ព័ត៌មានជាតិ
ឆ្នេរប្រណិតដំបូងគេនៅខេត្តកែប ចាប់ផ្តើមបើកការដ្ឋានសាងសង់ គ្រោងប្រើប្រាស់ពេលពីរឆ្នាំបញ្ចប់គម្រោងអភិវឌ្ឍ
ឆ្នេរប្រណិតកម្រិតខ្ពស់ខេត្តកែប «ឆ្នេរតេជោសន្តិភាពកែប» បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ក្រោមវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមទាំងវត្តមានលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រួមគ្នារវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈដ៏ប្រណិតសម្រាប់បម្រើការកម្សាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាខេត្តកែប។ នេះបើតាមលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងឱកាសចូលរួមបើកការដ្ឋានសាងសង់ «ឆ្នេរតេជោសន្តិភាពកែប»។


ការអភិវឌ្ឍឆ្នេរប្រណិតកម្រិតខ្ពស់នៅខេត្តកែប គ្រោងប្រើប្រាស់រយៈពេល ២ ឆ្នាំលើឆ្នេរប្រវែង ២៧០០ ម៉ែត្រ។ បើតាមលោកអភិបាលខេត្ត តាមគម្រូប្លង់មេ ឆ្នេរកម្សាន្តខេត្តកែបដែលបើកការដ្ឋានសាងសង់នៅពេលនេះ ចាត់ទុកជាគម្រោងអភិវឌ្ឍឆ្នេរដ៏ប្រណិតដំបូងគេក្នុងប្រទេសកម្ពុជា។ តាមរយៈគម្រោងអភិវឌ្ឍឆ្នេរកម្សាន្តថ្មីនេះ នឹងជួយលើកកម្ពស់មុខមាត់ខេត្តកែប ក៏ដូចជាទាក់ទាញទេសចរមកកម្សាន្តខេត្តកែបកាន់តែច្រើនថែមទៀត។
យ៉ាងណា ពាក់ព័ន្ធគម្រោងអភិវឌ្ឍឆ្នេរកម្សាន្តថ្មីនៅខេត្តកែប អភិបាលខេត្តកែបមិនបានបង្ហើបតម្លៃនៃការចំណាយដោយលោកគ្រាន់តែបញ្ជាក់ថាថវិកាយកមកអភិវឌ្ឍឆ្នេរប្រណិតនេះ បានមកពីម្ចាស់ក្បាលដីចូលរួមជាមួយរដ្ឋដោយមិនមានការវិនិយោគពីវិស័យឯកជនណានោះទេ។
បើតាមប្លង់មេ គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅខេត្តកែប មានប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងនោះការសាងសង់ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ មានទទឹងយ៉ាងតិចប្រវែង ៣០ ម៉ែត្រ។ ក្នុងគម្រោងក៏មានការសាងសង់សួនច្បារសាធារណៈ និងការដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រមានទទឹង ៥០ ម៉ែត្រ។
គម្រោងអភិវឌ្ឍឆ្នេរនេះ មានការស្ថាបនាវិថី និងអនុវិថីចូលឆ្នេរសមុទ្រចំនួន ៥ ខ្សែ រួមមានការរៀបចំផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនមានពិការភ្នែក ផ្លូវជិះកង់ និងរង្វង់មូលគយគន់ទេសភាពចំនួន ២ កន្លែង។ រង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅក្នុងទម្រង់មេទ័ពជាញជ័យ។ រីឯរង្វង់មូលទី ២ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ គ្រោងរក្សាទុកជាលម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យនិងពិព័រណ៍នានា។
គម្រោងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅខេត្តកែប តាមផែនការនឹងបញ្ចប់នៅឆ្នាំ ២០២៧៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង