ព័ត៌មានជាតិ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រកាសចាប់ផ្តើមជាផ្លូវការនូវគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ដែលនឹងអនុវត្តសាកល្បងក្នុងខេត្តចំនួន ៤ នៃភូមិភាគឦសាន្ត។ ការប្រកាសនេះ ធ្វើឡើងដោយលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី“បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តក្រចេះ”នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។
លោកបណ្ឌិត ជិន ម៉ាលីន បានអះអាងឱ្យដឹងថា ខេត្តក្រចេះ គឺជាខេត្តទី១សម្រាប់ឆ្នាំ២០២៥ ដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការរៀបចំផ្សព្វផ្សាយអំពីបេសកម្មរបស់ខ្លួន ក្នុងគោលបំណងសំខាន់ចំនួន ២គឺទី១.ដើម្បីធ្វើការផ្សព្វផ្សាយអំពីបេសកម្មការងារ និងផ្សព្វផ្សាយជាផ្លូវការអំពីគម្រោងក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ដែលនឹងអនុវត្តសាកល្បងនៅក្នុងខេត្តចំនួន៤ នៃភូមិភាគឦសាន្ត រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ទី២.ធ្វើកិច្ចពិភាក្សាជាមួយរដ្ឋបាលខេត្តក្រចេះ អំពីលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ លោកបណ្ឌិត ជិន ម៉ាលីន សង្ឃឹមថា ជាមួយនឹងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំខេត្តក្រចេះ ខេត្តក្រចេះ នឹងក្លាយជាខេត្តមួយ ដែលនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក.)។
លោកបណ្ឌិត ជិន ម៉ាលីន បានរំលឹកថា ផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបឋម និងផ្អែកតាមស្មារតីនៃកិច្ចប្រជុំអាជ្ញាធរជាតិ លើកទី៧ ដែលដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រកាសគាំទ្រលើការរៀបចំ និងអនុវត្តគម្រោងក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ដោយបានសម្រេចបង្កើត“ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោង ដែលមានរូបលោក ជាប្រធានដឹកនាំក្រុមការងារនេះផ្ទាល់។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតឱ្យមានយន្តការថ្នាក់ជាតិមួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។
បើតាមលោកបណ្ឌិត ជិន ម៉ាលីន អាជ្ញាធរជាតិថ្មីនេះ នឹងមិនជំនួសឱ្យយន្តការដែលមានស្រាប់នោះទេ ពោល គឺយន្តការដែលស្រាប់នៅតែបន្តអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនដដែល ប៉ុន្តែ យន្តការថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជា តួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ក្នុងន័យនេះ អាជ្ញាធរជាតិនេះ ត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា យន្តការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានលក្ខណៈពិសេស ដោយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងជួយរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ព្រោះទំនាស់ដែលដោះស្រាយរួចហើយក្នុងក្របខណ្ឌអាជ្ញាធរថ្មីនេះ ត្រូវចាត់ទុកថាដោះស្រាយរួចរាល់ជាស្ថាពរ ដោយមិនបាច់ប្តឹងទៅតុលាការ ដោយកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់អាជ្ញាធរនេះ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។
កាលពីឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះធ្វើការផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទជូនដល់អាជ្ញាធរមូលដ្ឋាន នៅរាជធានី-ខេត្ត ចំនួន ១១ រួមមាន ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តសៀមរាប និងរាជធានីភ្នំពេញ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ