្ធភាពរថយន្តក្រុងប្រសើរឡើងថែមទៀត»។
លោកបញ្ជាក់ថា សម្រាប់រដ្ឋាករស្វយ័តរថយន្តក្រុង នឹងខិតខំបន្តទៀតក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរថយន្តក្រុងបន្ថែមទាំងចំណតរង់ចាំ ជម្រករង់ចាំ ក៏ដូចជាបង្កើននូវប្រសិទ្ធភាពខ្សែរត់មួយចំនួនទៀត ហើយនឹងបន្តសិក្សាទាំងខ្សែរត់ដែលកំពុងរៀបចំ និងសិក្សាខ្សែរត់អាទិភាពជាដើម។
ឆ្លៀតឱកាសនេះដែរ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ងាកមកចូលរួមប្រើប្រាស់សេវារថយន្តក្រុងរបស់យើងឱ្យបានច្រើន ដើម្បីចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយកកស្ទះចរាចរណ៍តាមដងផ្លូវ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ហើយអាចសន្សំសំចៃថវិកាប្រចាំថ្ងៃថែមទៀត។
ការផ្តល់សេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុងជូនប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ ជួយគាំពារបរិស្ថាន ជាពិសេសរួមចំណែកនៅក្នុងការកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរយៈរថយន្តក្រុង។
លោកបានឱ្យដឹងថា៖«គិតមកដល់បច្ចុប្បន្ននេះ យើងទទួលអ្នកដំណើរជាមធ្យម ២ម៉ឺននាក់ក្នុងមួយថ្ងៃ ចឹងនេះជាចំនួនមួយដែលបញ្ជាក់អំពីការគាំទ្រសេវារថយន្តក្រុង ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ ។ មានន័យថា បើសិនមិនមានសេវារថយន្តក្រុង ប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់នេះ នឹងត្រូវប្រើប្រាស់យានជំនិះ មធ្យោបាយផ្ទាល់ខ្លួន ដែលនាំឱ្យការកកស្ទះនៅរាជធានីភ្នំពេញមានការកើនឡើង»។
គួរជម្រាបថា សេវារថយន្តក្រុងសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីឆ្នាំ ២០១៤មក ហើយសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋលើការប្រើប្រាស់សេវារថយន្តក្រុងនេះ មានការកើនឡើងទោះបីនៅមានកម្រិតក៏ដោយ។ជាការកត់សម្គាល់ ពលរដ្ឋដែលប្រើប្រាស់សេវារថយន្តក្រុងមានគ្រប់វ័យ ទាំងក្មេងទាំងចាស់ ទាំងមន្រ្តីរាជការ និងសិស្សានុសិស្សតូចៗ ក៏ធ្វើដំណើរតាមរថយន្តក្រុងដោយខ្លួនឯងដើម្បីទៅសិក្សាផងដែរ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»