Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងចំនួនបីនៅ​អាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត

បានផុស

នៅ

ទីក្រុង​ចំនួន​បី​នៅ​អាស៊ីអាគ្នេយ៍​ស្ថិតក្នុងចំណោមទីក្រុងចំនួនប្រាំដែលមានខ្យល់ពុលច្រើនជាងគេនៅលើពិភពលោកនៅថ្ងៃសុក្រ​ទី​២៤​ខែ​មករា​ឆ្នាំ​២០២៥​នេះ។ បើយោងតាមអង្គការឃ្លាំមើលខ្យល់អាកាស IQAir ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី២ដែលមានការបំពុលបរិយាកាសខ្លាំងបំផុតតាមពីក្រោយដោយរាជធានីភ្នំពេញឈរនៅលេខរៀងទីបួន និងទីក្រុងបាងកក​លំដាប់​ទីប្រាំ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទីក្រុងបាងកកផ្សែង​អ័ព្ទ​យ៉ាង​ក្រាស់​ត្រូវ​បាន​គេ​មើល​ឃើញ​គ្រប​ដណ្តប់​លើ​មេឃពេញ​ទីក្រុង ខណៈកម្មករ ជាពិសេស​អ្នក​ដែល​ចំណាយ​ពេល​ច្រើន​នៅ​ខាង​ក្រៅ​ត្រូវ​រង​ផលប៉ះពាល់ជាងគេ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក Suriya Juangroongruangkit បាន​លើក​ឡើង​ថា ដើម្បីទប់ស្កាត់ការបំពុល រដ្ឋាភិបាលកំពុងអនុញ្ញាតឱ្យមានសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេលមួយសប្តាហ៍។ លើសពីនេះសាលារៀនប្រហែល ៣០០ នៅក្នុងទីក្រុងបាងកក ក៏ត្រូវបានបិទក្នុងសប្តាហ៍នេះផងដែរ។

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះដើម្បីកាត់បន្ថយការប្រើប្រាស់រថយន្ត ហើយការដ្ឋានសំណង់គួរតែប្រើរបាំង​ការពារ​ធូលី។ លោក​ស្រី​បាន​បន្ត​ថា​៖ «​រដ្ឋាភិបាល​ប្តេជ្ញា​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ដោះស្រាយ​បញ្ហានេះ»។

នៅក្នុងទីក្រុងហូជីមិញ​របស់ប្រទេសវៀតណាម IQAir បង្ហាញថា កម្រិតភាគល្អិត(PM2.5) គឺខ្ពស់ជាងកម្រិតដែលបានណែនាំដោយអង្គការសុខភាពពិភពលោករហូតដល់ ១១ដង។ ប៉ុន្មានសប្តាហ៍មុននេះ រដ្ឋធានីហាណូយក៏បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលបំផុតរបស់ពិភពលោកផងដែរ ដែលជំរុញឱ្យអាជ្ញាធរចេញការព្រមានអំពីហានិភ័យសុខភាពពីការបំពុលបរិយាកាស និងជំរុញឱ្យសាធារណជនពាក់ម៉ាស់ និងការពារភ្នែក។

(រូបភាព៖ Reuters)

ចំណែកនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា បើ​តាម​មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ដោយ​ផ្អែក​​លើ​ទិន្នន័យគុណភាពខ្យល់តាមរយៈឧបករណ៍និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកខេត្តចំនួន ៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិត (PM2.5) នៅក្នុងបរិយាកាស។

រដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងជំរុញឱ្យមានដំណោះស្រាយរយៈពេលវែងដើម្បីកាត់បន្ថយការបំពុល រួមទាំងពន្ធកាបូន និងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ខណៈការបំពុលខ្យល់គឺបណ្តាលមកពីការរួមផ្សំគ្នានៃការឆេះដែលទាក់ទងនឹងការដុតសំណល់ពីស្រែចំការដំណាំ ការបំពុលពីឧស្សាហកម្ម និង​​ការ​ស្ទះ​ចរាចរណ៍ខ្លាំង៕

(រូបភាព៖ VNA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម