ព័ត៌មានជាតិ
AMRO៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា៥,៧ភាគរយនៅឆ្នាំនេះ ឈរលេខរៀងទី៣នៅអាស៊ាន
កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន+៣ ដែលរួមទាំងកម្ពុជា នឹងនៅតែរក្សាបាននូវភាពធន់ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចក្នុងតំបន់ក្នុងរង្វង់ ៤,២ ភាគរយនៅឆ្នាំ ២០២៥ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា៥,៧ភាគរយ ដែលឈរនៅលំដាប់លេខ៣បន្ទាប់ពីវៀតណាម និងហ្វីលីពីន។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។

ការវាយតម្លៃស្ថានភាពអតិផរណាក្នុងតំបន់
យោងតាម AMRO សម្រាប់កំណើននេះត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក សម្រាប់តម្រូវការប្រើប្រាស់នៅតាមបណ្តាប្រទេសជាសមាជិកនៅទូទាំងក្នុងតំបន់នេះភាគច្រើននៅតែរឹងមាំ គាំទ្រដោយលក្ខខណ្ឌការងារអំណោយផល និងការថមថយនៃអត្រាអតិផរណា។ ទន្ទឹមនឹងនេះ ការកែលម្អតម្រូវការខាងក្រៅ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា នឹងបន្តលើកកម្ពស់កំណើន។
ទន្ទឹមនឹងនេះ អតិផរណាសម្រាប់តំបន់ ដោយមិនរាប់បញ្ចូលប្រទេសឡាវ និងមីយ៉ាន់ម៉ា ត្រូវបានគេព្យាករណ៍ថានឹងនៅតែមានកម្រិតទាបនៅក្នុងរង្វង់ ២,១ ភាគរយក្នុងឆ្នាំ ២០២៥នេះ ដែលនឹងកើនឡើងបន្តិចពី ១,៧ ភាគរយក្នុងឆ្នាំ ២០២៤កន្លងមកនេះ ដោយសារការកែលម្អតម្រូវការក្នុងស្រុក និងផ្គត់ផ្គង់។

ទោះយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជានៅតែជារឿងធំសម្រាប់តំបន់ ដោយសារតែ កំណើនយឺតនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងចិនអាចបង្អាក់ការនាំចេញ ខណៈពេលដែលការកើនឡើងនៃតម្លៃទំនិញសកលដោយសារបញ្ហាអាកាសធាតុ ភាពតានតឹងភូមិសាស្ត្រនយោបាយអាចធ្វើឱ្យអតិផរណាកើនឡើងវិញ។
«ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភបំផុតគឺការផ្លាស់ប្តូរគោលនយោបាយដ៏មានសក្តានុពលនៅក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។ ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក រួមទាំងពន្ធនាំចូល ការពង្រីកវិសាលភាពសារពើពន្ធ និងកំណែទម្រង់អន្តោប្រវេសន៍ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន+៣»។ នេះបើយោងតាម AMRO។
ការព្យាករណ៍របស់កម្ពុជា
ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងងើបឡើងក្នុងអត្រាកំណើន៦.៣% ដែលនេះនឹងឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមការរំពឹងទុករបស់គណបក្សប្រជាជនកម្ពុជា ដែលបានកត់សម្គាល់នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

យោងតាមខ្លឹមសារនៅក្នុងសេចក្តីប្រកាសរបស់គណបក្សប្រជាជន នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ អង្គសន្និបាត បានកត់សម្គាល់ថា កាលពីឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦.០% អតិផរណាមានអត្រាទាប ០.៨% អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុងអន្តរជាតិ បានកើនឡើងដល់ ២២ ៥១១លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ៧ខែក្នុងឆ្នាំ២០២៤ ខណៈស្ថានភាពការងារក៏មានស្ថិរភាព។ លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២ ៧១៣ដុល្លារ ក្នុងឆ្នាំ ២០២៤។
សន្និបាតគណបក្សប្រជាជនកម្ពុជា បានអះអាងថា «លើមូលដ្ឋាននៃការរីកចម្រើនក្នុងឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន៦.៣%»។
ប្រទេសក្នុងតំបន់ត្រូវដាក់ចេញវិធានការនានាដើម្បីរក្សាកំណើន
បើយោងតាម AMRO ផែនការនៃការដំឡើងពន្ធខ្ពស់លើប្រភពនាំចូលសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាការដាក់ពន្ធខ្ពស់លើមុខទំនិញនាំចូលពីប្រទេសចិន ហានិភ័យនៃសម្ពាធអតិផរណានៅក្នុងសហរដ្ឋអាមេរិក និងការបង្អាក់តម្រូវការក្នុងស្រុក អាចធ្វើឱ្យតម្រូវការពិភពលោកចុះខ្សោយ ដោយសារសហរដ្ឋអាមេរិកជាអ្នកប្រើប្រាស់ចុងក្រោយដ៏សំខាន់នៅទូទាំងពិភពលោក។

«វិធានការសងសឹកដែលនឹងធ្វើឱ្យសេដ្ឋកិច្ចដែលរងផលប៉ះពាល់នឹងបង្កើតបាននូវភាពទន់ខ្សោយតម្រូវការសកលកាន់តែធ្ងន់ធ្ងរ នៅក្រោមសេណារីយ៉ូនៃការយកពន្ធ ៦០ ភាគរយដោយសហរដ្ឋអាមេរិកលើការនាំចូលរបស់ចិន និង១០ ភាគរយលើមុខទំនិញនាំចូលពីបណ្តាប្រទេសផ្សេងៗទៀត។ ការណ៍នេះអាចនឹងធ្វើឱ្យអត្រាកំណើនក្នុងតំបន់អាចទាបជាង ១-២ ភាគរយក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលជាអត្រាកំណើនដ៏ទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ី» ។ នេះបើតាមការគូសបញ្ចាក់របស់ AMRO។
ជាមួយគ្នានេះដែរ ប្រសិនបើអតិផរណានៅអាមេរិកងើបឡើងវិញ គោលនយោបាយរូបិយវត្ថុទំនងជាត្រូវបានរឹតបន្តឹង ដែលនាំឱ្យប្រាក់ដុល្លារកាន់តែរឹងមាំ និងលក្ខខណ្ឌហិរញ្ញវត្ថុសកលកាន់តែតឹងរ៉ឹង។ សម្រាប់សេដ្ឋកិច្ចអាស៊ាន+៣ សក្ដានុពលទាំងនេះអាចបង្កឱ្យមានលំហូរចេញមូលធន និងការធ្លាក់ចុះនៃអត្រាប្តូរប្រាក់ ហើយប្រហែលជាអត្រាគោលនយោបាយខ្ពស់ជាងមុន និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង ដែលនឹងដាក់បន្ទុកបន្ថែមទៀតលើកំណើន។

AMRO បានលើកឡើងថាកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេស អាស៊ាន+៣ ត្រូវផ្តល់អាទិភាពទាំងយុទ្ធសាស្ត្របន្ទាន់រយៈពេលខ្លី និងរយៈពេលវែង ដើម្បីរក្សាកំណើន និងភាពធន់។ ក្នុងរយៈពេលខ្លី ភាពបត់បែននៃរូបិយប័ណ្ណគឺចាំបាច់ដើម្បីស្រូបយកផលប៉ះពាល់នៃពន្ធគយ និងទូទាត់សងការខាតបង់ផ្នែកខ្លះក្នុងការប្រកួតប្រជែងនាំចេញ។ ក្នុងរយៈពេលមធ្យមទៅវែង សេដ្ឋកិច្ចអាស៊ាន+៣ អាចធ្វើពិពិធកម្មទីផ្សារនាំចេញដោយបន្តអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនានាក្រៅតែធ្វើជាមួយសហរដ្ឋអាមេរិក និងត្រូវតែធ្វើការកាត់បន្ថយរបាំងពាណិជ្ជកម្មផ្ទៃក្នុង និងរួមបញ្ចូលខ្សែសង្វាក់តម្លៃដើម្បីបង្កើនទំនាក់ទំនងក្នុងតំបន់។ «ការវិនិយោគលើនវានុវត្តន៍ បច្ចេកវិទ្យា និងធនធានមនុស្ស រួមជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថល នឹងពង្រឹងការប្រកួតប្រជែងបន្ថែមទៀត និងកាត់បន្ថយការចំណាយអាជីវកម្មផងដែរ»៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង