ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំត្បូងឃ្មុំ ៖ ប្រឡងគ្រូជាប់កិច្ចសន្យាអនុវត្តតាមគោលការណ៍ តម្លាភាព និងយុត្តិធម៌ មិនមែនប្រឡងបង្គ្រប់កិច្ចទេ
លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ២៨ មករា ថា ដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅនៅឆ្នាំនេះ មន្ទីរ នឹងអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គឺ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន អ្នកចេះគឺជាប់ មិនមែនដូចពាក្យចចាមអារ៉ាមដែលថាការប្រឡងនេះដើម្បីជាការបង្គ្រប់កិច្ចនោះទេ។
លោកប្រធានមន្ទីរ បានបន្តថា ការប្រឡងជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាឆ្នាំនេះ មន្ទីរបានចាប់ផ្តើមទទួលពាក្យប្រឡងចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ និងរៀបចំការប្រឡងនៅចន្លោះថ្ងៃទី ៧ ដល់ថ្ងៃទី ១០ កុម្ភៈ រហូតមកដល់ពេលនេះមានបេក្ខជនដាក់ពាក្យជិត ២០០ នាក់ហើយ ឆ្នាំនេះ ជ្រើសរើសតែ ៤៩ នាក់ទេ ដែលជាកូតាសម្រាប់បំពេញគ្រូជាប់កិច្ចសន្យាចាស់ដែលបានលាឈប់ដោយសារមួយចំនួនទៅបំពេញការងារផ្សេង និងមួយចំនួនទៀតអសកម្មដែលតាមការវាយតម្លៃដោយគណៈកម្មការថានានុក្រមត្រូវដកគាត់ចេញ។ ការជ្រើសរើសគ្រូជាប់កិច្ចសន្យា ៤៩ នាក់ ត្រូវធ្វើតេស្ត និងវាស់វែងសមត្ថភាពពួកគាត់ផ្នែកវប្បធម៌ទូទៅ និងវិធីសាស្ត្របង្រៀន។
លោកប្រធានមន្ទីរ បានបន្តទៀតថា ការរៀបចំធ្វើតេស្តប្រឡងនេះ មន្ទីរសហការជាមួយមន្ទីរមុខងារសាធារណៈខេត្ត ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គឺ ប្រឡងដោយតម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន អ្នកចេះគឺជាប់។
លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថា លក្ខខណ្ឌជ្រើសរើសគឺយកសិស្សដែលមានសញ្ញាបត្រទុតិយភូមិឡើងទៅ ឬមានសញ្ញាបត្រសមមូល ហើយការជ្រើសរើសយកអាទិភាពសម្រាប់បេក្ខជនមានមូលដ្ឋាននៅក្នុងភូមិ ឃុំ និងស្រុកតែម្តង ដើម្បីមានភាពងាយស្រួលដល់ការបង្រៀន និងបង្រៀនបានយូរអង្វែង។
លោកប្រធានមន្ទីរ បានអំពាវនាវដល់អាណាព្យាបាលមាតាបិតា កុំមានការជឿលើពាក្យចចាមអារ៉ាមដែលបានលើកឡើងថា ដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅគឺជាការប្រឡងបង្គ្រប់កិច្ច មានអ្នករត់ការស៊ីសំណូកសូកប៉ាន់គ្រប់រូបភាពជាថ្នូរនឹងការប្រឡងជាប់ ឬក៏មិនចាំបាច់មកប្រឡងក៏ជាប់ ឬក៏បិទប៉ុស្តិ៍មិនឱ្យបេក្ខជនដាក់ពាក្យប្រឡងដោយប្រកាណាមួយ។
លោកប្រធានមន្ទីរ បានធានាអះអាងថា «មន្ទីរអបរំ និងមន្ទីរមុខងារសាធារណៈខេត្ត រៀបចំការប្រឡងដោយយុត្តិធម៌ សុក្រឹត និងផ្តល់ឱកាសស្មើៗ គ្នា ដល់បេក្ខជនគ្រប់រូបគឺធានាថាអ្នកចេះគឺជាប់ដោយមិនមាននរណាម្នាក់អន្តរាគមន៍ទេ ហើយក៏មិនមានការសូកប៉ាន់ណាមួយជាថ្នូរនឹងការប្រឡងជាប់នោះទេ សូមមានការជឿជាក់ទៅលើការរៀបចំខេត្តក្នុងការស្វែងរកអ្នកចេះពិតប្រាកដ ទើបអាចបង្រៀន និងផ្តល់ចំណេះដឹងដល់សិស្សកាន់តែប្រសើរនៅក្នុងខេត្ត»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ចុះថ្ងៃទី ២៧ ខែមករា បានឱ្យដឹងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានច្បាស់លាស់ និងចរិតបំពុលសង្គមដែលធ្វើឱ្យសាធារណជនជាអាណាព្យាបាលសិស្សមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យផ្តល់ព័ត៌មានពិតមកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តាមរយៈលេខទូរស័ព្ទ ០៧១៩៤៥ ៧៧៧៧ ឬក៏តាមរយៈហ្វេសបុកផេក មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដើម្បីឱ្យ មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត មានមូលដ្ឋានក្នុងការស្វែងរកជនខិលខូចទាំងនោះអនុវត្តការងារតាមនីតិវិធីច្បាប់ជាធរមាន៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច