ព័ត៌មានជាតិ
អ្នកជំនាញ៖ ការពង្រឹងធ្វើអធិការកិច្ចតាមរោងចក្រ គឺដើម្បីធានាបរិយាកាសការងារឱ្យកាន់តែប្រសើរ និងទាក់ទាញវិនិយោគិនបរទេសថ្មីៗមកក្នុងស្រុក
អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើរោងចក្រ សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នេះ គឺជាការពង្រឹងការគោរពច្បាប់ការងារ សិទ្ធិកម្មករ និងបង្កើតឱ្យមានបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសថ្មីៗចូលមកក្នុងស្រុកបន្ថែមទៀត។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា យន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ គឺជាយន្តការមួយដើម្បីលើកកម្ពស់ការអនុវត្តច្បាប់របស់និយោជកក្នុងការយកចិត្តទុកដាក់ផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញទៅដល់កម្មករនិយោជិតនៅកម្ពុជា ដើម្បីកុំឱ្យមានវិវាទកើតឡើងនៅកន្លែងធ្វើការ។ ដើម្បីធានាបានថា ម្ចាស់រោងចក្រ សហគ្រាសទាំងនោះមិនកេងប្រវ័ញ្ច និងផ្តល់អត្ថប្រយោជន៍បានពេញលេញតាមច្បាប់ការងារដែលមានចែងជាធរមាន ជាពិសេសលើប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់បន្ថែមថា កាលណាប្រទេសកម្ពុជាធ្វើបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់បែបនេះ កម្ពុជាខ្លួនឯងនឹងប្រែក្លាយជាប្រទេសដែលមានបរិយាកាសល្អសម្រាប់អ្នកវិនិយោគបរទេសដែលកំពុងរកស៊ី និងកំពុងពិចារណាមកបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា។ បរិយាកាសល្អនេះផងដែរ កម្ពុជានឹងទាក់ទាញអ្នកវិនិយោគមកប្រទេសកម្ពុជាកាន់តែច្រើន និងបង្កើតការងារជាច្រើនកន្លែងដល់ពលរដ្ឋកម្ពុជាផងដែរ។
ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ផងដែរថា លោកគាំទ្រយ៉ាងពេញទំហឹងលើយន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ ពីព្រោះដើម្បីត្រួតពិនិត្យ និងធ្វើឱ្យបណ្តាម្ចាស់រោងចក្រ សហគ្រាស អនុវត្តបានពេញលេញ និងត្រឹមត្រូវនូវប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត។
បណ្ឌិតរូបនេះមើលឃើញថា ការដាក់ចេញនូវយន្តការនេះ ត្បិតតែមិនមែនជារឿងថ្មីក៏ពិតមែន ក៏ប៉ុន្តែបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខកម្មករ តាមរយៈការតាមដានយ៉ាងម៉ឺងម៉ាត់បំផុតនូវកាតព្វកិច្ចរបស់និយោជកលើអត្ថប្រយោជន៍កម្មករ ជៀសវាងមានការកេងប្រវ័ញ្ច និងផ្តល់អត្ថប្រយោជន៍មិនពេញលេញណាមួយ។
គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។
ទន្ទឹមនឹងនេះ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារកើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។
ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូនកម្មករនិយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ជៀសវាងការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង