Connect with us

ព័ត៌មានជាតិ

កុមារជាង៣លាននាក់ទទួលបាន​ការគាំទ្រពីគម្រោង២ឆ្នាំរបស់អង្គការទស្សនៈពិភពលោក

បានផុស

នៅ

អង្គការទស្សនៈពិភពលោក​បានឱ្យដឹង​ថាក្នុងរយៈពេល២ឆ្នាំកន្លងមកអង្គការនេះបានផ្ដល់ផលវិជ្ជមានដល់កុមារកម្ពុជាជាង៣លាននាក់នៅក្នុងខេត្តរាជធានីចំនួន២០។

តាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ អង្គការអន្តរជាតិនេះឱ្យដឹងថាកុមារចំនួន ១៩៧ ០០០នាក់ត្រូវបានជួយឱ្យពួកគេបានចូលរួមក្នុងការសិក្សាប្រកបដោយគុណភាព និងគ្មានការរើសអើង ហើយកុមារ ២៩៥ ០០០នាក់ត្រូវបានការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការធ្វេសប្រហែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមលើនេះ​អង្គការក៏បានគាំទ្រសហគ្រិនចំនួន២៦០០នាក់ ក្នុងការចាប់ផ្តើមអាជីវកម្ម និងបណ្តុះបណ្តាល កសិករចំនួន២៦០០នាក់ពីបច្ចេកទេសកសិកម្មឆ្លាតវៃ បស្ស៊ាំនឹងការបម្រែបម្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពប្រកបដោយយចីរភាព។ ហើយក្រុមសន្សំនៃអង្គការទស្សនៈពិភពលោក បានផ្តល់សេវាហិរញ្ញវត្ថុដល់គ្រួសារដែលងាយរងគ្រោះចំនួន៥៦០០គ្រួសារ ដើម្បីជួយឱ្យគ្រួសារទាំងនោះបង្កើនស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេ។

ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា៖ «កម្មវិធីទាំងនេះមានសារៈសំខាន់ក្នុងបំបែកវដ្តនៃភាពក្រីក្រ ការកសាងសហគមន៍ដែលមានភាពធន់ និងផ្តល់ឧបករណ៍សម្រាប់គ្រួសារដើម្បីយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ច»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)លោក ចាន់ សុធា បានទទួលស្គាល់ការរួមចំណែករបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យ​រៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ថវិការបស់ខ្លួន ដើម្បីរួមចំណែកបន្តការគាំទ្រដល់កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ(D&D)ផងដែរ។

ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកប្រចាំតំបន់អាស៊ីខាងកើតអ្នកស្រី Terry Ferrari បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនួលខុសត្រូវរួមគ្នា ក្នុងការសម្រេចបាននូវការផ្លាស់ប្តូរប្រកបដោយចីរភាពសម្រាប់កុមារកម្ពុជា និងបានលើកឡើងថាការបន្តសហការរវាងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនគឺមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រទេស។

អ្នកស្រី Ferrari ៖ «វានឹងត្រូវការយើងទាំងអស់គ្នារួមគ្នា ដើម្បីធានាថា មិនមានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ និងដើម្បីកុមារគ្រប់រូបមានឱកាសរីកចម្រើន»។

 អង្គការទស្សនៈពិភពលោកជាអង្គការគ្រិស្តបរិស័ទ ដែលប្រតិបត្តិនៅកម្រិតមូលដ្ឋាននៅកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំ ហើយបាន និងកំពុងពង្រឹងសុខុមាលភាពរបស់កុមារ និងសហគមន៍ដែលមានភាពងាយរងគ្រោះបំផុតឲ្យមានភាពប្រសើរឡើង។ អង្គការមិនមែនរដ្ឋាភិបាលនេះបានធ្វើការនៅក្នុងខេត្តចំនួន ២០ និងរាជធានីភ្នំពេញ ដោយមានកម្មវិធីសំខាន់ដូចជា កម្មវិធីការការពារកុមារ  កម្មវិធីអប់រំ  កម្មវិធីអាហារូបត្ថម្ភ កម្មវិធីជីវភាព ឬការបន្ស៊ាំនឹងការបម្រែបម្រួលអាកាសធាតុ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម