ព័ត៌មានជាតិ
កម្មវិធីផ្តល់ដី៖ អភិបាលខេត្តស្ទឹងត្រែងឱ្យបញ្ឈប់ការទាក់ទងសុំដីពីលោក ព្រោះលោកគ្មានសិទ្ធិសម្រេចទេ
ក្រោយការប្រកាសរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីផ្ដល់ដីនៅស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អភិបាលខេត្តនេះ បានទម្លាយឱ្យដឹងថា មានបុគ្គលមួយចំនួនបានទាក់ទងសុំកិច្ចអន្តរាគមន៍ពីលោក ដើម្បីបានដីនោះ។ ប៉ុន្តែត្រូវបានលោកអភិបាលខេត្ត បដិសេធ ព្រោះថា លោកគ្មានសិទ្ធិក្នុងការសម្រេចផ្ដល់ដីឱ្យអ្នកណាម្នាក់ឡើយ។

លោក សរ សុពុត្រា សុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នករាប់អានលោកដែលព្យាយាមទាក់ទងមកលោកផ្ទាល់ ដើម្បីស្នើសុំដីនៅចំណុចអូរសែវ ស្រុកសេសាន។ តាមរយៈសំណេរនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក សរ សុពុត្រា លើកឡើងដូច្នេះថា«ខ្ញុំសុំការយោគយល់ និងអធ្យាស្រ័យពីពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងមិត្តភ័ក្ត្រ និងញាតិសន្តានជិតឆ្ងាយ! ពាក់ព័ន្ធនឹងការស្នើសុំដីក្នុងកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅចំណុចអូរសែវ ភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង»។

ភ្ជាប់គ្នានេះ អភិបាលខេត្តស្ទឹងត្រែង ក៏ផ្ដាំឱ្យប្រជាពលរដ្ឋបញ្ឈប់ការទាក់ទងផ្ទាល់មកលោក ដោយលោក អះអាងថា គ្មានដីជូនទេ ហើយក្នុងនាមលោក ជាអភិបាលខេត្ត ក៏មិនមានសិទ្ធិសម្រេចលើកិច្ចការនេះដែរ។ លោកអភិបាលខេត្ត បានលើកទឹកចិត្តអ្នកទាំងនោះអនុវត្តតាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ-ដាក់ពាក្យ ព្រមទាំងនីតិវិធី និងលក្ខណៈវិនិច្ឆ័យដែលត្រូវផ្តល់ជូន។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា៖ «គ្មានអន្តរាគមន៍ គ្មានលើ-ក្រោម គ្មានក្នុង-ក្រៅ អ្នកប្រព្រឹត្តបំពាន នឹងទទួលខុសត្រូវចំពោះមុខច្បាប់»។

គួរជម្រាបថា ថ្មីៗនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់តជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
ជាដំណាក់កាលដំបូងនៃកម្មវិធីផ្ដល់ដីនេះ រាជរដ្ឋាភិបាល បានកំណត់យកចំណុចអូរសែវ ភូមិហាសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារ នឹងទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។
តាមការអះអាងរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី កម្មវិធីផ្ដល់ដីដល់ពលរដ្ឋក្រីក្រពិតប្រាកដ នឹងចាប់ផ្ដើមទទួលពាក្យពីពលរដ្ឋចាប់ពីខែកុម្ភៈ ដើម្បីផ្ដល់ដីជូនពលរដ្ឋក្រីក្រពិតប្រាកដ និងទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន៕
អត្ថបទ៖ ធឿន វ៉ានសុង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?