Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street) ដោយបានគិតគូរទាំងស្តង់ម្ហូបអាហារ ទាំងការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមបញ្ជាក់ឱ្យដឹងពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោកស្រីអមដំណើរ ដោយមន្ត្រីនិងអាជ្ញាធរដែនដី អញ្ជើញចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) នាល្ងាចថ្ងៃទី០១ កុម្ភៈនេះ។

លោកឃួង ស្រេង ខណៈចុះពិនិត្យនេះបានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចេញពីប្រទេសដែលក្រីក្រ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩។ ដូច្នេះហើយ ទើបរាជធានីភ្នំពេញ បានរៀបចំខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជម្រើស ក្នុងដើរលំហែកាយ ហាត់ប្រាណ ទទួលបាននូវផាសុខភាពល្អ ព្រោះពួកគាត់មានជីវភាពធូធាមួយកំរិតហើយ។

ពាក់ព័ន្ធនឹងគម្រោងផ្លូវថ្មើរជើង (walk street) នេះរដ្ឋបាលរាជធានីភ្នំពេញ បានគិតគូររួចហើយ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដ-១៩ គម្រោងនេះត្រូវបានផ្អាក។ តែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគម្រោងនេះ ត្រូវ​បានបង្កើតឡើងវិញនិងបានដាក់ឱ្យដំណើរការសាកល្បងនៅពេលនេះ។

លោកឃួង ស្រេង បានបន្តទៀតថា សុខទុក្ខ​និង​សុខុមាលភាព​របស់ប្រជាពលរដ្ឋគឺជាការគិតគូររបស់អាជ្ញាធរនិងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

លោកឃួង ស្រេង ក្នុងឱកាសនោះ​ក៏​បាន​ថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋ ពិសេស​បងប្អូនដែលមានលំនៅដ្ឋាននៅក្នុងគម្រោងផ្លូវថ្មើជើងនេះតែម្តង ដែលពួកគាត់បានចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អ។ ការចូលរួមសហការយ៉ាងល្អនេះ វានឹងធ្វើឲ្យរាជធានីភ្នំពេញរបស់យើង មានអ្វីៗសព្វបែបយ៉ាងជាបន្តបន្ទាប់ទៀត។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួង ស្រេង ​ក៏​បាន​ធ្វើការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង ចង់មកទស្សនា ក៏ដូចជា ការ​ដើរ​លេង​កំសាន្ត ការហាត់ប្រាណ ដើម្បីសុខភាពនៅទីតាំងខាងលើនេះ សូមបងប្អូនកុំប្រើប្រាស់យានជំនិះខ្លួនឯង បងប្អូនអាចប្រើប្រាស់ ជាម៉ូតូកង់បីឬក៏រថយន្តដឹកជញ្ជូនសាធារណៈ។

ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​ស្តង់លក់ម្ហូបអាហារ ដើម្បី​បម្រើ​ដល់​ភ្ញៀវជាតិ​និង​អន្តរជាតិ​ ដែល​មក​ដើរលេងកំសាន្តនៅទីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំផងដែរ។ ទាំង​ទី​តាំង ស្តង់ម្ហូបអាហារ ទាំងការ​ប្រគំ​តន្ត្រី​សម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុក​ឱ្យ​កូនចៅយើងមកដល់ពេលនេះ។

លោកឃួង ស្រេង បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​កំពុង​ត្រៀម​លក្ខណៈ​ដាំ​ដើម​ឈើ​ចំនួន ៧៥ហិកតា ដើម្បីជាជម្រើស​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​អាច​ទៅ​ដើរលេងកំសាន្ត​នៅក្នុងទីតាំងដែល​មាន​ដើម​ឈើ​នោះ ក៏​ដូចការជ្រើសរើសទីតាំងមកដើរលេងនៅតាមផ្លូវខាងលើនេះផងដែរ ព្រោះប្រជាពលរដ្ឋ​យើង​សព្វថ្ងៃ​រស់​នៅ​ក្នុងភាពស៊ីវិល័យហើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street) នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨និង០០នាទី រហូតដល់ម៉ោង ២៣និង០០នាទីយប់ នៅ​តាម​បណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បី​ឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស​បាន​នូវ​ការ​កកស្ទះចរាចរ រដ្ឋបាល​រាជធានីភ្នំពេញស្នើសុំបិទផ្លូវ និង​ពង្វាង​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​តាម​ពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម