ព័ត៌មានជាតិ
អូស្រ្តាលីផ្តល់ជំនួយ ២លានដុល្លារអូស្ត្រាលីដល់កម្ពុជា គាំទ្រការបោសសម្អាតមីនដំណាក់កាលទី៤
អូស្រ្តាលី បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២លានដុល្លារអូស្រ្តាលី (ជាង ១លាន ២ សែនដុល្លារ) ដល់កម្ពុជា សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមថវិកាជំនួយចំនួន ២លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និងយូអិនឌីភី។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូលរួមពី លោកទេសរដ្ឋមន្ត្រី លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា រួមជាមួយ លោក ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Alissar Chaker តំណាង យូអិនឌីភី ប្រចាំនៅកម្ពុជា។
លោក លី ធុជ បានមានប្រសាសន៍ថា អូស្ត្រាលី និង យូអិនឌីភី គឺជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ដោយអូស្ត្រាលីបានផ្តល់ជំនួយជាង ១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយក្នុងនោះជាង ៣៥លានដុល្លារអាមេរិក បានផ្តល់ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ លោកបានបន្តទៀតថា ការគាំទ្រដ៏យូរអង្វែងរបស់ យូអិនឌីភី បានពង្រឹងវិស័យសកម្មភាពមីននៅកម្ពុជា បោសសម្អាតបានផ្ទៃដីទំហំ ៣៨៤ គីឡូម៉ែត្រក្រឡា និងប្រែក្លាយតំបន់គ្រោះថ្នាក់ទៅជាសហគមន៍ដែលរីកចម្រើន។
ទន្ទឹមនោះ លោកបានលើកសរសើរកងកម្លាំងបោសសម្អាតមីននៅកម្ពុជា ដែលភាពក្លាហាន និងការលះបង់របស់ពួកគេមានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពដល់ប្រទេសជាតិ។ លោកក៏បានស្វាគមន៍កិច្ចប្តេជ្ញាចិត្តជាថ្មីរបស់អូស្ត្រាលីក្នុងការផ្តល់ជំនួយ ចំនួន ២លានដុល្លារអូស្ត្រាលី ដើម្បីជំរុញបន្ថែមទៀតនូវចក្ខុវិស័យរួម របស់កម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ចំណែក លោក ដេរីក យីប បានមានប្រសាសន៍ថា អូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែង និងមានមោទនភាពរបស់កម្ពុជា ដែលគាំទ្រសកម្មភាពមីនតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។ ចាប់ពីឆ្នាំ ២០០៦មក មូលដ្ឋានគ្រឹះនៃភាពជាដៃគូនេះគឺគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ គម្រោងនេះមិនត្រឹមតែបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរជីវិតមនុស្ស ដោយផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងធ្វើឱ្យផ្ទៃដីអាចប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព ដើម្បីប្រជាជនកម្ពុជាកសាងអនាគតកាន់តែភ្លឺស្វាង។
លោកស្រី Alissar Chaker មានប្រសាសន៍ថា យូអិនឌីភី តែងតែផ្តល់តម្លៃដល់ភាពជាដៃគូយូរអង្វែងជាមួយអូស្ត្រាលី លើគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានគោលដៅសម្អាតដីដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីឱ្យប្រជាកសិករប្រើប្រាស់បានដោយសុវត្ថិភាព ក៏ដូចជាអប់រំដល់ប្រជាជនអំពីហានិភ័យ និងគាំទ្រជនរងគ្រោះឱ្យទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងកសាងជីវិតរបស់ពួកគេ។ លោកស្រីថា យូអិនឌីភី នៅតែប្តេជ្ញាក្នុងរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបិទទំព័រភាពសោកសៅនៃសង្គ្រាម។
សូមជម្រាបថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល-ដំណាក់កាលទី៤ (២០២០-២០២៥) ដែលផ្តល់មូលនិធិដោយប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ យូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែក្នុងការបោសសម្អាតមីន ការអប់រំអំពីហានិភ័យដោយសារមីន និងជំនួយជនរងគ្រោះ។ ចាប់តាំងពីឆ្នាំ ២០០៦មក គម្រោងនេះ បានជួយសម្អាតផ្ទៃដីជាង ៣៨៤ គីឡូម៉ែត្រការ៉េ (ប្រហែលជាង ១២% នៃសមិទ្ធិផលទាំងមូលនៃវិស័យនេះ) ដែលអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាពនិងការអភិវឌ្ឍក្នុងតំបន់ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,២លាននាក់៕
អត្ថបទ៖ ម៉ាលិះ
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច