Connect with us

ព័ត៌មានជាតិ

IFC៖ ការគ្រប់គ្រងទីផ្សារឧបករណ៍និស្សន្ទឱ្យមានប្រសិទ្ធ​ភាពនឹងជួយជំរុញកំណើនសេដ្ឋកិច្ច​

បានផុស

នៅ

លោក Tom Ceusters, ប្រធាន​ទីផ្សារមូលធន និងការវិនិយោគ​ សាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) បានលើកឡើងថា ការបង្កើតទីផ្សារឧបករណ៍និស្សន្ទមួយប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការជំរុញកំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែមករា លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC)  ក្នុងការគាំទ្រលើការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាជាមួយគ្នានេះ លោក Tom Ceusters បានលើកឡើងថា ការសហការជាមួយ SERC ​គឺជាការរួមចំណែករបស់ស្ថាប័នលោកក្នុងការកសាងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យដំណើការដោយរលូន និងមានប្រសិទ្ធភាពសំដៅធ្វើយ៉ាងឱ្យទីផ្សារមួយនេះជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបានថ្លែងថា៖« ភាពជាដៃគូសហការនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន អាជីវកម្ម និងសេដ្ឋកិច្ចជារួម។ ការបង្កើតទីផ្សារឧបករណ៍និស្សន្ទមួយប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រងហា-និភ័យ និងការជំរុញកំណើនសេដ្ឋកិច្ច»។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃSERC ក៏បានថ្លែងក្នុងកម្មវិធីនោះថា ​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​​កម្ពុជា​​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​។ ទោះជាយ៉ាងនេះក្ដី ទីផ្សារនេះមានសក្ដានុពលយ៉ាងធំធេង ដែលរួមចំណែកដល់ការអភិវឌ្ឍហិរញ្ញវត្ថុជាតិ តាមរយៈការផ្តល់នូវឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដែលគាំទ្រដល់ការគ្រប់គ្រងហានិភ័យ និងការធ្វើពិពិធកម្មនៃការវិនិយោគ។

លោកថា៖«ហេតុដូច្នេះ ដំណើរឆ្ពោះទៅមុខនឹងទាមទារនូវកិច្ចខិតខំប្រឹងប្រែង កិច្ចសហការ និងការប្តេជ្ញាចិត្តរួមមួយដើម្បីឆ្ពោះទៅរកឧត្តមភាព។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃនេះ មិនត្រឹមតែជាឯកសារភស្តុតាងនោះទេ ​ប៉ុន្តែជា​សក្ខីភាព​មួយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​រួម​របស់​យើង​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​រីក​ចម្រើន​ដ៏​មាន​អត្ថន័យ និង​ស្ថិត​ស្ថេរ»។

កម្ពុជាបានដាក់​ឲ្យដំណើរការទីផ្សារឧបករណ៍និស្សន្ទ​​ដំបូង​នៅ​ឆ្នាំ ២០១៧ ទំហំនៃ​ការ​ជូញដូរ​ឧបករណ៍និស្សន្ទ​មាន​ត្រឹម ៤ លាន​ដុល្លារ​ ហើយ​ទំហំនៃ​ការឧបករណ៍និស្សន្ទ​ជួញដូរ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ។

​ ​គិត​ត្រឹម​ឆ្នាំ ២០២៣ ការជួញដូរឧបករណ៍និស្សន្ទបាន​កើនឡើងដល់ ៣០០ លានដុល្លារ ខណៈ​ត្រីមាសទី ១ ឆ្នាំ ២០២៤កន្លងមក ទំហំនៃ​ការ​ជួញដូរមានទំហំ​ដល់ ៥០ លានដុល្លារ។ នេះបើយោងតាម SERC។

ការជួញដូរ​ឧបករណ៍និស្សន្ទបែងចែកជា ៦ ប្រភេទមាន​សរុបជាង ២៤៩ ផលិតផល។ ផលិតផល​ឧបករណ៍​និស្សន្ទ​ទាំង ៦ ប្រភេទ រួម​មាន Forex (ការជួញដូររូបិយប័ណ្ណ) កិច្ចសន្យា​លក់​ពង្រីកថ្លៃលោហធាតុ​មានតម្លៃ កិច្ចសន្យាលក់ពង្រីកថ្លៃប្រេងឆៅ កិច្ចសន្យាលក់ពង្រីកថ្លៃ commodity កិច្ចសន្យា​លក់ពង្រីកថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលក់ពង្រីកថ្លៃមូលបត្រកម្មសិទ្ធិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម