Connect with us

កីឡា

មុនដល់វេនកម្ពុជា បារ៉ែន ធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី តាមពេលកំណត់

បានផុស

នៅ

ប្រទេសបារ៉ែន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ (Asian Youth Games) ពីថ្ងៃ​ទី​២២-៣១ ខែតុលា ឆ្នាំ២០២៥ ដោយប្រមូលផ្តុំអត្តពលិកវ័យក្មេងជាង ២០០០នាក់ មានអាយុចន្លោះពី ១៤-១៧ឆ្នាំ មកពី ៤៥ប្រទេស។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលពិធីដ៏ធំមួយនៅសណ្ឋាគារ Ritz-Carlton ក្នុងទីក្រុង Manama ជាកន្លែង​និមិត្តសញ្ញាផ្លូវការត្រូវបានបង្ហាញ។

ត្រូវត្រៀមរៀបចំឡើងក្នុងរយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីការដកខ្លួនពីម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ព្រឹត្តិការណ៍នេះនឹងមាន ២១​ប្រភេទកីឡា ស្មើ​នឹង​វិញ្ញាសាចំនួន២០៧។ លោក Faris Mustafa Alkooheji អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកបារ៉ែន បានបញ្ជាក់ពីការចូលរួមរបស់កីឡាករ-កីឡាការិនី ចំនួន ៩៤នាក់ និងកីឡាការិនីចំនួន ៩២នាក់ ព្រមទាំងវិញ្ញាសាចម្រុះផងដែរ។ ទីតាំងប្រកួតនានានឹងរួមបញ្ចូលទីតាំងល្បីៗដូចជា Khalifa Sports City, Bahrain International Circuit និង Royal Golf Club។

Asian Youth Games
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីនោះ ព្រះអង្គម្ចាស់ Shaikh Khalid bin Hamad Al Khalifa អនុប្រធានទីមួយនៃឧត្តមក្រុមប្រឹក្សាសម្រាប់យុវជន និងកីឡា (SCYS) ប្រធានអាជ្ញាធរកីឡា​ (GSA) និងជាប្រធានគណៈកម្មាធិការអូឡាំពិកបារ៉ែន (BOC) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកួតនេះ ជាវេទិកាមួយដើម្បីបង្ហាញពីសម្ភារៈបរិក្ខា​លំដាប់ពិភពលោក និងការប្តេជ្ញាចិត្តរបស់បារ៉ែនចំពោះយុវជន និងកីឡា។

ទ្រង់បានមានរាជបន្ទូលថា ៖«ការប្រកួតកីឡាយុវជនអាស៊ីផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់ការយល់ដឹងអំពីសម្ភារៈបរិក្ខា​ដែលមាននៅក្នុងប្រទេសបារ៉ែន»។ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការជំរុញទំនាក់ទំនងស្ថិរភាពនៅទូទាំងអាស៊ី។

រូបសញ្ញាដែលមានរាងជាភ្លើងដែលទើបនឹងបង្ហាញនេះរួមបញ្ចូលអក្សរអារ៉ាប់សម្រាប់ “បារ៉ែន” ជាមួយនឹងភ្លើងអូឡាំពិក និង​និមិត្តសញ្ញាព្រះអាទិត្យ Asian Games ដែលជានិមិត្តរូបនៃការរួបរួម មហិច្ឆតា និងការរួមបញ្ចូល។ ការរចនានេះឆ្លុះបញ្ចាំងពីស្មារតីនៃភាពជាកីឡា និងរំលេចអត្តសញ្ញាណជាតិរបស់ប្រទេសបារ៉ែនតាមរយៈពណ៌ក្រហមដិតរបស់វា។

Asian Youth Games

ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះក្នុងការត្រៀមខ្លួន បារ៉ែនបានឈានដល់ការប្រជែង។ លោក Alkooheji បានកត់សម្គាល់ថា ៖«បារ៉ែនមិនត្រឹមតែជាអ្នករត់ប្រណាំងប៉ុណ្ណោះទេ ប៉ុន្តែជាអ្នករត់ប្រណាំងដែលមានកម្លាំងខ្លាំង» ដែលបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសជាតិក្នុងការផ្តល់នូវព្រឹត្តិការណ៍។

លោកបណ្ឌិត Husain Al Musallam អគ្គនាយកក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសបារ៉ែន ដោយមានប្រសាសន៍ថា ៖«OCA មានទំនុកចិត្តពេញលេញលើប្រទេសបារ៉ែនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំដូចជា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនេះ»។

ស្របជាមួយនឹងការប្រកួត ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន ឆ្នាំ២០២៦ នៅទីក្រុងដាកា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍កីឡានៅក្នុងប្រទេសបារ៉ែន និងតំបន់អាស៊ីដ៏ធំទូលាយ។

សូមបញ្ជាក់ថា ក្រោយចប់ព្រឹត្តិការណ៍ខាងលើ នៅឆ្នាំ២០២៩ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវិញម្ដង សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ដែលជាលើកដំបូងផងដែរសម្រាប់ព្រះរាជាណាចក្រយើង គ្រា​បច្ចុប្បន្ន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងត្រៀមខ្លួនជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនេះ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣៕

Asian Youth Games

ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម